រដ្ឋមន្ដ្រីសុខាភិបាល៖ ឆែកចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការកាត់បន្ថយអត្រាមរណភាពកុមារ និងទារកនៅកម្ពុជា


រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងថា ក្រោមការឧបត្ថម្ភគាំទ្រកន្លងមករបស់សាធារណរដ្ឋឆែក បានជួយលើកកម្ពស់សុខភាព របស់ប្រជាជនកម្ពុជា ឱ្យកាន់តែភាពល្អប្រសើរឡើង ជាពិសេសក្នុងការកាត់បន្ថយអត្រាមរណភាពកុមារ និងទារកទើបនឹងកើត តាមរយៈការផ្ដល់នូវអគារមន្ទីរពេទ្យ ការបណ្ដុះបណ្ដាល និងសម្ភារបរិក្ខារពេទ្យមួយចំនួនទៀត។

ជាក់ស្ដែងក្នុងពិធីប្រគល់-ទទួលសម្ភារបរិក្ខារពេទ្យ ដល់មន្ទីរពេទ្យកុមារជាតិ តាមរយៈគម្រោងទ្វេភាគី ការអភិវឌ្ឍផ្នែកជំងឺទារក ក្នុងមន្ទីរពេទ្យ រវាងរដ្ឋាភិបាលរដ្ឋឆែក និងរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ ឆែកបានផ្ដល់សម្ភារបរិក្ខារពេទ្យចំនួន១០មុខ មានចំនួនជាង៣០គ្រឿង ដែលសរុបទឹកប្រាក់ជាង៣០ម៉ឺនដុល្លារ។

ឯកឧត្តមរដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងបន្ដថា «រួមជាមួយគ្នានេះ ឆែកក៏បានបណ្ដុះបណ្ដាល ពង្រឹងសមត្ថភាពគ្រូពេទ្យ និងគិលានុបដ្ឋាក លើជំនាញព្យាបាលថែទាំជំងឺទារកផងដែរ ដូចនេះ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា គុណភាពសេវានៃមន្ទីរពេទ្យកុមារជាតិ កាត់តែទទួលបានទំនុកចិត្ដខ្លាំងឡើង ហើយអត្រាមរណភាពទារក និងថយចុះតាមការរំពឹងទុករបស់គោលដៅ អភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០»

ឯកឧត្តមរដ្ឋមន្ត្រីបន្តថា បច្ចុប្បន្ននេះ អត្រាមរណភាពរបស់កុមារទើបនឹងកើត គឺគ្របដណ្ដប់៣០%នៃអត្រាកុមារទទួលមរណភាពក្រោមមួយឆ្នាំ ដូច្នេះ បើយើងកាត់បន្ថយហានិភ័យនៃគ្រោះថ្នាក់នេះបាន និងជួយកាត់បន្ថយអត្រាមរណកុមារទូទៅបានច្រើនណាស់។

ឯកឧត្តមរដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ក៏បានស្នើដល់សាធារណេរដ្ឋឆែក បន្ដកិច្ចសហប្រតិបត្ដិការនេះ មានជាបន្ដបន្ទាប់ទៀត ដើម្បីសុខុមាលភាពកុមារកម្ពុជា។

ឯកឧត្តមរដ្ឋមន្ដ្រីបានបញ្ជាក់ទៀតថា នៅក្នុងការអភិវឌ្ឍ និងពង្រឹងគុណភាពវិស័យសុខាភិបាលកម្ពុជា សាធារណរដ្ឋឆែក ចូលរួមចំណែកបណ្ដុះបណ្ដាលធនធាមនុស្សផ្នែកវិជ្ជសាស្ដ្រ និងវិស្វករខាងសម្ភារឧបករណ៍ពេទ្យ ដើម្បីជួសជុលសម្ភារ ជាពិសេសនឹងមានគម្រោងសហប្រតិបត្ដិការគ្នាជាមួយឆែក ក្នុងការអភិវឌ្ឍមន្ទីរពេទ្យខេត្ដកំពង់ធំ ដោយកន្លងមកឆែក បានជួយអភិវឌ្ឍន៍លើការបណ្ដុះបណ្ដាល ការសាងសង់ និងជួសជុលមណ្ឌលសុខភាព រួមទាំងការផ្គត់ផ្គង់បរិក្ខារពេទ្យ នៅតាមមណ្ឌលសុខភាព និងអាគារសម្ភព នៅក្នុងមន្ទីរ ពេទ្យបង្អែក ស្រុកកោះអណ្ដែត ខេត្ដតាកែវ និងទីតាំងផ្សេងទៀត។

លោក Vlastimil Tesar ភារធារីស្ដីទីនៃស្ថានទូតសាធារណរដ្ឋឆែកប្រចាំកម្ពុជា បានថ្លែងថា «យើងត្រៀមខ្លួនជាស្រេច ដើម្បីអនុវត្តតាម អាទិភាពរបស់ក្រសួងសុខាភិបាលកម្ពុជា និងតម្រូវការជាក់ស្តែងរបស់ដៃគូ របស់យើងផ្សេងទៀត។ តាមរយៈការដាក់គម្រោងទាំងនេះ នៅក្នុងគម្រោងថ្មីផ្សេងទៀត យើងអាចគាំទ្រដល់ការខិតខំប្រឹងប្រែងរបស់កម្ពុជា ដើម្បីកែលម្អផ្នែកសុខាភិបាលទូទៅ និងដើម្បីឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព»

នាយកមន្ទីរពេទ្យកុមារជាតិ លោកសាស្ដ្រាចារ្យ ញឹប អង្គាបុស្ស បានលើកឡើងថា ទីភ្នាក់ងារអភិវឌ្ឍសាធារណរដ្ឋឆែក បានចាប់ផ្ដើមកិច្ចសហប្រតិបត្ដិការជាមួយ មន្ទីរពេទ្យកុមារជាតិ ចាប់ពីឆ្នាំ២០១៨មក ក្នុងការរួមចំណែកអភិវឌ្ឍផ្នែកទារក និងធ្វើឱ្យមន្ទីរពេទ្យកុមារជាតិ ក្លាយទៅជាមជ្ឈមណ្ឌលថែទាំជំងឺទារកពេញលេញ តាំងពីទារកនៅក្នុងផ្ទៃរហូតដល់ប្រសូតចេញ និងថែទាំលើបញ្ហាសុខភាពផ្សេងៗ របស់ទារក និងគម្រោងបន្ដជួយដល់ផ្នែកសម្ភព របស់មន្ទីរពេទ្យកុមារជាតិ ដែលនឹងចាប់ផ្ដើមបើកក្នុងពេលឆាប់ៗខាងមុខនេះ៕