អភិបាលខេត្តត្បូងឃ្មុំ ស្នើដល់ប្រជាពលរដ្ឋទូទាំងខេត្ត យកពាក្យ «អរគុណសន្តិភាព» ទន្ទេញដាក់ក្នុងចិត្តទាំងអស់គ្នា


(ត្បូងឃ្មុំ)៖ ឯកឧត្តម ជាម ច័ន្ទសោភ័ណ បានថ្លែងថា ស្នើសុំឲ្យពលរដ្ឋទូទាំងខេត្តយកពាក្យ «អរគុណសន្តិភាព» ដាក់ក្នុងដួងចិត្ត ដើម្បីប្រទេសជាតិមានសុខសន្តិភាព បន្តលើការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ដើម្បីកូនចៅជំនាន់ក្រោយ បានទទួលផលយ៉ាងលើសលុបនៃសុខសន្តិភាព។

ឯកឧត្តមអភិបាលខេត្តថ្លែងបែបនេះ ត្រូវបានធ្វើឡើងក្នុងឱកាសសម្ពោធឆ្លងដាក់ឲ្យប្រើប្រាស់កុដិថ្មី និងសមិទ្ធផលនានាក្នុងវត្តពោធិ៍សុវណ្ណមុនីរាម (ហៅវត្តពោធិ៍ងើប) ភូមិប្រិយ៍ ឃុំជាំក្រវៀន ស្រុកមេមត់ នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២០។

ឯកឧត្តមបានគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននាំយកប្រទេសជាតិចេញពីភ្នក់ភ្លើងសង្គ្រាម ធ្វើការកសាងអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ នឹងបន្តឈរលើទស្សនវិស័យច្បាស់លាស់ ដោយក្នុងនោះកម្ពុជានឹងក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ នឹងក្លាយជាប្រទេសអ្នកមាននៅឆ្នាំ២០៥០។

ឯកឧត្តមសង្កត់ធ្ងន់ថា ប្រទេសកម្ពុជាអាចក្លាយជាប្រទេសអ្នកមានទៅបាននោះ លុះត្រាតែមានសុខសន្តិភាពពេញលេញដូចសព្វថ្ងៃ ដូចនេះប្រជាពលរដ្ឋគ្រប់រូប
ត្រូវតែរួមគ្នាថែរក្សាការពារសន្តិភាពជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាមួយសម្ដេចតេជោ ហ៊ុន សែន និងត្រូវទន្ទេញពាក្យថាអរគុណសន្តិភាពចាំជាប់ក្នុងបេះដូងជារៀងដរាបទៅ។

ជាមួយគ្នានោះ ឯកឧត្តម ជាម ច័ន្ទសោភ័ណ បានអំពាវនាវដល់ពលរដ្ឋក្នុងខេត្ត ក៏ដូចជាទូទាំងប្រទេសសូមចូលរួមទាំងអស់គ្នាក្នុងព្រឹត្តិការណ៍ពិធីចាប់ត្រីតាមបែបប្រពៃណី នៅបឹងប្រវត្តិសាស្ត្រ បឹងក្រម ក្នុងឃុំជាំក្រវៀន ស្រុកមេមត់ នាដើមខែកុម្ភៈខាងមុខនេះ ដែលជាទេសចរណ៍រដូវកាល ដើម្បីរក្សាប្រពៃណីទំនៀមទម្លាប់របស់ដូនតា បុព្វបុរសរបស់យើង និងបង្កបរិយាកាសសប្បាយរីករាយដល់មកពីគ្រប់ទិសទី ក្នុងពេលដែលមានសន្តិភាពពេញលេញនេះ ក្នុងនោះក៏មានជារង្វាន់សម្រាប់អ្នកចាប់ត្រីបានច្រើនជាងគេផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម ជាម ច័ន្ទសោភ័ណ និងលោកស្រី បានប្រគេនបច្ច័យ ១០លានរៀល ដល់វត្តពោធិ៍សុវណ្ណមុនីរាម ព្រមទាំងចែកជូនថវិកាដល់លោកតាលោកយាយ គ្រូបង្រៀន គ្រូពេទ្យ កម្លាំងប្រជាការពារ និងសិស្សានុសិស្សដែលបានចូលរួម ដោយសរុបទាំងអស់ថវិកា២០លានរៀលផងដែរ៕