សិក្ខាសាលាស្តីពី អត្ថប្រយោជន៍នៃការធានារ៉ាប់រងគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ និងនីតិវិធីអ្នករងគ្រោះត្រូវបានសំណង


នៅព្រឹកថ្ងៃចន្ទ ១១រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២០នេះ ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី“អត្ថប្រយោជន៍នៃការធានារ៉ាប់រងគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ និងនីតិវិធីអ្នករងគ្រោះត្រូវបានសំណង” សហការរៀបចំដោយរដ្ឋបាលខេត្ត និងក្រុមហ៊ុន អេចអាយ ម៉ាយក្រូ អ៊ីនសូរេន (H.I Micro-Insurance) នៅសាលប្រជុំសាលាខេត្ត។

មានវត្តមានអញ្ជើញចូលរួមពីសំណាក់ កងកម្លាំងប្រដាប់អាវុធ លោក លោកស្រីអភិបាល អភិបាលរងក្រុង ស្រុក លោក លោកស្រីជាប្រធាន-អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ក្នុងខេត្តសរុបចំនួន២១៣នាក់។

ក្នុងពិធីដ៏មានសារៈសំខាន់នេះឯកឧត្តម ម៉ុម សារឿន បានមានប្រសាសន៍ថា តាមរយៈសិក្ខាសាលាក្នុងថ្ងៃនេះ ឯកឧត្តម លោក លោកស្រី បងប្អូនប្រជាពលរដ្ឋ ក្មួយៗសិស្សានុសិស្ស និងយុវជន នឹងបានយល់ដឹងកាន់តែស៊ីជម្រៅថែមទៀតអំពីអត្ថប្រយោជន៍ និងនីតិវិធី នៃការប្រើប្រាស់សេវាធានារ៉ាប់រងដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ (RVI) និងសូមលើកទឹកចិត្តឲ្យចូលរួមចោទសួរ និងពិភាក្សាដេញដោលលើប្រធានបទនីមួយៗឲ្យយល់កាន់តែច្បាស់ ដើម្បីជាមូលដ្ឋានក្នុងការសម្រេចចិត្តចូលរួមប្រើប្រាស់ ឬមិនប្រើប្រាស់សេវានេះ។ វត្តមាននៃការធ្វើប្រតិបត្តិការផ្តល់សេវាកម្មធានារ៉ាប់រងដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ (RVI) នៅក្នុងខេត្តស្ទឹងត្រែងន ពិតជាមានសារៈសំខាន់ចាំបាច់ ព្រោះសេវានេះនឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនក្នុងការជួយសម្រាលបន្ទុកហិរញ្ញវត្ថុរបស់គ្រួសារជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ ជាពិសេសសគ្រួសារក្រីក្រ។

ទន្ទឹមនឹងនោះឯកឧត្តម អភិបាលខេត្ត ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ក្មួយៗសិស្សានុសិស្សព្រមទាំងអ្នកដែលបានចូលរួមក្នុងពិធីនេះទាំងអស់ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួនជានិច្ចត្រូវពាក់មួកសុវត្ថិភាពរាល់ពេលធ្វើដំណើរតាមទោចក្រយានយន្ត និងជាពិសេសអាជ្ញាធរមានសមត្ថកិច្ចត្រូវជួយផ្សព្វផ្សាយអប់រំច្បាប់ចរាចរណ៍ដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សនៅតាមមូលដ្ឋានរបស់ខ្លួនឱ្យបានទូលំទូលាយ៕