ពិធីសំណេះសំណាលក្នុងឱកាសបិទការប្រកួតកីឡាបាល់ទាត់ពាន់រង្វាន់បុគ្គលិកសិក្សា និងប្រកាសបើកការប្រកួតកីឡាមហាជន ពានរង្វាន់ឯកឧត្តមអភិបាលខេត្ត ឆ្នាំ២០២០ ដើម្បីអបអរសាទរជ័យជម្នះ ៧មករា


នារសៀលថ្ងៃអង្គារ ១៣កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦ ត្រូវនឹងថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញជួបសំណេះសំណាលជាមួយកីឡាករ កីឡាការិនីក្នុងឱកាសបិទការប្រកួតកីឡាបាល់ទាត់ពាន់រង្វាង់បុគ្គលិកសិក្សា និងប្រកាសបើកការប្រកួតកីឡាមហាជន ពានរង្វាន់ឯកឧត្តមអភិបាលខេត្ត ឆ្នាំ២០២០ ដើម្បីអបអរសាទរជ័យជម្នះ ៧មករា (៧ មករា ១៩៧៩ – ៧ មករា ២០២០)។

ក្នុងពិធីនេះ មានការអញ្ជើញចូលរួមពី លោក អភិបាល អភិបាលរងក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធទាំងបីគ្រប់ប្រភេទ លោក លោកស្រីមន្ទីរអង្គភាពជុំវិញខេត្ត និងកីឡាករ កីឡាការិនី សរុបចំនួន១៨០នាក់។

នៅក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានជម្រុញឲ្យមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ខិតខំបន្តប្រឹងប្រែងវិស័យកីឡាក្នុងខេត្តឲ្យកាន់តែខ្លាំងក្លា និងរីកសុះសាយគ្រប់ទីកន្លែងទូទាំងខេត្ត ដើម្បីសម្រាំងកីឡាករ កីឡាការិនី តំណាងខេត្តដែលមានសមត្ថភាពខ្ពស់ចូលរួមជាមួយជម្រើសជាតិកម្ពុជាក្នុងការប្រកួតកីឡាស៊ីហ្គេម (SEA GAMES) ឆ្នាំ២០២៣ ដែលប្រទេសកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ។ ឯកឧត្តមអភិបាលខេត្ត បានផ្តាំផ្ញើដល់កីឡាករ កីឡាការិនីទាំងអស់ឲ្យខិតខំប្រឹងប្រែងហ្វឹកហាត់ ថែរក្សាសុខភាព និងត្រៀមខ្លួនឲ្យបានល្អក្នុងការចូលរួមប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ខាងមុខនេះ។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនកីឡាករ កីឡាការិនី ដែលទទួលបានជ័យលាភី នូវថវិកា ១.៥០០.០០០រៀល៕