សូមអបអរសាទរ! ចៅស្រីសម្តេចតេជោ ហ៊ុន សែន បន្តឈរកំពូលតារាងកម្មវិធីប្រកួតប្រជែងគណិតវិទ្យាប្រចាំតំបន់អាស៊ី និងលំដាប់ថ្នាក់ពិភពលោក


ពិតជាគួរឲ្យមោទនភាពចំពោះកុមារី ហ៊ុន ពេជ្រមុន្នីលីណា ចៅស្រីរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្តសាងភាពល្បាញល្បីសម្រាប់កម្ពុជាទៀតហើយ ដោយបន្តឈរនៅកំពូលតារាងកម្មវិធីប្រកួតប្រជែងសមត្ថភាព ផ្នែកគណិតវិទ្យាប្រចាំតំបន់អាស៊ី (Asia’s Top 100 Students) និងកម្រិតថ្នាក់ពិភពលោក (World Top 100 Students) ដោយបន្តដណ្តើមបានចំណាត់ថ្នាក់លេខ១ទាំងពីរផ្នែក។ នេះបើយោងតាមតារាងពិន្ទុដែលអង្គភាព ទទួលបាននៅយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០។

លទ្ធផលដែលបង្ហាញនៅលើគេហទំព័រប្រឡងគណិតវិទ្យា បានបង្ហាញថា កុមារី ហ៊ុន ពេជ្រមុន្នីលីណា បានឈរនៅលើកំពូលតារាងតំបន់អាស៊ីជាមួយពិន្ទុ ១៣,២៣០ ហើយនៅកំពូលតារាងលើពិភពលោកជាមួយពិន្ទុ ១៣,២៣០ផងដែរ។

កុមារី ហ៊ុន ពេជ្រមុន្នីលីណា ជាកូនស្រីទី២របស់ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី។ តាមរយៈគេហទំព័រប្រកួតប្រជែងគណិតវិទ្យាកម្រិតថ្នាក់អាស៊ី និងពិភពលោកនេះកុមារី ហ៊ុន ពេជ្រមុន្នីលីណា តែងតែបានចូលរួមប្រកួតប្រជែងសមត្ថភាពជារឿយៗ ហើយតែងតែទទួលបានចំណាត់ថ្នាក់ល្អៗផងដែរ។

ជាមួយការដណ្តើមបានចំណាត់ថ្នាក់កំពូលតារាងរបស់កុមារី ហ៊ុន ពេជ្រមុន្នីលីណា បានធ្វើឲ្យរូបសញ្ញាទង់ជាតិរបស់កម្ពុជា ត្រូវបានបង្ហាញលើកំពូលតារាងគេហទំព័រ «Mathletics Hall of Fame» ដែលជាគេហទំព័រមួយ មានការប្រកួតប្រជែងគណិតវិទ្យារបស់កុមារា កុមារី មកពីប្រទេសជាច្រើននៅលើពិភពលោក។

លទ្ធផលនេះ ក៏បានលើកតម្លៃអប់រំនៅកម្ពុជានាពេលបច្ចុប្បន្ន ហើយបានបង្ហាញថា ភាពវៃឆ្លាតរបស់កុមារកម្ពុជា មិនចាញ់កុមារនៅលើពិភពលោកនោះឡើយ។

សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានលើកឡើងថា ភាពវ័យឆ្លាតរបស់មនុស្សមិនស្ថិតនៅលើមនុស្សនោះកើតក្នុងប្រទេសធំ ប្រទេសមានសេដ្ឋកិច្ចរុងរឿង ឬប្រទេសនោះជាប្រទេសតូច ឬមានសេដ្ឋកិច្ចមិនរីកចម្រើននោះឡើយ ពោលមនុស្សជាតិកើតក្នុងប្រទេសតូច ប្រទេសក្រីក្រ ក៏មានសមត្ថភាពឆ្លាតវៃដូច ឬឆ្លាតជាងប្រទេសមានសេដ្ឋកិច្ចរុងរឿង ប្រទេសធំផងដែរ។

តាមរយៈសមត្ថភាពលិចធ្លោលើការប្រកួតប្រជែងគណិតវិទ្យានេះ បានបង្ហាញពីសមត្ថភាពរបស់កូនខ្មែរ។ បើទោះបីប្រទេសនេះ ធ្លាប់ជាប្រទេសរស់នៅក្រោម អាណានិគម ជាប្រទេសធ្លាប់យាយីដោយភ្លើងសង្គ្រាម តែបច្ចុប្បន្នប្រជាជាតិកម្ពុជាក្រោមម្លប់សន្តិភាព កំពុងមានឱកាសទទួលបានចំណេះដឹង និងប្រកួតប្រជែងសមត្ថភាពជាមួយមនុស្សជាតិនៅលើពិភពលោក ហើយក៏អាចដណ្តើមបានចំណាត់ថ្នាក់ល្អខ្ពស់លើសគេផងដែរ៕