រាជរដ្ឋាភិបាល​ផ្ដល់​ប្រាក់​រង្វាន់​ជិត ១០ម៉ឺន​ដុល្លារ ដល់​ម្ចាស់​ជយលាភី​កីឡា​គុនដាវ និង​ការ៉ាតេ


រាជរដ្ឋាភិបាលកម្ពុជា បានចំណាយថវិកាចំនួន ៣៨៣,៩០០,០០០រៀល(ជិត ១០ម៉ឺនដុល្លារ) លើកទឹកចិត្តដល់កីឡាករ-កីឡាការិនី ២ប្រភេទកីឡា ដែលដណ្ដើមបានមេដាយពីព្រឹត្តិការណ៍អន្ដរជាតិធំៗចំនួន ៤ កាលពីឆ្នាំ២០១៩ កន្លងទៅ រួមមានកីឡាគុនដាវ និងកីឡាការ៉ាតេ ។

ពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជានេះ បានធ្វើឡើងក្រោមវត្តមាន ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងឯកឧត្តមរដ្ឋមន្ដ្រី ហង់ ជួន ណារ៉ុន នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ ហើយក៏មានការចូលរួមពីតំណាងសហព័ន្ធកីឡាជាតិមួយចំនួនផងដែរ ។

សម្រាប់កីឡាគុនដាវ គឺបានចូលរួមប្រកួតជ្រើសរើសជើងឯកសាកលវិទ្យាល័យកីឡាគុនដាវអាស៊ី ឆ្នាំ២០១៩ នៅសិង្ហបុរី ដណ្ដើមបានមេដាយប្រាក់ ១ និងសំរឹទ្ធ ៤ ទទួលបានប្រាក់រង្វាន់សរុប ២០៨,០០០,០០០រៀល និងចូលរួមប្រកួតជ្រើសរើសជើងឯកកីឡាគុនដាវសាកលវិទ្យាល័យអាស៊ីអាគ្នេយ៍ ឆ្នាំ២០១៩ នៅម៉ាឡេស៊ី ដណ្តើមបានមេដាយប្រាក់ ៣ និងសំរឹទ្ធ ២ ទទួលបានប្រាក់រង្វាន់សរុប ៩៣,០០០,០០០រៀល ។

ចំណែកកីឡាការ៉ាតេ ចូលរួមប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកទ្វីបអាស៊ី លើកទី១៨ នៅម៉ាឡេស៊ី ដណ្ដើមបានមេដាយសំរឹទ្ធ ១ ទទួលបានប្រាក់រង្វាន់សរុប ២២,០០០,០០០រៀល និងការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី៨ នៅប្រទេសថៃ ដណ្តើមបានមេដាយសំរឹទ្ធ ៥ ទទួលបានប្រាក់រង្វាន់សរុប ៦០,៩០០,០០០រៀល ។ សរុបប្រាក់រង្វាន់ខាងលើ គឺមានចំនួន ៣៨៣,៩០០,០០០រៀល ៕