អំណោយឯកឧត្តម ហ៊ុន ម៉ាណែត ត្រូវនាំយកទៅចែកជូនប្រជាពលរដ្ឋទីទ័លក្រ ជនពិការ និងសិស្សានុសិស្សនៅស្រុកជើងព្រៃ ខេត្តកំពង់ចាមចំនួន ៥២គ្រួសារថែមទៀត


នៅថ្ងៃអាទិត្យ ទី១២ ខែមករា ឆ្នាំ២០២០នេះ ក្រុមយុវជន បាននាំអំណោយរបស់ ឯកឧត្តម ហ៊ុន ម៉ាណែត ប្រគល់ជូនប្រជាពលរដ្ឋទីទ័លក្រ ជនពិការ និងសិស្សានុសិស្សមកពី ៥ឃុំ ក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម ជាការចូលរួមចំណែកកាត់បន្ថយទុក្ខលំបាករបស់ប្រជាពលរដ្ឋនៅតាមតំបន់ជនបទ។

សូមរម្លឹកថា កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩កន្លងទៅ ក្រុមយុវជន ក៏បាននាំយកអំណោយទាំងនេះ យកទៅប្រគល់ជូនប្រជាពលរដ្ឋនៅស្រុកជើងព្រៃចំនួន ៤ឃុំរួចមកហើយ ហើយនៅថ្ងៃអាទិត្យនេះ បានបន្តនាំអំណោយទៅប្រគល់ជូន ៥ឃុំបន្ថែមទៀត។

ប្រជាពលរដ្ឋទាំង ៥២គ្រួសារមកពីឃុំទាំង៥រួមមាន៖

*ឃុំសូទិព្វ មានចំនួន១០គ្រួសារ
*ឃុំព្រៃចារ មានចំនួន១១គ្រួសារ
*ឃុំខ្នុលដំបង មានចំនួន១០
*ឃុំផ្ដៅជុំ មានចំនួន១០គ្រួសារ
*ឃុំគោករវៀង មានចំនួន ១១គ្រួសារ ព្រមទាំងចែករទេះដល់ជនពិការចំនួន៨រទេះផងដែរ។ ដោយឡែក សិស្សសាលាថ្នាក់ទី១ និងទី២ ចំនួន១១៥នាក់ ម្នាក់ៗទទួលបាន៖ កាតាប១, សៀវភៅ ចំនួន ១០ក្បាល, ខ្មៅដៃ ៥ដើម, ជលលុប ៣ដុំ, កាបូបខ្មៅដៃ ១ឈុត, ដបទឹក ១ដប, ដែកខួង១, គូល័រផាត់ពណ៌ ១ឈុត។

នៅក្នុងឱកាសនោះដែរលោក ម៉ឹង មករា ប្រធានយុវជនក្រុម៨ បានថ្លែងថា រាជរដ្ឋាភិបាលបាននាំមកនូវសុខសន្តិភាព ស្ថេរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម បូរណភាពទឹកដី ធ្វើឱ្យប្រជាពលរដ្ឋមានឱកាស កសាងជីវភាព រីកចម្រើនទាំងវិស័យអាណាចក្រ និងពុទ្ធចក្រដែលមកដល់បច្ចុប្បន្ននេះ បានពង្រីកហេដ្ឋារចនាសម្ព័ន្ធ ទឹក ភ្លើង ដំឡើងប្រាក់បៀវត្សដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករជាបន្តបន្ទាប់។

ប្រធានយុវជនក្រុម៨ បានទទូចឲ្យប្រជាពលរដ្ឋត្រូវរួមគ្នាថែររក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍ រួមគ្នាថែររក្សានូវសមិទ្ធិផលនានារបស់រាជរដ្ឋាភិបាល ដែលបានផ្តល់ជូនឱ្យបានគង់វង្ស សម្រាប់ទុកបន្តដល់កូនចៅជំនាន់ក្រោយៗទៀត ហើយយើងទាំងអស់គ្នាត្រូវអរគុណដល់ សន្តិភាព បើគ្មានសន្តិភាពទេ យើងក៏គ្មានថ្ងៃនេះដែរ។

ប្រធានក្រុមយុវជនក្រុម៨រូបនេះ ក៏បានទទូចឲ្យអាជ្ញាធរ និងប្រជាពលរដ្ឋរបស់យើង ត្រូវរួមគ្នាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ អនុវត្តឱ្យបាននូវគោលនយោបាយ របស់រាជរដ្ឋាភិបាលស្តីពីភូមិ-ឃុំ មានសុវត្ថិភាពជៀសឱ្យផុតអំពីការប្រើប្រាស់គ្រឿងញៀន បងតូច បងធំ និងក្រុមក្មេងទំនើងព្រមទាំង ចូលរួមគោរពច្បាប់ចរាចរណ៍ និងមិនត្រូវជឿតាមការញុះញង់របស់ជនអគតិមួយក្តាប់តូចដែលតែងតែរារាំងដល់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ។

ជាចុងក្រោយ លោក ម៉ឹង មករា ប្រធានក្រុមយុវជន បានផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់ឯកឧត្តម ហ៊ុន ម៉ាណែត ដែលតែងតែគិតគូដល់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងបានចាត់ឲ្យក្រុមការងារចុះជួយប្រជាពលរដ្ឋនូវតាមមូលដ្ឋានឲ្យបានជាប់ជាប្រចាំ៕