ឯកអគ្គរដ្ឋទូតអាមេរិក សន្យាជួយឧបត្ថម្ភគាំទ្រការអភិវឌ្ឍវិស័យកសិកម្មកម្ពុជា


ក្នុងពិធីអបអរសាទរ ខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងសហរដ្ឋអាមេរិក នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម (RUA) នាថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០នេះ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅប្រទេសកម្ពុជា បានសន្យាថានឹងជួយឧបត្ថម្ភគាំទ្រការអភិវឌ្ឍវិស័យកសិកម្មកម្ពុជា ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ក្នុងអាណត្ដិរបស់លោក។

បន្ថែមពីនោះទៀត លោក W. Patrick Murphy បានគូសបញ្ជាក់ថា តាមរយៈចំណងការទូតរវាងកម្ពុជា និងសហរដ្ឋអាមេរិកនេះ បានចូលរួមចំណែកយ៉ាងមានប្រសិទ្ធភាព ក្នុងការកសាង និងអភិវឌ្ឍធនធានមនុស្ស ក្នុងការរុញច្រានពន្លឿនវិស័យកសិករ ឲ្យមានការរីកចម្រើនជាបន្តបន្ទាប់។

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្តែងនូវអំណរសាទរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផល ដែលផលិតចេញពីកិច្ចសហប្រតិបត្តិការ រវាងសហរដ្ឋអាមេរិក (USAID, Kansas State University and USDA) ជាមួយកម្ពុជា (RUA)។

ឯកឧត្តមរដ្ឋមន្ដ្រី វេង សាខុន បានបន្ដថា តាមរយៈសមិទ្ធផលដ៏ធំធេងនេះ បានបង្ហាញឲ្យឃើញយ៉ាងច្បាស់ ពីចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំ យូអង្វែងរវាងប្រទេសទាំងពីរ ដែលមានអាយុ៧០ឆ្នាំ មកហើយ។

ភ្ជាប់ទៅនឹងសមិទ្ធផលនេះ តាមរយៈលោកឯកអគ្គរដ្ឋទូត លោករដ្ឋមន្ត្រី វេង សាខុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះប្រជាជន និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានជួយឧបត្ថម្ភគាំទ្រ ដល់ការអភិវឌ្ឍប្រទេសកម្ពុជា ឲ្យមានការរីកចម្រើន។

ឯកឧត្តមរដ្ឋមន្រ្តីកសិកម្ម ក៏បានបញ្ជាក់ផងដែរថា លទ្ធផលបានពីការអនុវត្តគម្រោង ដែលទទួលបានការគាំទ្រទាំងបច្ចេកទេស និងហិរញ្ញវត្ថុ ពីរដ្ឋាភិបាលសហរដ្ឋអាមេរិក បានធ្វើឲ្យវិស័យកសិកម្ម មានការរីកចម្រើនជាបន្តបន្ទាប់គួរឲ្យកត់សម្គាល់។

តាមរយៈលោកឯកអគ្គរដ្ឋទូត, លោករដ្ឋមន្រ្តី វេង សាខុន សង្ឃឹម និងជឿជាក់ថា រដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងបន្តជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍន៍ប្រទេស ឲ្យកាន់តែមានការរីកចម្រើន ប្រកបដោយនិរន្តរភាព និងជាពិសេសវិស័យឯកជន របស់សហរដ្ឋអាមេរិក នឹងមកវិនិយោគលើវិស័យកសិកម្ម កាន់តែច្រើនឡើងថែមទៀត នាពេលអនាគត៕