សម្ដេចក្រឡាហោម ស ខេង ដឹកនាំកិច្ចប្រជុំលើកទី៤ គណៈកម្មាធិការជាតិដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម


នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០នេះ គណៈកម្មាធិការជាតិដឹកនាំតម្រង់ទិសការងារ អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម (គ.ជ.ដ.អ) បានបើកកិច្ចប្រជុំសាមញ្ញលើកទី៤ ក្រោមអធិបតីភាព សម្តេចក្រឡានហាម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.ដ.អ។

កិច្ចប្រជុំរបស់ គ.ជ.ដ.អ. មានគោលបំណងពិនិត្យទៅលើវឌ្ឍនភាព នៃការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ ស្តីពីអត្តសញ្ញាណកម្ម ឆ្នាំ២០១៧-២០២៦ និងសម្រេចបាននូវលទ្ធផលដូចខាងក្រោម៖

ទី១៖ បានអនុម័តយល់ព្រមលើកំណត់ហេតុ ប្រជុំសាមញ្ញលើកទី៣ របស់ គ.ជ.ដ.អ

ទី២៖ បានស្តាប់ និងឯកភាពលើខ្លឹមសារ នៃរបាយការណ៍ប្រចាំឆ្នាំ២០១៩ ស្តីពីវឌ្ឍនភាពនៃការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ ស្តីពីអត្តសញ្ញាណកម្ម ឆ្នាំ២០១៧-២០២៦ និងរបាយការណ៍សង្ខេប ស្តីពីវឌ្ឍនភាព នៃការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម

ទី៣៖ បានទទួលអនុសាសន៍ដឹកនាំសំខាន់ៗ សម្រាប់តម្រង់ទិសការងារអាទិភាពមួយចំនួនគឺ (ក)៖ ការងាររៀបចំ សេចក្តីព្រាងច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម, (ខ)៖ ការបង្កើតប្រព័ន្ធរួមអត្តសញ្ញាណកម្មប្រជាជន និង (គ)៖ គម្រោងសាកល្បងតភ្ជាប់ប្រព័ន្ធ ចុះបញ្ជីអត្រានុកូលដ្ឋាន ជាមួយប្រព័ន្ធសុខាភិបាលនៅតាមមណ្ឌលសុខភាព៕