លិខិតមិត្តអ្នកអាន៖ អាប៉ោងបើកគ្របហើយបន្ទាប់ពីតុលាការចាក់ឃ្លីបវីដេអូរបស់លោក កឹម សុខា !


ឃ្លីបវីដេអូមានរយៈពេល ជាង1ម៉ោងដែលលោក កឹម សុខា ទាមទារឱ្យមានការចាក់ផ្សាយនោះ ត្រូវបានក្រុមប្រឹក្សាជំនុំជម្រះចាក់ផ្សាយហើយនៅរសៀលថ្ងៃពុធ ទី២២ មករានេះ ទៅតាមសំណើររបស់លោក កឹម សុខា។ អ្វីដែលសំខាន់គឺ ពាក្យសម្តីទាំងអស់ដែលលោក កឹម សុខា បាននិយាយពាក់ព័ន្ធនឹងការឃុបឃិតជាមួយបរទេស ហើយដែលដើមបណ្តឹងបានយកចេញពីការផ្សាយរបស់ទូរទស្សន៍អ៊នឡាញ CBN របស់អូស្រ្តាលី មកធ្វើជាភស្តុតាងនោះគឺមានទាំងអស់នៅក្នុងឃ្លីបនោះ ដោយគ្មានបាត់ពាក្យពេចន៍ណាមួយនោះឡើយ។ នេះសបញ្ជាក់ថា ឃ្លីបវីដេអូខ្លីដែលគេយកចេញពីឃ្លីបទាំងស្រុងនោះគឺមិនបានធ្វើឲ្យបាត់ន័យដើម ហើយក៏មិនមែនជាការកាត់តដើម្បីបំភ្លៃ កាឡៃការពិត ដូចមនុស្សមួយចំនួនបាននិយាយនោះឡើយ។

តាមពិត លោក កឹម សុខា ខ្លួនឯងបានទទួលស្គាល់រួចទៅហើយតាំងពីសវនាការថ្ងៃដំបូងម្ល៉េះថា នោះជារូបពិត និងសំឡេងពិតរបស់គាត់។ ឥឡូវនេះ ពេលចាក់ឃ្លីបវីដេអូទាំងស្រុងដែលលោក កឹម សុខា បានដាក់ជូនតុលាការ ក៏វាបាន បង្ហាញយ៉ាងច្បាស់ថា ឃ្លីបវីដេអូរបស់ដើមបណ្តឹងនោះគឺ ពិត និងដូចគ្នាទាំងស្រុងដោយគ្មានការកែប្រែអ្វីនោះឡើយ។ នេះជាចំណុចសំខាន់បំផុតមួយសម្រាប់ដំណើរការក្តីមួយនេះ។

ដូច្នេះ តាមការយល់ឃើញ របស់ខ្ញុំ ឃ្លីបវីដេអូនោះមិនអាចជួយដោះបន្ទុកលោក កឹម សុខា បានទេ។ ប៉ុន្តែផ្ទុយទៅវីញ ឃ្លីបវីដេអូរបស់លោកកឹម សុខានេះ គឺជាភស្តុតាងដ៏រឹងមាំមួយដែល បញ្ជាក់យ៉ាងច្បាស់ថា វីដេអូរបស់ដើមបណ្តឹង គឺជាវីដេអូពិត និងមិនបានកាត់តនោះទេ។

ហើយ វាក៏អាចក្លាយជាភស្តុតាងកាន់តែរឹងមាំ និងច្បាស់លាស់បន្ថែមទៀតដើម្បីដាក់បន្ទុកបន្ថែមទៅលើលោក កឹម សុខា។ ម្យ៉ាងទៀត វាក៏បានលាងជម្រះក្តីមន្ទិលសង្ស័យទាំងឡាយអំពីធាតុ ពិតនៃឃ្លីបវីដេអូខ្លីនោះឲ្យជ្រះស្រឡះអស់។ កន្លងទៅមានអ្នកខ្លះនិយាយដោយមិនដឹងការពិតថា ឃ្លីបវីដេអូខ្លីដែលដើមបណ្តឹងយកមកធ្វើជាដើមចមដាក់បន្ទុកលោក កឹម សុខា នោះជាឃ្លីបកាត់ត កាឡៃសម្តីលោក កឹម សុខា។ ប៉ុន្តែ ឥឡូវនេះ អាប៉ោងបានបើកគ្របហើយបន្ទាប់ពីតុលាការ បានយកឃ្លីប ទាំងស្រុងរបស់លោក កឹម សុខា ខ្លួនឯងមកចាក់ ដែលក្នុងនោះមានពាក្យសម្តីរបស់គាត់ទាំងអស់ដែលនិយាយក្នុងឃ្លីបខ្លី។

ដូច្នេះ រឿងមន្ទិលសង្ស័យជុំវិញថាតើឃ្លីបវីដេអូនេះពិត រឺប្រឌិតនោះបានចប់សព្វគ្រប់ហើយដោយគ្មានអ្វីត្រូវលើកមកជជែកទៀតទេពីព្រោះទាំងលោក កឹម សុខា ខ្លួនឯងក៏បានសារភាពទទួលស្គាល់ថា ក្នុង
វីដេអូនោះគឺពិតជារូបភាព សំឡេង និងសម្តីរបស់ខ្លួនគាត់ពិតប្រាកដមែន។

ដូច្នេះ សូមអ្នកទាំងឡាយដែល មិនបានដឹងការពិត សូមឈប់និយាយបំភ័ន្តរឿងឃ្លីបនោះតទៅទៀត ពីព្រោះការផ្ទៀងផ្ទាត់បានធ្វើរួចរាល់ និងប្រកបដោយតម្លាភាពបំផុត។ ហើយបើនិយាយឱ្យខ្លី “ទាំងរូបភាព សម្លេង និងសម្តីនៅក្នុងឃ្លីបវីដេអូរបស់លោកកឹម សុខា និងវីដេអូរបស់ដើមបណ្តឹង គឺជាវីដេអូពិត និងដូចគ្នា 100%”។
ពីពេលនេះតទៅ អ្វីដែលពួកយើងទាំងអស់គ្នាគួរគប្បីត្រូវតាមដានបន្តនោះគឺថា តើលោក កឹម សុខា បាននាំយកគំរូបដិវត្តន៍ ពណ៌នៅយូហ្គោស្លាវី និងស៊ែប៊ី ដែលគាត់បានរៀននិងទទួលការ ណែនាំបង្គាប់បញ្ជាពីបរទេសមកអនុវត្តន៍នៅកម្ពុជាយ៉ាងណាខ្លះពោលគឺ តើអ្វីដែលលោក កឹម សុខាបាននិយាយទាំងនោះមានភាពស៊ីសង្វាក់គ្នាដែររឺទេជាមួយព្រឹត្តិការណ៍ដែលបានកើតឡើងកាលពីមុនពេល បោះឆ្នោត កំឡុងពេលបោះឆ្នោត និងក្រោយការបោះឆ្នោតឆ្នាំ ២០១៣ ? សវនាការនេះនឹងបើកកកាយរឿងរ៉ាវទាំងនេះយ៉ាងពិស្តាជាមិនខានឡើយ។ មេធាវីដើមបណ្តឹងអះអាងថា មានភស្តុតាងបីវ៉ាលីធំៗសម្រាប់ដាក់បន្ទុកលោក កឹម សុខា។ ដូច្នេះ យើងគួរគប្បីទុកកិច្ចការនេះអោយអង្គសវនាការក្នុងតុលាការបន្តធ្វើការវិនិច្ឆ័យតទៅទៀតចុះ ជាពិសេសទាំងលោកកឹមសុខាជាជនជាប់ចោទ និងក្រុមមេធាវីការពារកូនក្តីដែលត្រូវរកភស្តុតាងដើម្បីមកដោះបន្ទុក ចំពោះបទក្បត់ជាតិមួយនេះ។

ប៉ុន្តែអ្វីដែលខ្ញុំបានកត់សំគាល់ផងដែរនៅថ្ងៃនេះ ដែល
ជាព្រឹត្តិការណ៍សំខាន់នោះគឺ ខណៈដែលសវនាការកាត់ក្តីរឿង«សន្ទិដ្ឋិភាពជាមួយបរទេស»របស់លោក កឹម សុខា កំពុងដំណើរការនៅឯភ្នំពេញ, ព្រឹទ្ធសភាសហរដ្ឋអាមេរិកឯណោះក៏កំពុងដំណើរការនីតិវិធី សវនាការដើម្បីដកតំណែងប្រធានាធិបតី ដូណាល់ ត្រាំ ដែរពាក់ព័ន្ធនឹងការចោទប្រកាន់រឿងមានទំនាក់ទំនងឃុបឃិតជាមួយប្រធានាធិបតីអ៊ុយក្រែនប្រឆាំងនឹងគូប្រជែងរបស់ខ្លួនគឺលោក ជោ បាយដិន។

នេះសបញ្ជាក់ថា រឿងសន្ទិដ្ឋិភាព ជាមួយបរទេសជាបញ្ហារសើប និងជារឿងសាកល ដែលគ្រប់ប្រទេសក្នុងលោក ជាពិសេសប្រទេសអភិវឌ្ឍន៍ជឿនលឿន ចាប់អារម្មណ៍ខ្លាំង។ ដូច្នេះ សូមអ្នកទាំងឡាយដែលនិយាយថា ករណីលោក កឹម សុខា ជារឿងនយោបាយនោះ សូមបើកភ្នែកមើលរឿងរ៉ាវដែលកើតឡើងក្នុងពិភពលោកផង មុននឹងហារមាត់និយាយពីករណី លោក កឹម សុខាហើយក៍យើងមិនគួរគប្បីទាញការសន្និដ្ឋានទុកជាមុនថាជារឿងនេះ រឺរឿងនោះឡើយ ព្រោះរឿងក្តីនេះបាននិងកំពុងតែដំណើរការតាមផ្លូវច្បាប់។ ខ្ញុំយល់ថា គេមិនអាចលើកយក រឿងនយោបាយមកបិទបាំងរឿងព្រហ្មទណ្ឌបានទេ។

អ្នក នយោបាយក៍មិនអាចគេចវេស ពីបញ្ហាផ្លូវច្បាប់ដោយសារតែខ្លួនមានឋានៈជាអ្នកនយោបាយបាន នោះដែរ។ ប៉ុន្តែ អ្វីដែលសំខាន់គឺត្រូវតតាំងគ្នានៅចំពោះមុខតុលាការ ហើយត្រូវទុកឲ្យតុលាការចាត់ការតាមនីតិវិធីច្បាប់ជាធរមានដោយគ្មានអ្នកណាអាចដាក់សម្ពាធ ឬបញ្ជាតុលាការ បានឡើយ ជាពិសេស ក្រោយពីមានការចាក់បញ្ចាំងវីដេអូ តាមការទាមទាររបស់លោក កឹម សុខា បានបង្ហាញនូវការពិតមួយដែលមិនអាចប្រកែកបាន ដូច អាប៉ោងបើកគ្របអញ្ចឹងគឺ ” វីដេអូទាំង២នេះ ដូច មួយដំបរ និងបួន ! “។

ដោយ : អ្នកតាមដាន នយោបាយតុកាហ្វេ