សាស្រ្តាចារ្យ-និស្សិតអាមេរិកសម្គាល់ឃើញថា វឌ្ឍនភាពវិស័យការងារនៅកម្ពុជា ជាបទពិសោធន៍ល្អៗ សម្រាប់ស្វែងយល់រៀនសូត្រតាម


ក្រុមសាស្រ្តាចារ្យ និងនិស្សិតមកពីសាកលវិទ្យាល័យ Cornell និងសាកលវិទ្យាល័យរដ្ឋញូវយ៉ក-Buffalo State សហរដ្ឋអាមេរិក បានកត់សម្គាល់ឃើញថា វិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ពាណិជ្ជកម្ម និងវិនិយោគ ខណៈពួកគេជឿជាក់ថាទាំងអស់នេះសុទ្ធតែជាបទពិសោធន៍ល្អៗ សម្រាប់ឱ្យពួកគេសិក្សាស្វែងយល់ និងរៀនសូត្រពីកម្ពុជាបាន។

ការលើកឡើងនេះត្រូវបានធ្វើឡើងនាពេលដែលពួកគេជួបជាមួយ ឯកឧត្តម អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងការងារ ដើម្បីស្វែងយល់ពីតួនាទី ភារកិច្ច និងបទពិសោធន៍របស់ក្រសួងការងារ។

ឯកឧត្តមរដ្ឋមន្ត្រីបានប្រាប់ថា ក្រសួងការងារបានចូលរួមចំណែកនៅក្នុងការដោះស្រាយបញ្ហានានារបស់កម្មករនិយោជិត ការបង្កើតឱកាសការងារ ការផ្តល់កិច្ចគាំពារសង្គម និងការធានាបាននូវសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ ព្រមទាំងការបណ្តុះបណ្តាលកម្លាំងពលកម្មជំនាញ ក្នុងការឆ្លើយតបចំពោះតម្រូវការងារទីផ្សារការងារ ជាពិសេសការបង្កើនធនធានមនុស្សដែលមានជំនាញខ្ពស់។

ក្រុមសាស្ត្រាចារ្យ និងនិសិ្សតយល់ឃើញថា «កម្ពុជាមានចំណុចបទពិសោធន៍ល្អៗជាច្រើន ដែលពួកគេអាចធ្វើការសិក្សាស្វែងយល់បាន ជាពិសេសពាក់ព័ន្ធនឹងវឌ្ឍនភាពវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលកំពុងដើរតួនាទីយ៉ាងសំខាន់ដល់ការជំរុញកំណើនសេដ្ឋកិច្ចជាតិ ពាណិជ្ជកម្ម និងវិនិយោគ»

សំណួរ និងចំណាប់អារម្មណ៍របស់ក្រុមនិស្សិតដែលបានលើក សុទ្ធតែជាចំណុចដែលក្រសួងបាននិងកំពុងដោះស្រាយដោយជោគជ័យ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

នាឱកាសនោះ ឯកឧត្តម អ៉ិត សំហេង បានចែករំលែកនូវបទពិសោធន៍មួយចំនួនដែលក្រសួងធ្លាប់ដោះស្រាយបញ្ហាប្រឈមកន្លងមក ដែលក្រសួងបានប្រើប្រាស់យន្តការត្រីភាគី និងកិច្ចសន្ទនាសង្គមក្នុងការដោះស្រាយបញ្ហា ដូចជា ការដោះស្រាយបញ្ហាប្រាក់ឈ្នួលអប្បបរមា ការដោះស្រាយវិវាទការងារ ការការពារសិទ្ធិ និងផលប្រយោជន៍កម្មករនិយោជិត ការដោះស្រាយនូវបញ្ហាកូដកម្ម បាតុកម្ម ទន្ទឹមនឹងនោះក៏បានជម្រាបជូនគណៈប្រតិភូសាស្រ្តាចារ្យ និងនិស្សិតអំពីការអនុវត្តប្រកបដោយជោគជ័យនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារកន្លងមក និងការបន្តការអនុវត្តនូវផែនការយុទ្ធសាស្រ្តថ្មី ២០១៩-២០២៣ ក្រោមពាក្យស្លោក «សហគ្រាសគ្រឹះស្ថានមួយជាសហគមន៍សុខសាន្តមួយរបស់កម្មករនិយោជិត ដែលពោរពេញដោយសមត្ថភាព ផលិតភាព ឥរិយាបថការងារ និងមនសិការវិជ្ជាជីវៈខ្ពស់»

ឯកឧត្តមរដ្ឋមន្ត្រីថា ពាក់ព័ន្ធនឹងចំណុចខាងលើនេះវាផ្តោតលើអាទិភាពចំនួន៥៖ (១) ការអភិវឌ្ឍលក្ខខណ្ឌការងារ និងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ (២) ការធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (៣) ការអភិវឌ្ឍមុខរបរ និងការងារ (៤) ការអភិវឌ្ឍរបបសន្តិសុខសង្គម (៥) ការពង្រឹងអភិបាលកិច្ចល្អ។

ឯកឧត្តមបានបន្តថា ដោយសារតែគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញជាគោលនយោបាយជាពិសេសពាណិជ្ជកម្មអន្តរជាតិផ្សារភ្ជាប់នឹងបទដ្ឋានការងារអន្តរជាតិ បានជំរុញឱ្យវិស័យពាណិជ្ជកម្មកម្ពុជាបន្តធានាបាននូវភាពប្រកួតប្រជែង ការដោះស្រាយបាននូវការផ្តល់ឱកាសការងារជូនកម្មករនិយោជិត ការធានាបាននូវសិទ្ធិ សេរីភាពអង្គការវិជ្ជាជីវៈ លើកកម្ពស់លក្ខខណ្ឌការងារ និងកិច្ចគាំពារសង្គម។

សូមជម្រាបថា សាកលវិទ្យាល័យរដ្ឋញូវយ៉ក-Buffalo State ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៨៧១ ជាប្រព័ន្ធសាកលវិទ្យាល័យធំជាងគេនៅសហរដ្ឋអាមេរិក។ ជំនាញផ្តល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្រចំនួន ៧៩ រីឯជំនាញសិក្សាផ្តល់ជូនក្រោយបរិញ្ញាបត្រចំនួន ៦៤។ ចំណែកឯ សាកលវិទ្យាល័យ Cornell ជាសាកលវិទ្យាល័យឯកជន និងជាដៃគូរបស់សាកលវិទ្យាល័យរដ្ឋញូវយ៉ក។

រីឯសាកលវិទ្យាល័យនេះត្រូវបានបង្កើតក្នុងឆ្នាំ១៨៦៨ មានមុខវិជ្ជាចំនួន ៤,០០០ ការិយាល័យសិក្សាចំនួន ១០០ ជំនាញ ផ្តល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្រចំនួន ៨០ ជំនាញសិក្សាផ្តល់ជូនក្រោយបរិញ្ញាបត្រចំនួន ១០៨ និងជំនាញផ្សេងៗចំនួន ៩០៕