សម្តេច ហេង សំរិន រីករាយចំពោះកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគជាមួយវៀតណាម ដែលឈានជិតដល់ទំហំទឹកប្រាក់ ៥ពាន់លានដុល្លារ


(អូស្រ្តាលី)៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា បានឆ្លៀតពេលចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) លើកទី២៨ នៅប្រទេសអូស្ត្រាលី បានទទួលជួបសវនាការជាមួយលោកជំទាវ តុង ធីហ្វុង អនុប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ នៅវិមានរដ្ឋសភាអូស្រ្តាលី។

ក្នុងជំនួបនេះ លោកស្រីអនុប្រធានរដ្ឋសភាវៀតណាម បានគោរពអញ្ជើញ សម្តេចប្រធានទៅបំពេញទស្សនកិច្ចនិងចូលរួមកិច្ចប្រជុំមួយចំនួនដែលសភាវៀតណាម រៀបចំធ្វើនៅក្នុងឆ្នាំ២០២០នេះ មានកិច្ចប្រជុំសមាជិកសភាស្រ្តីវៀតណាមនិងកម្ពុជា មហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤១ និងកិច្ចប្រជុំទល់មុខអាស៊ានអាយប៉ា។

តាមរយៈសម្តេចប្រធាន លោកស្រី តុង ធីហ្វុង ក៏បានអញ្ជើញសមាជិសភាកម្ពុជា ចូលរួមកិច្ចប្រជុំមួយចំនួនទៀត នៅក្នុងឆ្នាំ២០២០ នោះដែរ មានកិច្ចប្រជុំស្តីពី វប្បធម៌ និងអប់រំ សេដ្ឋកិច្ចជាដើម។ លោកជំទាវ អនុប្រធានរដ្ឋសភាវៀតណាម បានកើតសរសើរចំពោះការរៀបចំកិច្ចប្រជុំប្រចំាឆ្នាំលើកទី២៧ នៃវេទិកាសភាអាស៊ីប៉ាស៊ីហ្វិក(APPF) របស់សភាកម្ពុជាកាលពីឆ្នាំ២០១៩ មានលក្ខណៈល្អណាស់ គឺល្អទំាងខ្លឹមសារនិងការរៀបចំកិច្ចប្រជុំ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានទទួលយកសំណើររបស់ភាគីវៀតណាម ដោយបានប្រគល់ភារកិច្ចជូនក្រុមការងារដើម្បីធ្វើការទំនាក់ទំនងជាមួយភាគីវៀតណាមបន្ត។ សម្តេចបានសម្តែងក្តីរីករាយចំពោះកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ប្រទេសទំាងពីរ មានការរីកចម្រើនជាលំដាប់ ដែលមកដល់ពេលនេះ ឈានជិតដល់ទំហំទឹកប្រាក់ ៥ពាន់លានដុល្លារនោះហើយ។

ចំពោះកិច្ចសហប្រតិបត្តិការសភាប្រទេសទំាងពីរវិញ មានលក្ខណៈល្អប្រសើរណាស់។ សភាកម្ពុជានិងវៀតណាម បានគំាទ្រគ្នាទៅវិញទៅមក នៅលើឆាកអន្តរជាតិ ដូចជាការចូលរួមកិច្ចប្រជុំAPPF ក្នុងប្រទេសអូស្រ្តាលីនេះជាដើម៕