ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូជប៉ុន ដឹកនាំដោយឯកឧត្តម NAKANE Kazuyuki សមាជិកសភាជប៉ុន


ថ្ងៃពុធ ៦រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានជួបពិភាក្សាការងារជាមួយគណៈ ប្រតិភូជប៉ុន ដឹកនាំដោយឯកឧត្តម NAKANE Kazuyuki សមាជិកសភាជប៉ុន ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួងផងដែរ។

ជំនួបពិភាក្សានេះមានគោលបំណងស្វែងយល់អំពីបច្ចុប្បន្នភាពនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងការរីកចម្រើនទាក់ទងនឹងវិស័យសាធារណការ និងដឹកជញ្ជូនរបស់កម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភាគី ជប៉ុន និងប្រជាជនជប៉ុនដែលបានផ្តល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការដើម្បីរួមចំណែកដល់ការស្តារ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនភាគីជប៉ុនអំពីបច្ចុប្បន្នភាពនៃគម្រោងសាងសង់ពង្រីកផ្លូវជាតិ លេខ៥ ពីព្រែកក្តាមទៅប៉ោយប៉ែតពីពីរគន្លងទៅបួនគន្លង ដែលជាផ្លូវសេដ្ឋកិច្ចមួយយ៉ាងសំខាន់ដើម្បីដឹកជញ្ជូន ទំនិញទៅកាន់ប្រទេសជិតខាង។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានលើកឡើងអំពី៖ គម្រោងពង្រីកកំពង់ផែស្វយ័តក្រុង ព្រះសីហនុ គម្រោងប្រើ ប្រាស់ប្រព័ន្ធPort EDIនៅកំពង់ផែ ផែនការមេភស្តុភារកម្ម ប្រព័ន្ធគ្រប់គ្រងទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ ប្រព័ន្ធចុះបញ្ជីរថយន្តតាមអនឡាញ ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តតាមប្រព័ន្ធអនឡាញ គម្រោងសិក្សាលើការកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ ប្រព័ន្ធប្រតិបត្តិការរថភ្លើងស្វ័យប្រវត្តិ(AGT) និងគម្រោងមេគង្គ-ជប៉ុនដើម្បីជំរុញការដឹកជញ្ជូនតាមផ្លូវទឹក។

ជាមួយគ្នានោះផងដែរ ឯកឧត្តម NAKANE បានថ្លែងការកោតសរសើរដល់គំនិតផ្តួចផ្តើមកំណែទម្រង់ ស៊ីជម្រៅរបស់ក្រសួងទាក់ទងនឹងការដាក់ឱ្យដំណើរការកម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) និងការរីកចម្រើនរបស់កម្ពុជាយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានជម្រាបជូនផងដែរថា៖ ក្រសួងកំពុងធ្វើការជាមួយទីភ្នាក់ងារ JICA ដើម្បីសម្រប សម្រួលរវាងកម្ពុជានិងភាគីថៃទាក់ទងនឹងការបើកច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ (ស្ពានស្ទឹងបត់)ជា បណ្ដោះអាសន្នដើម្បីសម្រួលដល់ការកកស្ទះចរាចរណ៍ពីការដឹកជញ្ជូនឆ្លងកាត់ព្រំដែន នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតជាប់ព្រំដែនថៃ ខណៈកំពុង រង់ចាំការបញ្ចប់ការសាងសង់អគាររដ្ឋបាល។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានស្នើឲ្យភាគីជប៉ុនពិនិត្យពិចារណាបញ្ជូនក្រុមជំនាញការរបស់ខ្លួនដើម្បីជួយ បណ្ដុះបណ្ដាលធនធានមនុស្សលើវិស្វកម្មសំណង់ ដើម្បីជួយពង្រឹងសមត្ថភាពមន្ត្រីក្រសួងលើការ កសាងស្ពានថ្នល់ប្រកបដោយគុណភាព និងបានកត់សម្គាល់ថា៖ សព្វថ្ងៃនេះមាននិស្សិតកម្ពុជាត្រឹមតែ ៣,៤ ភាគរយប៉ុណ្ណោះ ដែលសិក្សាជំនាញនេះនៅតាមសាកលវិទ្យាល័យនានា។

ជាការឆ្លើយតប ឯកឧត្តម NAKANE បានកត់សម្គាល់ និងទទួលយកលើសំណើទាំងឡាយ ដែលឯកឧត្តមទេសរដ្ឋមន្ត្រីបានស្នើឡើង ដើម្បីពិនិត្យពិចារណា និងឆ្លើយតបប្រកបដោយភាពវិជ្ជមាន៕