ពលរដ្ឋស្រុកមង្គលបុរីមានទឹកប្រើវិញហើយ, ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អរគុណរដ្ឋមន្ត្រីធនធានទឹក និងអាជ្ញាធរពាក់ព័ន្ធ


(បន្ទាយមានជ័យ)៖ ប្រជាពលរដ្ឋប្រមាណ៨ពាន់គ្រួសារក្នុងស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ មានទឹកប្រើប្រាស់ឡើងវិញហើយ បន្ទាប់ពីមន្ត្រី និងអាជ្ញាធរពាក់ព័ន្ធរួមគ្នាបូមទឹកចេញពីស្ទឹងសិរីសោភ័ណ បញ្ចូលទៅក្នុងស្ទឹងមង្គលបុរី។

ប្រជាពលរដ្ឋក្នុងស្រុកមង្គលបុរីប្រមាណជា ៨ពាន់គ្រួសារ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ បានប្រឈមនឹងការខ្វះទឹកប្រើប្រាស់ បន្ទាប់ពីស្ទឹងមង្គលបុរី បានរីងស្ងួត។ ភ្លាមៗបន្ទាប់ពីឃើញការគំរាមកំហែងនេះ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក ក៏បានចាត់ចែង និងបញ្ជូនម៉ាស៊ីនបូមទឹក ដើម្បីបូមទឹកចេញពីស្ទឹងសិរីសោភ័ណចូលទៅក្នុងស្ទឹងមង្គលបុរី។

មកដល់រសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២០នេះ ទឹកបានចាប់ផ្តើមបូមចេញពីស្ទឹងសិរីសោភ័ណចូលទៅក្នុងស្ទឹងមង្គលបុរីហើយ ហើយប្រជាពលរដ្ឋក៏អាចទាញទឹកប្រើប្រាស់វិញបានផងដែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលត្រូវបានឱ្យរហ័សនាមថា ទេសរដ្ឋមន្ត្រីជើងមិនជាប់ដី ព្រោះតែហោះពីកន្លែងមួយទៅកន្លែងមួយដោះស្រាយបញ្ហាគ្រោះមហន្តរាយនោះ នៅរសៀលថ្ងៃនេះ ក៏បានចុះទៅដល់កន្លែងប្រជាពលរដ្ឋជួបគ្រោះរីងស្ងួតនេះផងដែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន ថា មកដល់ពេលនេះប្រជាពលរដ្ឋបានមានទឹកប្រើប្រាស់វិញហើយ ដោយបូមទឹកចេញពីស្ទឹងសិរីសោភ័ណ និងស្ទឹងដទៃទៀត បញ្ចូលក្នុងស្ទឹងមង្គលបុរីនេះ។ ឯកឧត្តមទេសរដ្ឋមន្ត្រី បន្តថា បច្ចុប្បន្នក្រុមការងារកំពុងតាមដានបន្តទៀត ហើយបើប្រជាពលរដ្ឋនៅតែប្រឈមទៀត គឺនឹងរកវិធីបូមទឹកចេញពីបឹងកំពីងកំពួយក្នុងខេត្តបាត់ដំបងតែម្តង។

បើទោះបីជាយ៉ាងណាឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានអំពាវនាវទៅដល់ប្រជាពលរដ្ឋក្នុងស្រុកមង្គលបុរីនេះ ឱ្យទាញយកទៅប្រើប្រាស់ដោយសន្សំសំចៃ។ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏សុំការយោគយល់អធ្យាស្រ័យបងប្អូនប្រជាពលរដ្ឋក្នុងស្រុកមង្គលបុរី កុំបន្តធ្វើស្រែប្រាំងបន្តទៀត ព្រោះអាចនាំឱ្យមានការខ្វះទឹកប្រើប្រាស់ក្នុងរដូវប្រាំងនេះ។

ជាមួយគ្នានេះឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែងអំណរគុណឯកឧត្តមរដ្ឋមន្ត្រី លឹម គានហោ ដែលបានចាត់ចែងមន្ត្រីបូមទឹកជូនប្រជាពលរដ្ឋបានទាន់ពេលវេលា។ ឯកឧត្តម គន់ គីម ក៏បានអរគុណអភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អុំ រាត្រី, មន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ដែលបានខ្នះខ្នែងរួមគ្នាដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋ៕