ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង៖ ប្រទេសចិនដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមអភិវឌ្ឍបណ្តាប្រទេសជាច្រើនលើពិភពលោក


ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានថ្លែងថា សាធារណរដ្ឋប្រជាមានិតចិន ជាប្រទេសមហាអំណាចសេដ្ឋកិច្ចទី២ ដែលបានចូលរួមចំណែករក្សាសន្តិភាព សន្តិសុខ និងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងប្រទេសជាច្រើន នៅលើសកលលោក។

ការលើកឡើងបែបនេះរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានធ្វើឡើងនៅក្នុងឱកាសដែលលោកចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំចិន ដែលរៀបចំឡើងដោយស្ថានទូតចិនប្រចាំកម្ពុជា នៅយប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២០។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានបន្តថា ក្រោមគោលនយោបាយខ្សែក្រវាត់ និងផ្លូវ ដែលជាគំនិតផ្តួចផ្តើម របស់ប្រធានាធិបតី ស៊ី ជីពីង បានធ្វើឱ្យប្រទេសចិនមានការរីកចម្រើនយ៉ាងខ្លាំង ជាពិសេសបានចូលរួមចំណែកធ្វើឱ្យបណ្តាប្រទេស នៅតំបន់អាស៊ី អឺរ៉ុប និងប្រទេសនៅទ្វីបអាហ្វ្រិក ដែលនៅតាមបណ្តោយខ្សែក្រវាត់ និងផ្លូវរបស់ចិន មានការអភិវឌ្ឍជាបន្តបន្ទាប់។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបន្ថែមទៀតថា គោលនយោបាយខ្សែក្រវាត់ និងផ្លូវនេះ មានសារៈសំខាន់ខ្លាំងណាស់ សម្រាប់អភិវឌ្ឍប្រទេសកម្ពុជាលើគ្រប់វិស័យ។ ជាក់ស្តែងបច្ចុប្បន្ននេះ រដ្ឋាភិបាលចិន បានចូលរួមអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ផ្លូវ ស្ពាន មានចំនួនជាង៣ពាន់គីឡូម៉ែត្រ ព្រមទាំងកសាងផ្លូវល្បឿនលឿនពីភ្នំពេញ ទៅខេត្តព្រះសីហនុ ត្រូវបានចាប់ផ្តើមកសាងបណ្តើរៗ, ការសាងសង់ព្រលានយន្តហោះថ្មី នៅខេត្តសៀមរាប និងការកសាងស្ពានឆ្លងកាត់ទន្លេបាសាក់ និងទន្លេមេគង្គ ក៏ស្ថិតនៅក្នុងគោលនយោបាយខ្សែក្រវាត់ និងផ្លូវផងដែរ។

អតីតប្រមុខការទូតកម្ពុជារូបនេះ បានបញ្ជាក់ថា នៅក្នុងឆ្នាំ២០១៩ កន្លងមកនេះ ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងប្រទេសចិន មានចំនួន ៦,៦ពាន់លានដុល្លារ ហើយសង្ឃឹមថា នៅក្នុងឆ្នាំ២០២០នេះ នឹងកើនឡើងដល់១០ពាន់លានដុល្លារ។ ដោយឡែកនៅឆ្នាំ២០១៩ ភ្ញៀវទេសចរចិន បានមកទស្សនានៅក្នុងប្រទេសកម្ពុជា មានជាង២លាននាក់ តាមរយៈទំនាក់ទំនងដ៏ល្អនេះដែរ សង្ឃឹមថា នៅឆ្នាំ២០២០នេះ ភ្ញៀវទេសចរចិន នឹងមកទស្សនានៅកម្ពុជាអាចនឹងកើនឡើងដល់៣លាននាក់ ផងដែរ។

នៅក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំចិននេះដែរ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក៏បានជូនពរដល់ប្រទេសចិន ឱ្យបន្តរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត៕