ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានថ្លែងសូមឲ្យពលរដ្ឋទូទាំងខេត្ត យកពាក្យ«អរគុណសន្តិភាព» ដាក់ក្នុងដួងចិត្ត ដើម្បីប្រទេសជាតិមានសុខសន្តិភាព


ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានថ្លែងសូមឲ្យពលរដ្ឋទូទាំងខេត្ត យកពាក្យ«អរគុណសន្តិភាព» ដាក់ក្នុងដួងចិត្ត ដើម្បីប្រទេសជាតិមានសុខសន្តិភាព បន្តលើការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ដើម្បីកូនចៅយើងជំនាន់ក្រោយ បានទទួលផលយ៉ាងលើសលប់នៃសុខសន្តិភាព។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំថ្លែងបែបនេះ ទៅកាន់លោកតាលោកយាយ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២០នេះ ក្នុងឱកាសឯកឧត្តមបណ្ឌិត និងលោកជំទាវ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ អញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធឆ្លងដាក់ឲ្យប្រើប្រាស់កុដថ្មី និងសមិទ្ធិផលនានា ក្នុងវត្តពោធិ៍សុវណ្ណមុនីរាម(ហៅវត្តពោធិ៍ងើប) ភូមិប្រិយ៍ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំុ។

ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននាំយកប្រទេសជាតិចេញពីភ្នក់ភ្លើងសង្គ្រាម ធ្វើការកសាងអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ នឹងបន្តឈរលើទស្សនៈវិស័យច្បាស់លាស់ ដោយក្នុងនោះកម្ពុជា នឹងក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ នឹងក្លាយជាប្រទេសអ្នកមាន នៅឆ្នាំ២០៥០។

ឯកឧត្តមបណ្ឌិត សង្កត់ធ្ងន់ថា ប្រទេសកម្ពុជាអាចក្លាយជាប្រទេសអ្នកមានទៅបាននោះ លុះត្រាតែមានសុខសន្តិភាព ពេញលេញដូចសព្វថ្ងៃ ដូចនេះប្រជាពលរដ្ឋគ្រប់រូប ត្រូវតែរួមគ្នាថែរក្សាការពារសន្តិភាព ជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាមួយសម្ដេចតេជោហ៊ុនសែន និងត្រូវទន្ទេញពាក្យថាអរគុណសន្តិភាព ចាំជាប់ក្នុងបេះដូងជារៀងដរាបទៅ។

ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទ សោភ័ណ បានអំពាវនាវដល់ពលរដ្ឋក្នុងខេត្ត ក៏ដូចជាទូទាំងប្រទេស សូមចូលរួមទាំងអស់គ្នាក្នុងព្រឹត្តិការណ៍ពិធីចាប់ត្រីតាមបែបប្រពៃណីរបស់បងប្អូននៅបឹងប្រវត្តិសាស្ត្រ បឹងក្រម ក្នុងឃុំជាំក្រវៀន ស្រុកមេមត់ នាដើមខែកុម្ភៈខាងមុខនេះ ដែលជាទេសចរណ៍រដូវកាល ដើម្បីរក្សាប្រពៃណីទំនៀមទម្លាប់របស់ដូនតាបុព្វបុរសរបស់យើង និងបង្កបរិយាកាសសប្បាយរីករាយដល់បងប្អូន មកពីគ្រប់ទិសទី ក្នុងពេលដែលយើងមានសន្តិភាពពេញលេញនេះ ក្នុងនោះ
ក៍មានជារង្វាន់ សម្រាប់អ្នកចាប់ត្រីបានច្រើនជាងគេផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងលោកជំទាវ បានប្រគេនបច្ច័យ១០លានរៀលដល់វត្តពោធិ៍សុវណ្ណមុនីរាម ព្រមទាំងចែកជូនថវិកាដល់លោកតាលោកយាយ គ្រូបង្រៀន គ្រូពេទ្យ កងកម្លាំង និងសិស្សានុសិស្សដែលបានចូលរួម ដោយសរុបទាំងអស់ថវិការ២០លានរៀលផងដែរ៕