អគារសិក្សា ១ខ្នង មាន៦បន្ទប់ នៅវិទ្យាល័យជាស៊ីមប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ មានតម្លៃជិត៧ម៉ឺនដុល្លារ ត្រូវបើកបញ្ចុះបឋមសិលា


(កំពង់ធំ)៖ អគារសិក្សា ១ខ្នង មាន៦បន្ទប់ នៅវិទ្យាល័យជាស៊ីមប្រឡាយ ស្រុកស្ទោង ដែលមានតម្លៃជិត៧ម៉ឺនដុល្លារ ត្រូវបានធ្វើពិធីបញ្ចុះបឋមសិលា ក្រោមអធិបតីភាព ឯកឧត្តម យឹម លាត អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ និងលោកស្រី នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០នេះ ស្ថិតនៅភូមិក្រែក ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ។

លោក ណែត សារី អភិបាលស្រុកស្ទោង បានធ្វើរបាយការណ៍ដោយសារកំណើនសិស្សមានការកើនឡើងបានធ្វើឱ្យមានការកង្វះអគារសិក្សា។ ដោយឡែកអគារសិក្សានៅវិទ្យាល័យជាស៊ីមប្រឡាយ មាន៥ខ្នង ស្មើនឹង២៦បន្ទប់ ហើយមាន ១ខ្នង មាន៤បន្ទប់ ត្រូវទ្រុឌទ្រោមដែលកសាងនៅឆ្នាំ ១៩៩៣ ដែលពុំអាចឱ្យសិស្សចូលរៀនបាន។

ឯកឧត្តម យឹម លាត បានលើកពីការសិក្សាពីជំនាន់មួយទៅជំនាន់មួយ កាន់តែរីកចម្រើនធ្វើឱ្យធនធានមនុស្សកាន់តែមានចំណេះដឹងទូលំទូលាយ មិនតែប៉ុណ្ណោះឯកឧត្តមក៏បានលើកពីការសិក្សាកាលពីជំនាន់របបប្រល័យពូជសាសន៍ «ប៉ុល ពត» ដែលធ្វើឱ្យកូនខ្មែរមិនអាចបំភ្លេចបានឡើយ កាលពីសម័យនោះ ធ្វើប្រជាពលរដ្ឋវេទនាផ្លូវកាយ ផ្លូវចិត្ត ជាពិសេសការទទួលយកចំណេះដឹង គឺពិបាកជាទីបំផុត។ ដោយឡែកបច្ចុប្បន្ននេះ មានផ្លូវ ថ្នល់ ស្ពាន វត្តអារាម សាលារៀនគ្រប់ទិសទី កូនៗចៅៗ អាចទទួលយកចំណេះដឹងគ្រប់ទិសទីបានងាយស្រួលទាំងនេះជាគំនិតដ៏ឆ្លាតវាងវៃ របស់រាជរដ្ឋាភិបាលដែលដឹកនាំប្រទេសបានល្អ។

ឯកឧត្តមបានបន្តទៀតថា សព្វថ្ងៃនេះ វិស័យអប់រំ ជាចក្ខុវិស័យមួយដែលធ្វើឱ្យប្រទេសរីកចម្រើន ហើយផ្ដាំផ្ញើដល់សិស្សានុសិស្សត្រូវចងចាំជានិច្ច នូវពាក្យថា កូនល្អ សិស្សល្អ មិត្តល្អ និងប្រជាពលរដ្ឋល្អ។ ជាមួយគ្នាដែរឯកឧត្តមក៏បានលើកទឹកចិត្តទៅ ដល់សិស្សានុសិស្សថាភាពក្រីក្រ មិនមែនជាឧបសគ្គក្នុងការសិក្សារៀនសូត្រនោះទេ ទោះបីក្រក៏រៀនបានដែរ។ ដូច្នេះយើងត្រូវសិក្សារៀនសូត្រឱ្យបានច្រើន ដើម្បីអនាគតរបស់ខ្លួន គ្រួសារ និងសង្គមជាតិ។

ម្យ៉ាងទៀតក៏បានលើកឡើង ចំពោះលោកគ្រូអ្នកគ្រូដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្លាប់មានអនុសាសន៍ជារឿយៗ កាលកន្លងមកថា ចូរលោកគ្រូអ្នកគ្រូត្រូវចងចាំលក្ខណៈសម្បត្តិមានបី គឺទី១៖ សមត្ថភាពអប់រំ, ទី២៖ សមត្ថភាពស្រាវជ្រាវ និងទី៣៖ គោរពសីលធម៌វិជ្ជាជីវៈជាគ្រូបង្រៀន។

ឯកឧត្តម យឹម លាត ក៏បានផ្ដាំផ្ញើដល់សិស្សានុសិស្សត្រូវខិតខំប្រឹងប្រែងរៀនសូត្របន្តទៀត ដើម្បីទទួលបានលទ្ធផលប្រឡងជោគជ័យ ក្នុងការឈានជើង ទៅចាប់យកសាកលវិទ្យាល័យល្អៗ ហើយមានការងារប្រាក់ខែខ្ពស់នៅថ្ងៃអនាគត។ ឯកឧត្តម បានបន្ថែមទៀតថា «ចាប់ផ្តើមចេញពីខ្លួនយើង ទើបប្រទេសជាតិមានការរីកចម្រើន» និងសុំឱ្យឪពុក ម្តាយ ត្រូវធ្វើជាគម្រូល្អដល់កូនៗរបស់ខ្លួន ក៏ដូចជាក្មេងៗ ដទៃទៀតដែរ អប់រំកូនចៅជៀងឱ្យឆ្ងាយពីគ្រឿងញៀន ចេះគោរពចាស់ទុំ មានសីលធម៌វិជ្ជាជីវៈ ហើយប្រទេសជាតិ មានសុខសន្តិភាព ដូចសព្វថ្ងៃនេះ គឺដោយសារមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខថ្នាក់ដឹកនាំ៕