កិច្ចប្រជុំអន្តរក្រសួង ស្ថាប័នពិភាក្សាលើសេចក្តីព្រាងកិច្ចព្រមព្រៀងត្រីភាគី ស្តីពីការដឹកជញ្ជូនតាមតំបន់ឆ្នេរសមុទ្រ


ថ្ងៃអង្គារ ៥រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ នៅទីស្ដីការក្រសួង ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតី និងដឹកនាំកិច្ចប្រជុំអន្តរក្រសួង/ស្ថាប័នពិភាក្សាលើសេចក្តីព្រាងកិច្ចព្រមព្រៀងត្រីភាគីស្តីពីការដឹកជញ្ជូនតាមតំបន់ឆ្នេរសមុទ្រ ដោយមានការចូលរួមពីសមាជិក សមាជិកាជាមន្ត្រីរាជការ នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ តំណាងក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន ក្រសួងយុត្តិធម៌ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អគ្គលេខាធិការដ្ឋានសន្តិសុខលំហសមុទ្រ រដ្ឋបាលខេត្ត និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តជាប់មាត់សមុទ្រទាំង៤ កំពង់ផែស្វយ័តក្រុងព្រះសីហនុ។

កិច្ចប្រជុំអន្តរក្រសួងនេះ ធ្វើឡើងដើម្បីពិនិត្យ ពិភាក្សា លើសេចក្តីព្រាងកិច្ចព្រមព្រៀងត្រីភាគីស្តីពីការដឹកជញ្ជូនតាមតំបន់ឆ្នេរសមុទ្ររវាងព្រះរាជាណាចក្រកម្ពុជា ព្រះរាជាណាចក្រថៃឡង់ដ៏ និងសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលមានបញ្ហាត្រូវរួមគ្នាដោះស្រាយលើខ្លឹមសារសេចក្តីព្រាងកិច្ចព្រមព្រៀងទាក់ទងនឹងកាតព្វកិច្ចពន្ធគយ នីតិវិធីដោះស្រាយជម្លោះកើតចេញពីការអនុវត្តកិច្ចព្រមព្រៀង នីតិវិធីក្នុងការសង្គ្រោះនាវារបស់រដ្ឋភាគីពេលជួបគ្រោះអាសន្ននៅក្នុងដែនទឹកព្រះរាជាណាចក្រកម្ពុជា និងការបង្កើតក្រុមការងារត្រីភាគីចូលរួមកិច្ចប្រជុំជាទៀងទាត់ក្នុងក្របខណ្ឌជារដ្ឋភាគីកិច្ចព្រមព្រៀង សំដៅឱ្យការធ្វើចរាចរណ៍ទំនិញតាមនាវាឆ្លងកាត់ព្រំដែនទឹកប្រព្រឹត្តទៅដោយរលូន។

ឯកឧត្ដមរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ធាតុចូលដែលទទួលបានពីកិច្ចប្រជុំអន្តរក្រសួងនេះ គឺជាជំនួយស្មារតីក្នុងការផ្តល់ទឡ្ហីករណ៍សមស្របដល់ក្រសួងសាធារណការនិងដឹកជញ្ជូន ដើម្បីជួបប្រជុំចរចាជាបន្តជាមួយភាគីថៃឡង់ដ៏ និងភាគីវៀតណាម ដែលគ្រោងនឹងរៀបចំកិច្ចប្រជុំលើកទី៥ នៅប្រទេសវៀតណាមនាត្រីមាសទី១ ឆ្នាំ២០២០៕