ក្រសួងព័ត៌មានត្រៀមខ្លួនរួចជាស្រេចក្នុងការរៀបចំព្រឹត្តិការណ៍ជួបជុំរវាងអ្នកសារព័ត៌មាននិង សម្ដេចតេជោនាយករដ្ឋមន្ត្រីជាលើកទី៤


ក្រសួងព័ត៌មានត្រៀមខ្លួនរួចជាស្រេចក្នុងការរៀបចំព្រឹត្តិការណ៍ជួបជុំរវាងអ្នកសារព័ត៌មាននិង សម្ដេចតេជោនាយករដ្ឋមន្ត្រីជាលើកទី៤ ដើម្បីធ្វើឲ្យពិធីនេះបានដំណើរការដោយរលូន ពិសេសការទទួលបានអនុសាសន៍សំខាន់ៗពីប្រមុខរាជរដ្ឋាភិបាលដែលជាគន្លឹះនៃការអភិវឌ្ឍ វិស័យសារព័ត៌មាននៅកម្ពុជាឲ្យកាន់តែរីកចំរើនបន្ថែមទៀត។
នៅក្នុងកិច្ចប្រជុំអំពីវឌ្ឍនភាពការងាររៀបចំពិធីជួបជុំរវាងសម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងអ្នកសារព័ត៌មានលើកទី៤ នៅក្រសួងព័ត៌មាន នៅថ្ងៃទី១០ ខែមករាឆ្នាំ២០២០នេះ ឯកឧត្តមខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ក្រសួងនឹងខិតខំរៀចំពិធីជួបជុំរវាងសម្ដេចតេជោជាមួយអ្នកសារព័ត៌មាននេះអោយកាន់តែល្អ ជាងឆ្នាំមុនៗទៀត ពិសេសឲ្យមានការចូលរួមពីក្រុមអ្នកនាំពាក្យតាមក្រសួងស្ថាប័ន រាជធានីខេត្ត និងអ្នកសារព័ត៌មានពីទូទំាងប្រទេស ដើម្បីពិភាក្សាជំរុញឲ្យវិស័យព័ត៌មាននៅកម្ពុជាកាន់តែល្អ។
ឯកឧត្តម ក៏បានជំរុញដល់ថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់ផ្នែកនៃក្រសយងព័ត៌មានត្រូវធ្វើយ៉ាង ណាបន្តកិច្ចសហការបានកាន់តែជិតស្និត ជាមួយខុទ្ទកាល័យ សម្តេចនាយករដ្ឋមន្រ្តី និងផ្នែក សន្តិសុខ និងមន្រ្តីជំនាញ គ្រប់ផ្នែកទាំងអស់ សំដៅសម្រួលអោយគ្រប់ការងារ ដំណើរការទៅ បានរលូន ។ ជាមួយគ្នានេះ ទូរទស្សន៏ជាតិ និងវិទ្យុជាតិកម្ពុជា ដែលមានភារកិច្ចការផ្សាយបន្តផ្ទាល់ និង បំពងសំលេង ក្នុងកម្មវិធី ត្រូវត្រៀមលក្ខណៈ សំភារៈបច្ចេកទេសអោយបានគ្រប់គ្រាន់ ដើម្បីធ្វើយ៉ាងណា អោយការបំពងសំលេង ក្នុងអង្គពិធីនោះ បានល្អ ហើយការផ្សាយបន្តផ្ទាល់ តាម រយៈទូរទស្សន៏ជាតិកម្ពុជា ទាំង រូបភាព និងសំលេង ក៏ត្រូវច្បាស់ល្អ ផងដែរ។
ឯកឧត្តម ផុស សុវណ្ណ អគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍បានឱ្យដឹងថា ការត្រៀមរៀបពិធីជួបជុំរវាងសម្ដេចតេជោនាយករដ្ឋមន្ត្រី និងអ្នកសារព័ត៌មានលើកទី៤បានរៀបចំគ្រប់ផ្នែកអស់ហើយដោយគ្រោងចំនួនអ្នកចូលរួមជាង៥០០០នាក់ ដែលប្រព្រឹត្តិទៅចាប់ពីម៉ោង៣ល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០។
ឯកឧត្តម សំណូមពរអ្នកសារព័ត៌មានដែលចូលរួមក្នុងពិធីជួបជុំអ្នកសារព័ត៌មានឆ្នាំ២០២០ខាងមុខនេះ សូមប្រកាន់នូវក្រមសីលធម៌វិជ្ជាជីវៈឱ្យបានល្អ រក្សាវិន័យថ្លៃថ្នូរឲ្យបានល្អ និងសណ្តាប់ធ្នាប់របៀបរៀបរយថ្លៃថ្នូរទាំងអស់គ្នា ដើម្បីឱ្យវិថីនេះរលូនទៅសមរម្យទាំងអស់គ្នា។
សូមបញ្ជាក់ថា ជំនួបជាប្រវត្តិសាស្ត្រលើកដំបូងរវាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានិង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាមួយអ្នកសារព័ត៌មានក្នុងស្រុក ជាលើកទី១ បានធ្វើឡើងកាលពីថ្ងៃទី១៤ខែមករាឆ្នាំ២០១៧ ជំនួបលើកទី២បានធ្វើឡើងកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ ខណៈលើកទី៣បានធ្វើឡើងនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ ដែលមានអ្នកចូលរួម ជិត៥ពាន់នាក់៕