ពលរដ្ឋខ្មែរទីក្រុងអាឌឺឡែត ប្រទេសអូស្ត្រាលី ជួបជុំអបអរសាទរខួបទី៤១ ថ្ងៃជ័យជម្នះ៧មករា(៧ មករា ១៩៧៩-៧ មករា ២០២០)


 

ពីទីក្រុងអាដឺឡែត ប្រទេសអូស្ត្រាលី៖ នៅល្ងាចថ្ងៃទី១០ មករា ឆ្នាំ២០២០នេះ នាទីក្រុងអាឌឺឡែត ប្រទេសអូស្ត្រាលី បងប្អូនប្រជាពលរដ្ឋខ្មែរ-អូស្ត្រាលី ដែលកំពុងរស់នៅទីក្រុងអាឌឺឡែតនោះ បានជួបជុំគ្នាច្រើនកុះករ ដើម្បីប្រារព្ធពិធីអបអរសាទរបុណ្យជាតិខួបលើកទី៤១ នៃទិវាជ័យជម្នះ៧មករា (១៩៧៩-២០២០)យ៉ាងសប្បាយរីករាយក្រៃលែង និងស្ថិតស្នាលជាទីបំផុតក្នុងនាមមហាគ្រួសារខ្មែរតែមួយ។

កម្មវិធីនេះបានសហការរៀបចំឡើងដោយឯកឧត្តម អ៊ិន មាត្រា អនុប្រធានក្រុមការងាររៀបចំយុវជនប្រចាំប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ និងជាប្រធានក្រុមការងារយុវជនប្រចាំតំបន់៦ និងបងប្អូនប្រជាពលរដ្ឋខ្មែររស់នៅទីក្រុងអាឌឺឡែតតំណាងដោយលោក ចាន់ ពេជ្ររ៉ា លោក សឿន ប៊ុនធី លោក ឆាន់ វឌ្ឍនៈ ព្រមទាំងក្រុមការងារយុវជនទាំងអស់ ដោយស្ថិតក្រោមអធិបតីភាព ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារយុវជនប្រចាំប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ផងដែរ។