ឯកឧត្តម សុខ ចិន្តាសោភា ប្រាប់វិនិយោគិនបារាំងថា សន្តិភាពផ្តល់ឲ្យរាជរដ្ឋាភិបាល កាច់ចង្កូតនាវាកម្ពុជាឆ្ពោះទៅទិសដ៏ត្រឹមត្រូវ សម្រេចកំណើនសេដ្ឋកិច្ចខ្ពស់ជាងគេនៅអាស៊ាន


(សិង្ហបុរី)៖ ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ បានចូលរួមជាវាគ្មិនកិត្តិយស នៅក្នុងសិក្ខាសាលាស្តីពី «ការធ្វើធុរកិច្ចនៅកម្ពុជា» ក្រោមកិច្ចសហការរៀបចំ របស់ស្ថានទូតបារាំងប្រចាំកម្ពុជា, សភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំងនៅកម្ពុជា, និងទីប្រឹក្សាពាណិជ្ជកម្មបរទេសបារាំង ដោយមានការចូលរួមពីលោកស្រី អេវ៉ា ង្វៀន ប៊ិញ (Eva Nguyen BINH) ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា តំណាងក្រុមហ៊ុនបារាំង កំពុងមានប្រតិបត្តិការក្នុងប្រទេសសិង្ហបុរី និងក្រុមហ៊ុនសិង្ហបុរីចំនួនប្រមាណ១០០រូប។

ថ្លែងទៅកាន់អ្នកចូលរួមទាំងអស់ ឯកឧត្តម សុខ ចិន្តាសោភា បានរំលេចថា «កត្តាសន្តិភាព និងស្ថិរភាពនយោបាយក្នុងប្រទេស បានផ្តល់លទ្ធភាព ជូនរាជរដ្ឋាភិបាល ក្នុងការកាច់ចង្កូតនាវាកម្ពុជាឆ្ពោះទៅទិសមួយដ៏ត្រឹមត្រូវនាពេលកន្លងមក។ ជាក់ស្តែង ក្នុងរយៈពេលជាងពីរទស្សវត្សរ៍ចុងក្រោយនេះ កម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ច ប្រចាំឆ្នាំជាមធ្យមក្នុងរង្វង់ ៧,៧% និងបានចាកចេញពីឋានៈជាប្រទេសមានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប នៅក្នុងឆ្នាំ២០១៥។ ជាងនេះទៅទៀត នៅក្នុងឆ្នាំ២០១៩ កន្លងទៅនេះ សេដ្ឋកិច្ចកម្ពុជាមានកំណើនក្នុងអត្រា៧.១% ដែលជាអត្រាខ្ពស់ជាងគេ នៅក្នុងបណ្តាប្រទេសអាស៊ាន»

ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូ ក៏បានចែករំលែកព័ត៌មានអំពីការវិវត្តថ្មីៗនៅកម្ពុជា ពាក់ព័ន្ធនឹងកាលានុវត្តភាព និងសក្ដានុពលធុរកិច្ចនិងវិនិយោគ។ ទន្ទឹមនេះលោកបានលើកឡើង នូវវិធានការកែទម្រង់របស់រាជរដ្ឋាភិបាល ដើម្បីផ្តល់នូវកិច្ចសម្រួលពាណិជ្ជកម្ម និងកែលម្អបរិយាកាសវិនិយោគ ដោយបញ្ជាក់ពីការ ប្តេជ្ញាចិត្តរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី បន្តកម្មវិធីកែទម្រង់បន្ថែមទៀត។

ឯកឧត្តម សុខ ចិន្តាសោភា សង្ឃឹមថាតាមរយៈសិក្ខាសាលានាថ្ងៃនេះ វិនិយោគិនបារាំងនឹងបានយល់កាន់តែច្បាស់អំពីសក្ដានុពល និងកាលានុវត្តភាពវិនិយោគ នៅកម្ពុជា ព្រមទាំងសម្រេចចិត្តបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។
នៅក្នុងឱកាសនោះផងដែរ លោកស្រីឯកអគ្គរដ្ឋទូតបារាំង បានរំលឹកពីទំនាក់ទំនងការទូតជាប្រវត្តិសាស្ត្រដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ និងបានលើកទឹកចិត្តឱ្យក្រុមហ៊ុនបារាំងនៅសិង្ហបុរី ធ្វើការបណ្តាក់ទុនវិនិយោគនៅកម្ពុជា។

ដោយឡែក តំណាងក្រុមហ៊ុនបារាំងនៅកម្ពុជា ដែលចូលរួមជាវាគ្មិនបានគូសបញ្ជាក់បន្ថែម ពីភាពអំណោយផលនៃបរិយាកាសវិនិយោគនៅកម្ពុជា និងពីកាលានុវត្តភាពជាច្រើន ដែលកម្ពុជានៅមាន ទាំងក្នុងវិស័យកម្មន្តសាល កសិ-ឧស្សាហកម្ម ទេសចរណ៍ និងសេវាកម្ម។

គួរបញ្ជាក់ថា តាមការកត់ត្រារបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គិតត្រឹមខែធ្នូ ឆ្នាំ២០១៩ ការវិនិយោគ របស់បារាំងនៅកម្ពុជា មានទឹកប្រាក់សរុបប្រមាណ៥៣២លានដុល្លារអាមេរិក ដែលបានបង្កើតការងារចំនួន ប្រមាណ ១៥,០០០កន្លែង៕