មានថ្ងៃ៧ មករា ទើបមានសុខសន្តិភាព និងមានការអភិវឌ្ឍន៍ដូចសព្វថ្ងៃ ! ជយោថ្ងៃ៧មករា ជាអមតៈ


សួនច្បារសម្តេចតេជោវិមានឯករាជ្យខេត្តកែប នាព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២០
រដ្ឋបាលខេត្តកែប បានរៀបចំពីធីអបអរសាទរខួបលើកទី៤១ នៃទិវាជ័យជម្នះ៧មករា ក្រោមអធិបតីភាព ឯកឧត្តម កែន សត្ថា អភិបាល នៃគណអភិបាលខេត្តកែប ឯកឧត្តម ស៊ឹម ស៊ីថា ប្រតិភូរាជរដ្ឋាភិបាល តំណាងឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមតំណាងរាស្រ្តមណ្ឌលខេត្តកែប និងមន្រ្តីរាជការ កងកម្លាំងសិស្សានុសិស្ស យុវជនគ្រប់ប្រភេទ និងបងប្អូនប្រជាពលរដ្ឋសរុបប្រមាណចំនួន ៣,០០០នាក់ ។

ឯកឧត្តម កែន សត្ថា បានឲ្យដឹងថាការប្រារព្ធមិទ្ទិញអបអរសាទរថ្ងៃជ័យជម្នះ ៧ មករា ថ្ងៃនេះ គឺបង្ហាញអោយឃើញនូវ ស្មារតីចងចាំជានិច្ច ចំពោះគុណូបការៈដ៏ឧត្តុង្គឧត្តមរបស់វីរកម្មាភិបាល យុទ្ធជនយុទ្ធនារី នៃរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជាដែល បានធ្វើការលះបង់យ៉ាងធំធេង ក្នុងការប្រយុទ្ធផ្តួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត និងបាននាំមកនូវការបង្រួបបង្រួមជាតិ និងការជួបជុំគ្រួសារខ្មែរឡើងវិញ ជាពិសេសការពារការរស់ឡើងវិញ នៃរបបដ៏អាក្រក់នេះ។

ក្នុងការរម្លឹកខួប នៃការបញ្ចប់របប ខ្មែរក្រហម នៅថ្ងៃអង្គារនេះ គឺជាថ្ងៃ ៧ មករា ទិវាជ័យជម្នះលើការផ្តួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ។ ៧មករា គឺជាទិវាជាតិជាប្រវត្តិសាស្រ្ត ដែលប្រជាពលរដ្ឋទូទៅស្រលាញ់សន្តិភាពចាត់ទុកជាកំណើតទី២ របស់ខ្លួនរួចមកហើយ ។

ក្នុងអំឡុងនៃការដឹកនាំប្រទេសកន្លងមក រដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការស្តារសន្តិភាព ស្ថិរភាពសង្គមកម្ពុជាទើបប្រទេសជាតិ មានសុខសន្តិភាព និងមានការអភិវឌ្ឍន៍ដូចសព្វថ្ងៃនេះ ។