ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ ថុល បានថ្លែងបញ្ជាក់ពីសារៈសំខាន់នៃការអភិវឌ្ឍធនធានមនុស្ស ដើម្បីលើកកម្ពស់វិស័យសាធារណការនិងដឹកជញ្ជូន និងភស្ដុភារកម្មឱ្យឈានឡើងមួយកម្រិតទៀត


ថ្ងៃព្រហស្បតិ៍ ១៥កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញអមដំណើរឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារសាធារណការ និងដឹកជញ្ជូន ឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ ដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារសុខាភ្នំពេញ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងសាធារណការ និងដឹកជញ្ជូន និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ សហគ្រាសសាធារណៈផងដែរ។

ថ្លែងក្នុងរបាយការណ៍បូកសរុបនាពេលនោះ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីសមិទ្ធផលការងារឆ្នាំ ២០១៩ លើវិស័យសាធារណការ និងដឹកជញ្ជូន ដែលរួម៖ ផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុត្រូវបានកសាងបានប្រមាណ១០% និងគ្រោងបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២២ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ត្រូវបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន China Railway International Group Co.,Ltd ដើម្បីសិក្សា ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៣ ផ្លូវក្រវ៉ាត់ក្រុងទី២និងទី៣ ត្រូវបានពង្រីកទៅជា៤គន្លង ព្រមទាំងហេដ្ឋារេចនាសម្ព័ន្ធដឹកជញ្ជូនជាច្រើនទៀតទាំងស្ពាន កំពង់ផែ ផ្លូវទឹក និងផ្លូវដែក ត្រូវបានសាងសង់ពង្រីកបន្ថែម ជួសជុល ថែទាំ លើកកម្ពស់គុណភាព និងធ្វើសមាហរណកម្មក្នុងប្រទេស និងក្នុងតំបន់ផងដែរ ដើម្បីលើកម្ពស់សេដ្ឋកិច្ចជាតិឱ្យកាន់តែរឹងមាំថែមទៀត។

ជាមួយគ្នានោះផងដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រីក៏បានបង្ហាញពីសមិទ្ធផលនានាទាក់ទងនឹងវិស័យដឹកជញ្ជូន រួមមាន៖ ការចុះបញ្ជីរថយន្តគ្រួសារ និងរថយន្តធុនស្រាលមានការកើនឡើងប្រមាណ៥១% បើធៀបនឹងឆ្នាំ២០១៨ ការត្រួតពិនិត្យ និងចាត់វិធានការផ្លូវច្បាប់លើរថយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស និងយានដ្ឋានជួសជុល កែច្នៃ និងដំឡើងគ្មានច្បាប់អនុញ្ញាត ការចូលរួមនិងធ្វើយុទ្ធនាការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍តាមរយៈការចែកមួកសុវត្ថិភាព ការបិទចំណាំងផ្លាត ផ្លាកសញ្ញាចរាចរណ៍ និងគំនូសសញ្ញាចរាចរណ៍នានាជាដើម។

ឯកឧត្ដមទេសរដ្ឋមន្ត្រីបានបន្តថា ទន្ទឹមនឹងការអភិវឌ្ឍវិស័យសាធារណការ និងដឹកជញ្ចូន វិស័យធនធានមនុស្សត្រូវបានយកចិត្តទុកដាក់ខ្ពស់ដោយបានជួលគ្រូមកពីបរទេសដើម្បីបណ្ដុះបណ្ដាល និងបញ្ចូនមន្ត្រីទៅសិក្សានៅក្រៅប្រទេស និងការរៀបចំបង្កើតវិទ្យាស្ថានបច្ចេកទេសសាធារណការ និងដឹកជញ្ជូនផងដែរ ដើម្បីលើកកម្ពស់ធនធានមនុស្សក្នុងស្រុក។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានជម្រាបជូនឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អំពីទិសដៅការងារឆ្នាំ២០២០នេះ ដោយឯកឧត្ដមទេសរដ្ឋមន្ត្រីបានកំណត់យកឆ្នាំ២០២០ គឺជាឆ្នាំពង្រីកការអភិវឌ្ឍធនធានមនុស្ស វិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងការអភិវឌ្ឍវិស័យសាធារណការនិងដឹកជញ្ជូន និងភស្ដុភារកម្ម ដែលគ្រប់ផ្នែកទាំងអស់ក្នុងវិស័យសាធារណការ និងដឹកជញ្ជូនត្រូវតែបន្ត ពន្លឿន ពង្រីកដោយឈរលើគុណភាពជាចម្បងឱ្យស្របតាមទិសដៅអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល។

ជាមួយគ្នានេះផងដែរ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលសម្រេច បានក្នុងឆ្នាំ២០១៩នេះ លើវិស័យសាធារណការ និងដឹកជញ្ជូន និងលើកទឹកចិត្តដល់ក្រសួងសាធារណការ និងដឹកជញ្ជូនឱ្យបន្តលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពការងារបន្ថែមទៀតក្នុងវិស័យនេះ ព្រោះថាក្រសួងសាធារណការ និងដឹកជញ្ជូនគឺជាសេនាធិការរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យនេះជូនជាតិមាតុភូមិ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានថ្លែងការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះការខិតខំប្រឹងប្រែងរបស់ឯកឧត្ដមទេសរដ្ឋមន្ត្រី និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ដៃគូអភិវឌ្ឍន៍ អង្គការជាតិ អន្តរជាតិ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានសហ ការ និងផ្តល់ការឧបត្ថម្ភគាំទ្រ ទាំងស្មារតី សម្ភារៈ ថវិកា និងបច្ចេកទេស លើការរៀបចំផែនការ និងការអនុវត្តសកម្មភាពការងារក្នុងវិស័យសាធារណការ និងជញ្ជូន៕