កិច្ចប្រជុំរវាងគណៈកម្មការ សាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា ជាមួយរដ្ឋបាលខេត្តរតនគិរី


គណៈកម្មការទី៩នៃរដ្ឋសភា​នៅព្រឹកថ្ងៃទី១៤ខែមករា ឆ្នាំ២០២០ ដឹកនាំដោយលោកជំទាវ និន សាផុន ប្រធានគណៈកម្មការ បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយរដ្ឋបាលខេត្តដែលដឹកនាំដោយ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី ក្រុមប្រឹក្សាខេត្ត មន្ទីរជំនាញពាក់ព័ន្ធ និងទីចាត់ការ​ អង្គភាពចំណុះសាលាខេត្ត ដើម្បីស្វែងយល់ពី ប្រសិទ្ធភាពនៃការប្រតិបត្តិច្បាប់នានាក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្ត ចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៦នៃរដ្ឋសភា។​

លោកជំទាវ និន សាផុន មានប្រសាសន៍ថាក្នុងដំណើរបំពេញបេសកម្មរបស់ប្រតិភូគណៈ កម្មការទី៩ មកកាន់ទឹកដីខេត្តរតនគិរីនាពេលនេះគឺ ដើមី្បធ្វើការស្វែងយល់ អំពីស្ថានភាពទូទៅ និង ការរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងការផ្តល់សេវារដ្ឋបាលជូនដល់បងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តរតនគិរីប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងធ្វើការផ្លាស់ប្តូរបទពិសោធន៍លើការងារទាំងនោះផងដែរ។

លោកជំទាវ និន សាផុន ក៏បានធ្វើការកោត សរសើរ ពីការខិតខំរបស់រដ្ឋបាលខេត្តរតន
គិរីលើការងារអភិវឌ្ឍន៍ខេត្តឲ្យកាន់តែមានសោភណ្ឌភាព និងការីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃគួរអោយគត់សម្គាល់។ ក្នុងនោះដែរលោកជំទាវក៏បានលើកនូវបទពិសោធន៍ និង អនុសាសន៍ល្អៗមួយចំនួន ដើមី្បជាមូលដ្ឋានគ្រឹះ សម្រាប់ថ្នាក់ក្រោមជាតិយកទៅអនុវត្ត ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងបានធ្វើការណែនាំមួយចំនួនដល់ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ទីរ អង្គភាព គឺត្រូវធ្វើការពិនិត្យឡើងវិញនូវរាល់បញ្ហាទាំងឡាយដែល មានកន្លងមក ដើមី្បធ្វើការកែប្រែប្រកបទៅ ដោយសន្តិវិធី ក្នុងការបម្រើដល់ប្រជាពលរដ្ឋ ដើមី្បជាទីទំនុកចិត្តរបស់ប្រជាពលរដ្ឋ ៕