ផ្ទះអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ២០ខ្នង ត្រូវបានប្រគល់ជូនអតីតយុទ្ធជននៅខេត្តកំពត


(កំពត)៖ ផ្ទះអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន២០ខ្នងទៀត ត្រូវបានប្រគល់ជូនអតីតយុទ្ធជន និងក្រុមគ្រួសារនៅភូមិព្រៃកឹក ឃុំ ប្រាសាទ ភ្នំខ្យង ស្រុកកំពង់ត្រាច ខេត្តកំពតនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០នេះ។ ផ្ទះចំនួន២០ខ្នង ដែលធ្វើពីថ្ម ប្រក់ស័ង្កសីនេះ ត្រូវបានជួយសាងសង់ដោយលោកឧកញ៉ា វិញ ហួរ។

ក្នុងឱកាសប្រគល់ផ្ទះនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានលើកឡើងថា អតីតយុទ្ធជន គឺជាអ្នកដែលស្នេហាជាតិមាតុភូមិ ហើយបានធ្វើពលីកម្មយ៉ាងធំធេងជាមួយរាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ក្នុងការបិទបញ្ចប់ភ្លើងសង្គ្រាម នាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍដូចពេលបច្ចុប្បន្ន។

ឯកឧត្តម គន់ គីម បានថ្លែងទៅកាន់អតីតយុទ្ធជន និងក្រុមគ្រួសារថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏ដូចជារាជរដ្ឋាភិបាល មិនដែលបំភ្លេចនូវគុណូបការៈរបស់អតីតយុទ្ធជន ដែលបានពលីកម្មសម្រាប់បុព្វហេតុជាតិមាតុភូមិ។ ពោលសម្តេចទាំង និងរាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ជានិច្ចចំពោះសុខទុក្ខ និងការលើកកម្ពស់ជីវភាពរបស់អតីតយុទ្ធជនក្នុងពេលស្រុកមានសុខសន្តិភាពនេះ។

ក្នុងឱកាសនោះ ឯកឧត្តមគន់ គីម បានណែនាំ និងក្រើនរំលឹកដល់មេប៉ុស្តិ៍រដ្ឋបាលឃុំ ដែលជាប្រធានសាខាអតីតយុទ្ធជនឃុំ ខិតខំមេីលថែអតីតយុទ្ធជនឱ្យបានល្អទាំងជីវភាព និងសុខភាព ជួយយកអាសារអតីតយុទ្ធជននៅពេលពេលមានទុក្ខធុរៈផ្សេងៗ។

ក្នុងពេលទឹកមុខប្រកបដោយក្តីសប្បាយរីករាយ លោក អេប ឆៃ អតីតយុទ្ធជន ជនពិការតំណាងឱ្យអតីតយុទ្ធជន ដែលទើបទទួលបានផ្ទះថ្មី តាមរយៈលោកទេសរដ្ឋមន្ត្រី គន់ គីម បានសម្ដែងការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែគិតគូរពីសុខទុក្ខរបស់ពួកគាត់ទាំងជីវភាពរស់នៅ ទាំងសុខភាព ផ្តល់ដីផ្តល់ផ្ទះដល់ពួកគាត់ ដែលមានជីវភាពខ្វះខាត ផ្តល់ប័ណ្ណ ប.ស .ស សម្រាប់ព្យាបាលជំងឺ ដោយមិនអស់ប្រាក់។

បងប្អូនអតីតយុទ្ធជនបានបួងសួង និងជូនពរសម្តេចទាំងទ្វេ ព្រមទាំងក្រុមគ្រួសារ បានសុខសប្បាយ សុខភាពល្អប្រសើរ និងជួបតែពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈសុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ ដើម្បីបន្តដឹកនាំប្រទេសកម្ពុជាឱ្យទទួលបានសមិទ្ធផលថ្មីៗបន្តទៀត។

ក្នុងឱកាសនោះក្នុងនាមសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត លោកឧកញ៉ា វិញ ហួរ បានឧបត្ថម្ភជូនបងប្អូន ដែលទទួលបានផ្ទះទាំង២០គ្រួសារ ក្នុងមួយគ្រួសារថវិកា ២០ម៉ឺនរៀល, អង្ករ ១០០គីឡូក្រាម, មុង១, ភួយ១, កន្ទេល១, ធុងទឹក១ គ្រឿងឧបភោគ និងសម្ភារប្រើប្រាស់ជាច្រើនមុខទៀត។ ព្រមទាំងបានឧបត្ថម្ភ បងប្អូន អតីត យុទ្ធជន ដែលមកចូលរួមក្នុងពិធីនេះ១០០នាក់ ក្នុងម្នាក់ៗ ៥ម៉ឺនរៀល៕