សម្តេចពញាចក្រី ហេង សំរិន ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ត្រឡប់ពីចូលរួមកិច្ចប្រជុំប្រចំាឆ្នាំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក នៅប្រទេសអូស្រា្តលីវិញ ដោយសុវត្ថិភាព


សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ត្រឡប់ពីការចូលរួមកិច្ចប្រជុំប្រចំាឆ្នាំ លើកទី២៨ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលហៅកាត់ថា (APPF) នៅទីក្រុងកង់បេរ៉ា ប្រទេសអូស្ត្រាលីវិញ ដោយសុវត្ថិភាព និងជោគជ័យ។

APPF បានដំណើរការកិច្ចប្រជុំរបស់ខ្លួន ក្រោមមូលបទ «ភាពជាដៃគូសភាសម្រាប់ឆ្នាំ២០២០ និងឆ្នំាបន្តបន្ទាប់» ដោយមានគណៈប្រតិភូសភាជាសមាជិក APPF ចំនួន២០ប្រទេស និងប្រទេសសង្កេតការណ៍ចំនួន១០ មានចំនួនគណៈប្រតិភូជាង ៣៥០នាក់ បានចូលរួមកិច្ចប្រជុំ។

សម្តេចប្រធានរដ្ឋសភា ត្រូវបានសភាប្រទេសអូស្ត្រាលី ផ្តល់កិត្តិយសចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ និងបានថ្លែងសុន្ទរកថាគន្លឹះ ក្នុងពិធីបើកកិច្ចប្រជុំជាផ្លូវការ។ សភាប្រទេសអូស្រ្តាលី និងប្រតិភូដែលបានចូលរួម បានសម្តែងការកោតសរសើរចំពោះសម្តេច ដែលបានដឹកនាំសភាកម្ពុជា រៀបចំកិច្ចប្រជុំ APPF លើកទី២៧ កាលពីឆ្នាំកន្លងទៅ នៅខេត្តសៀមរាប បានទទួលជោគជ័យ ហើយជោគជ័យនៅកម្ពុជានោះ ធ្វើឲ្យការប្រជុំរបស់APPF កាន់តែមានលក្ខណៈល្អប្រសើរឡើង។

កំឡុងពេលចូលរួមកិច្ចប្រជុំនេះ សម្តេចពញាចក្រី បានជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាអូស្រ្តាលី ដើម្បីជំរុញទំនាក់ទំនងសភា និងស្នើសុំអូស្រ្តាលីជូយផ្សព្វផ្សាយពីសក្តានុពលរបស់កម្ពុជា ក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍។ សម្តេចក៏បានស្នើសុំអូស្រ្តាលី ផ្តល់អាហារូបករណ៍ដល់មន្រ្តីរាជការ និងនិស្សិតកម្ពុជាឲ្យបានច្រើនបន្ថែមទៀត។

ក្រៅពីនេះ សម្តេចប្រធានរដ្ឋសភា បានជួបពិភាក្សាការងារជាមួយ លោកស្រីប្រធានរដ្ឋសភាប្រទេសឡាវ លោកស្រីអនុប្រធានរដ្ឋសភាប្រទេសវៀតណាម ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ រវាងរដ្ឋសភាប្រទេសទំាងពីរ និងបានផ្លាស់ប្តូរព័ត៌មានបច្ចុប្បន្នភាពពីគ្នាទៅវិញទៅមក ក្នុងការជំរុញចំណងមិត្តភាព កិច្ចសហប្រតិបត្តិការល្អក្នុងនាមប្រទេសជិតខាង។

ចំពោះសមាជិកគណៈប្រតិភូសភាកម្ពុជាវិញ បានចូលប្រជុំពិភាក្សានៅគ្រប់កិច្ចប្រជុំ របស់ APPF ក្នុងនោះមានកិច្ចប្រជុំគណៈកម្មាធិការនយោបាយនិងសន្តិសុខ ដឹកនាំដោយ លោក ឈាង វុន បានចូលប្រជុំ។ កិច្ចប្រជុំគណៈកម្មាធិការសមាជិកសភាស្រ្តី ដឹកនាំដោយ លោកស្រី បាន ស្រីមុំ បានចូលប្រជុំ។ កិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ច ដឹកនាំដោយ លោក សុខ សូកាន បានចូលប្រជុំ។ កិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការតំបន់ ដឹកនាំដោយលោក ខៀវ មុត បានចូលប្រជុំ និងកិច្ចប្រជុំគណៈកម្មាធិការបូកសរុបនិងសេចក្តីថ្លែងការណ៍ ដឹកនាំដោយ ឯកឧត្តម ឈាង វុន និងលោក សុខ សូកាន បានចូលប្រជុំ។ ប្រតិភូសភាកម្ពុជាក៏បានចូលរួម នៅក្នុងគណៈកម្មាធិការព្រាងសេចក្តីប្រកាសរួម ដោយបានផ្លាស់ប្តូរយោបល់ជាមួយសមាជិក APPF យ៉ាងផុលផុសផងដែរ។

សូមជម្រាបថា កិច្ចប្រជុំប្រចំាឆ្នាំ APPF លើកទី២៨ បានបិទបញ្ចប់ដោយបានអនុម័តសេចក្តីសម្រេចចំនួន១៩ ដែលជាយន្តការមួយក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ លើកកម្ពស់តួនាទីសភាក្នុងការពង្រឹងសន្តិភាពនិងសន្តិសុខ ការពង្រឹងស្ថាប័នពហុភាគី ដើម្បីអនុវត្តពាណិជ្ជកម្មសេរី និងរួមគ្នាឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុឆ្ពោះ ទៅរកការរីកចម្រើន ប្រកបដោយចីរភាព និងវិបុលភាព នៅក្នុងតំបន់ និងសកលលោក។ កិច្ចប្រជុំ APPF លើកទី២៩ នឹងប្រារព្ធធ្វើនៅសាធារណរដ្ឋកូរ៉េ ក្នុងឆ្នាំ២០២១ និងនៅព្រះរាជាណាចក្រថៃ ក្នុងឆ្នាំ២០២២៕