យុវជនស្រុកអូររាំងជាង១០០នាក់ ចូលរួមសំអាតអនាម័យបរិស្ថាននៅតាមដងផ្លូវជាតិលេខ៧៦A ក្នុងឃុំសែនមនោរម្យ ដើម្បីឱ្យមានសោភ័ណ្ឌភាពស្រស់បំព្រង


មណ្ឌលគិរី៖ ដើម្បីបំផុសចលនាដល់ប្រជាពលរដ្ឋ និងសាធារណៈជន ជាពិសេស អាជីវករលក់ដូរតាមដងផ្លូវជាតិលេខ៧៦A ឱ្យមានការយល់ដឹង និងចូលរួមសំអាតអនាម័យបរិស្ថាន ព្រោះបរិស្ថានស្អាត ផ្តើមចេញពីយើងទាំងអស់គ្នា នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ លោក ម្លាំង ឆន អភិបាលរងស្រុកអូររាំង ដឹកនាំមន្រ្តីរាជការ យុវជន និងសិស្សានុសិស្សជាង១០០នាក់ ចូលរួមសំអាតអនាម័យនៅតាមដងផ្លូវជាតិ ក្នុងឃុំសែនមនោរម្យ ស្រុកអូររាំង ដើម្បីឱ្យមានសោភ័ណ្ឌភាពស្រស់បំព្រង។

លោក ម្លាំង ឆន អភិបាលរងស្រុកអូររាំង បានឱ្យដឹងថា គោលបំណង នៃការដឹកនាំមន្រ្តីរាជការ យុវជន និងសិស្សានុសិស្ស ចូលរួមសំអាតអនាម័យបរិស្ថាននៅតាមដងផ្លូវជាតិលេខ៧៦A ក្នុងឃុំសែនមនោរម្យនាពេលនេះ ដើម្បីធ្វើយ៉ាងណា ឱ្យស្រុកអូររាំង មានសោភ័ណ្ឌភាពល្អ ព្រោះបច្ចុប្បន្ន ឃើញមានកាក់សំណល់ និងថង់ផ្លាស់ស្ទិចជាច្រើននៅតាមដងផ្លូវជាតិនេះ ដែលធ្វើឱ្យមានភាពកង្វក់ និងប៉ះពាល់ដល់សុខភាពក្នុងការរស់នៅរបស់ប្រជាពលរដ្ឋ។

លោក អភិបាលរងស្រុក បញ្ជាក់បន្ថែមថា នៅពេលខាងមុខ រដ្ឋបាលស្រុកអូររាំង ដោយមានការគិតគូរ និងយកចិត្តទុកដាក់ពីលោក សៀក មុន្នី អភិបាលស្រុកអូររាំង និងមានការចូលរួមឧបត្ថម្ភអំពូលសូឡា ពីសប្បុរសជននៅទីក្រុងភ្នំពេញ មន្រ្តីរាជការ និងអាជីវករ ដើម្បីដាក់បំភ្លឺភ្លើងតាមដងផ្លូវជាតិលេខ៧៦A ក្នុងឃុំសែនមនោរម្យ ក្នុងស្រុកអូររាំង ដើម្បីកែលំអរសោភ័ណ្ឌភាពស្រុកឱ្យមានការវិវត្តន៍រីកចម្រើន និងទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត។ លោក អភិបាលរងស្រុក បានសំណូមពរដល់ប្រជាពលរដ្ឋ និងសាធារណៈជន ត្រូវចូលរួមសំអាតអនាម័យបរិស្ថានជុំវិញផ្ទះឱ្យបានស្អាត និងត្រូវទុកដាក់កាក់សំណល់ ឫថង់ផ្លាស់ស្ទិចឱ្យបានត្រឹមត្រូវ ដើម្បីឱ្យស្រុករបស់យើង មានសោភ័ណ្ឌភាពស្រស់បំព្រង។

លោក សុខ សុវណ្ណារិទ្ធ ប្រធានសម្ពន្ធយុវជនស្រលាញ់សន្តិភាពស្រុក បានបង្ហាញនូវភាពសប្បាយរីករាយ ដែលរូបលោក ក៏ដូចជាយុវជនទាំងអស់ បានចូលរួមសំអាតអនាម័យ ក្នុងស្រុកអូររាំង ដើម្បីឱ្យមានសោភ័ណ្ឌភាពស្រស់បំព្រង ម្យ៉ាងទៀត នៅស្រុកអូររាំង មានតំបន់ទេសចរណ៍ និងមានទេសភាពស្រស់ស្អាត ដែលអាចទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ មកទស្សនាកំសាន្តផងដែរ។

លោក សុវណ្ណារិទ្ធ បានអំពាវនាវបន្ថែម ដល់ប្រជាពលរដ្ឋ និងអាជីវករ ដែលរស់នៅតាមដងផ្លូវជាតិលេខ៧៦A ក្នុងឃុំសែនមនោរម្យ ត្រូវរួមគ្នាសំអាតអនាម័យបរិស្ថាន ព្រោះបរិស្ថានស្អាត ផ្តើមចេញពីយើងទាំងអស់គ្នា។ លោក ក៏បានថ្លែងអំណរគុណដល់មន្រ្តីរាជការ យុវជន និងសិស្សានុសិស្សទាំងអស់ ដែលបានចូលរួមសំអាតអនាម័យបរិស្ថាន នេះបង្ហាញពីការចូលរួមចំណែកនូវកិច្ចការងារសង្គម និងដើម្បីបញ្ច្រាបដល់ប្រជាពលរដ្ឋ ឱ្យមានការយល់ដឹង និងចូលរួមសំអាតអនាម័យទាំងអស់គ្នា៕