គណៈប្រតិភូរមណីយដ្ឋានហ័ងសានបំពេញទស្សនកិច្ចក្នុងរមណីយដ្ឋានអង្គរ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌និងទេសចរណ៍


ឯកឧត្តម សុខ សង្វារ អគ្គនាយករង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហង់ ពៅ អគ្គនាយក អាជ្ញាធរជាតិអប្សរា បានអនុញ្ញាតឲ្យគណៈប្រតិភូរមណីយដ្ឋានហ័ងសាន ខេត្តអានហ៊ុយ នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយ លោក Zhao Ming ប្រធានការិយាល័យកិច្ចការបរទេស ចូលជួបសម្តែងការគួរសម និងពិភាក្សាពីកិច្ចការងារ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌និងទេសចរណ៍ ឲ្យកាន់តែប្រសើរជាងមុន ហើយបន្តការចុះអនុស្សរណៈនៃការ យោគយល់គ្នារវាងរមណីយដ្ឋានអង្គរនិងហ័ងសាន នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ ។

ក្នុងជំនួបពិភាក្សានេះ ឯកឧត្តម សុខ សង្វារ មានប្រសាសន៍ថា កន្លងមក អាជ្ញាធរជាតិអប្សរានិងគណៈប្រតិភូហ័ងសាន បានធ្វើកិច្ចសហប្រតិបត្តិការរវាងរមណីយដ្ឋានអង្គរនិងហ័ងសាន ដោយមានការធ្វើការតាំងពិរពណ៌រមណីយដ្ឋានហ័ងសាន នៅបន្ទាយស្រី និងបានធ្វើការតាំងពិរពណ៌រមណីយដ្ឋានអង្គរនៅហ័ងសាន ខេត្តអានហ៊ុយ ប្រទេសចិន។ ឯកឧត្តម បានលើកផងដែរ អំពីការពង្រីកនូវការផ្សព្វផ្សាយតំបន់បេតិកភណ្ឌទាំងពីរ ឲ្យបានជ្រួតជ្រាបដល់ពិភពលោក និងធ្វើឲ្យតំបន់បេតិកភណ្ឌទាំងនោះកាន់តែជិតស្និទ្ធនឹងគ្នាថែមទៀត។

លោក Zhao Ming ប្រធានការិយាល័យកិច្ចការបរទេស បានលើកសរសើរនូវភាពអស្ចារ្យនៃ រមណីយដ្ឋានអង្គរ និងកិច្ចការអភិរក្សរបស់អាជ្ញាធរជាតិអប្សរា។ ហើយជាពិសេសទៅទៀតលោកថ្លែងថា លោកនឹងផ្សព្វផ្សាយរមណីយដ្ឋានអង្គរនៅរមណីយដ្ឋានហ័ងសាន និងតំបន់ ផ្សេងៗទៀតនៅក្នុងប្រទេសចិនតាមលទ្ធភាពដែលអាចធ្វើបាន ដើម្បីទាក់ទាញទេសចរឲ្យមក ទស្សនាអង្គរ។

ជំនួបលើកនេះជាកិច្ចពិភាក្សាបន្ថែមទៀត ដើម្បីឈានទៅដល់ការបន្តចុះអនុស្សរណៈនៃការ យោគយល់គ្នារវាងថ្នាក់ដឹកនាំស្ថាប័នទាំងពីរនាពេលខាងមុខ៕