ក្រសួងសាធារណការសន្យាជំរុញសកម្មភាពដឹកជញ្ជូនទំនិញតាមផ្លូវដែកឲ្យកាន់តែរស់រវើក


ក្រសួងសាធារណការ និងដឹកជញ្ជូន សន្យាជំរុញសកម្មភាពដឹកជញ្ជូនទំនិញតាមផ្លូវដែក ឲ្យកាន់តែរស់រវើកដើម្បីកាត់បន្ថយខូតខាតផ្លូវជាតិ និងកាន់បន្ថយការគ្រោះថ្នាក់ចរាចរណ៍។

ឯកឧត្ដម តូច ចាន់កុសល់ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា បច្ចុប្បន្ននេះផ្លូវដែក បានកំពុងតភ្ជាប់ដាក់ឱ្យដំណើរការរួចរាល់ហើយ បន្ថែមពីនេះទៀតក្រុមហ៊ុនឯកជនបានទិញរថភ្លើងចំនួន១០គ្រឿងបន្ថែម ដើម្បីលើកស្ទួយការដឹកជញ្ជូនតាមផ្លូវដែកប្រកបដោយប្រសិទ្ធភាព ដែលដឹកទំនិញបានច្រើន។

ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ ឯកឧត្ដមបានបញ្ជាក់ថា ការដឹកជញ្ជូនតាមរថភ្លើងនេះ គឺបើកទាំងយប់ទាំងថ្ងៃ ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការដឹកជញ្ជូនទំនិញមានភាពឆាប់រហ័ស ឆ្លើយតបទៅនឹងតម្រូវការរបស់អាជីវករ ហើយសកម្មភាពនេះនឹងធានាឱ្យការដឹកជញ្ជូនទំនិញតាមផ្លូវជាតិមានការធ្លាក់ចុះផងដែរ។

សំឡេង«ធ្វើយ៉ាងណាឱ្យស្ថានភាពតាមផ្លូវជាតិមានភាពធូរថយ ព្រោះគោលបំណងរបស់រថភ្លើងធំ ទី១កាត់បន្ថយការដឹកជញ្ជូនធ្ងន់លើផ្លួវជាតិ ដើម្បីកុំឱ្យខូចផ្លូវ ទី២កាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍កើតមានឡើង ការធ្វើចរាចរណ៍តាមរថភ្លើងមានសុវត្ថិភាពជាងផ្លូវឡាន ទី៣កាត់បន្ថយការបំពុលបរិស្ថាន ព្រោះរថភ្លើងអូសក្បាលបីបានរហូតទំនិញ៣០ទូ៤០ទូ ចឹងវាស្មើនឹង៣០ឡាន៤០ឡាន ចឹងការបំពុលបរិស្ថាន និងការគ្រោះថ្នាក់ចរាចរណ៍ត្រូវបានកាត់បន្ថយ.»។

ទន្ទឹមនឹងនេះ ក្រសួងសាធារណការបានកំពុងអនុវត្ដយ៉ាងម៉ឺងម៉ាត់ក្នុងការត្រួតពិនិត្យការដឹកជញ្ជូនលើសទម្ងន់ដែលបានធ្វើ ចរាចរណ៍នៅលើផ្លូវជាតិ ដើម្បីរក្សាគុណភាពផ្លូវ ជៀតផុតការគ្រោះថ្នាក់ចរាចរណ៍ និងការពារការពុលបរិស្ថានផងដែរ។
សូមបញ្ជាក់ថា ក្នុងឆ្នាំ២០១៩ ការដឹកជញ្ជូនទិញតាមរថភ្លើង គឺមានចំនួនជាង១ម៉ឺនតោនដែលមានការកើនឡើងជាងឆ្នាំ២០១៨ បន្ទាប់ពីផ្លូវរថភ្លើងពីភ្នំពេញទៅព្រំដែនកម្ពុជា ថៃ បានកែលម្អរួចរាល់៕