ការពង្រឹងជីវភាពសហគមន៍ចូលរួមកាន់តែប្រសើរក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ


«ការពង្រឹងជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍តំបន់ការពារធម្មជាតិ ចូលរួមកាន់តែប្រសើរក្នុងការពារ និងអភិរក្សធនធានធម្មជាតិ» នេះជាការលើកឡើងរបស់ ឯកឧត្តម សូ ខនឬទ្ធីគុណ រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅក្នុងឱកាសអញ្ជើញជាអធិបតីនៃ ពិធីជួបសំណេះសំណាល និងចែកពូជសត្វគោ មាន់ ជ្រូក និងសម្ភារៈកសិកម្ម នៃគម្រោងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន របស់រាជរដ្ឋាភិបាលកម្ពុជា ផ្តល់តាមរយៈក្រសួងបរិស្ថាន ជូនដល់ប្រជាពលរដ្ឋ៦២ គ្រួសារ នៃសហគមន៍តំបន់ករពារធម្មជាតិអន្លង់ភេ ក្នុងដែនជម្រកសត្វព្រៃ»ព្រៃឡង់» ភូមិសាស្រ្តាស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង នៅថ្ងៃច័ន្ទ ១១រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២០។ ជាមួយគ្នានេះដែរ ឯកឧត្តម បានបន្ថែមថា គម្រោងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន ត្រូវបានរាជរដ្ឋាភិបាលសម្រេចផ្តល់ដល់សហគមន៍នៅតាមតំបន់ការពារធម្មជាតិ ដើម្បីធ្វើការអភិវឌ្ឍសហគមន៍ និងជំរុញឱ្យសហគមន៍មានតួនាទីសំខាន់ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិនៅតាមតំបន់ការពារធម្មជាតិ។

ឯកឧត្តម រដ្ឋលេខាធិការក្រសួងបរិស្ថាន បានជំរុញឱ្យប្រជាសហគមន៍ធ្វើយ៉ាងណាពង្រឹងការយកចិត្តទុកដាក់ថែទាំ ចិញ្ចឹមសត្វឱ្យបានល្អ ដើម្បីបង្កើនជីវភាពគ្រួសារ និងការចូលរួមក្នុងការអភិវឌ្ឍសហគមន៍មូលដ្ឋាន។ លើសពិនេះ ឯកឧត្តម សូ ខនឬទ្ធីគុណ បានលើកទឹកចិត្តថែមទៀតដល់ប្រជាពលរដ្ឋពង្រឹងការគ្រប់គ្រងធនធានធម្មជាតិឱ្យបានល្អ ជាពិសេសនៅដែនជម្រកសត្វព្រៃ«ព្រៃឡង់» ដើម្បីជាប្រយោជន៍នៃការទទួលផលប្រយោជសម្រាប់សហគមន៍មូលដ្ឋានពីការលក់កាបូននាពេលខាងមុខ។ បន្ថែមពីនេះ ឯកឧត្តមក៏បានជំរុញឱ្យសហគមន៍មូលដ្ឋានពង្រឹងការសហការគ្នាជាមួយសមត្ថកិច្ចគ្រប់ប្រភេទទប់ស្កាត់កុំឱ្យមានភ្លើងឆេះព្រៃ ដើម្បីធានាការគ្រប់គ្រងធនធានធម្មជាតិបានល្អសម្រាប់នៅពេលបច្ចុប្បន្ននិងទៅអនាគត។

សូមបញ្ជាក់ថា គម្រោងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន ត្រូវបានរាជរដ្ឋាភិបាលសម្រេចផ្តល់ដល់សហគមន៍តាមតំបន់ការពារធម្មជាតិ តាមរយៈវេទិកាថ្នាក់ជាតិស្តីពី«ការការពារ និងអភិរក្សធនធានធម្មជាតិ» ចាប់ផ្តើមពីឆ្នាំ២០១៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹងងជីវភាពសហគមន៍ ដោយយកចិត្តទុកដាក់ពង្រឹងលើការកសាងហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន ទេសចរណ៍ធម្មជាតិ ការចិញ្ចឹមសត្វ និងការងារកសិកម្មប្រចាំគ្រួសារ បានល្អប្រសើរ និងលើកទឹកចិត្តសហគមន៍ចូលរួមចំណែកការពារ និងអភិរក្សធនធានធម្មជាតិនៅព្រះរាជាណាចក្រកម្ពុជា។ គម្រោង​លើកកម្ពស់ជីវភាពប្រជាសហគមន៍មូលដ្ឋាន ចាប់ផ្តើមផ្តល់ជួយប្រជាពលរដ្ឋនៅតាមសហគមន៍តំបន់ការពារធម្មជាតិ ដោយ​ចាប់ឆ្នាំ២០១៧ បានចំនួន១០សហគមន៍ ឆ្នាំ២០១៨ បាន១០សហគមន៍ និងនៅឆ្នាំ២០១៩ ជួយបាន៥សហគមន៍បន្ថែមទៀត ដែលក្នុងនោះ មានសហគមន៍តំបន់ការពារធម្មជាតិអន្លង់ភេ ក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ភូមិសាស្រ្តខេត្តស្ទឹងត្រែងនេះផងដែរ។ ជាសរុប​ សហគមន៍តំបន់ការពារធម្មជាតិចំនួន២៥ហើយ បានទទួលគម្រោង ដើម្បីបង្កើនជីវភាពប្រជាពលរដ្ឋ។

លោក អេង ភិរុង ប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែងបានឱ្យដឹងថា សហគមន៍តំបន់ការពារធម្មជាតិអន្លង់ភេ បានបង្កើតឡើងដោយប្រកាសកាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ និងមានផ្ទៃដី៦៨២ហិកតា។ កន្លងមក​សហគមន៍បានចូលរួមចំណែកសំខាន់សហការ ការពារ និងអភិរក្សធនធានធម្មជាតិ ដើម្បីធានាការគ្រប់គ្រងឱ្យមាននិរន្តរភាព សម្រាប់បច្ចុប្បន្ន និងកូនចៅគ្រប់ជំនាន់។

ក្នុងឱកាសនោះ លោក ប្រធានសហគមន៍តំបន់ការពារធម្មជាតិអន្លង់ភេ បានបង្ហាញពីការសប្បាយរីករាយចំពោះការទទួលបានគម្រោងជំនួយរបស់រាជរដ្ឋាភិបាលសម្រាប់អភិវឌ្ឍន៍ជីវភាពសហគមន៍របស់លោក។ លោក បានអះអាងថា ជំនួយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងពេលនេះនឹងរួមចំណែកឱ្យប្រជាពលរដ្ឋមានការគិតគូរថ្មីដើម្បីជីវភាពគ្រួសារ និងកាត់បន្ថយការពឹងអាស្រ័យលើការដកហូតធនធាធម្មជាតិ។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋចំនួន៦២គ្រួសារដំបូងនៃសហគមន៍អន្លង់ភេ ទទួលបានពូជសត្វចិញ្ចឹម និងសម្ភារៈកសិកម្ម ក្នុងនោះ ប្រជាពលរដ្ឋចំនួន២៣គ្រួសារ ក្នុងមួយគ្រួសារទទួលបានគោញី១ក្បាល ប្រជាពលរដ្ឋចំនួន២០គ្រួសារ ទទួលបានក្នុងមួយគ្រួសារមាន់ពូជចំនួន១៥គីឡូក្រាម និងស្បៃបែតង១ដុំ ហើយប្រជាពលរដ្ឋ១៩គ្រួសារផ្សេងទៀត ទទួលបានក្នុងមួយគ្រួសារកូនជ្រូកពូជចំនួន៣ក្បាល។ ជាបន្តប្រជាពលរដ្ឋនឹងមានកាតាព្វកិច្ចបន្តចែករំលែកកូនគោ កូនជ្រូក និងមាន់ទៅសមាជិកសហគមន៍ដទៃទៀត នូវពេលដែលសត្វដែលពួកគាត់ទទួលបានផលបន្តបន្ទាប់។