ខេត្តតាកែវ៖ ឯកឧត្តម បណ្ឌិត វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំង ឯកឧត្តម លោកជំទាវ ប្រតិភូអមដំណើរ នៅរសៀលថ្ងៃពុធ ៥ កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ ព្រមទាំង លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកំលាំងប្រដាប់អាវុធទាំង៣ប្រភេទ និងប្រជាពលរដ្ឋជាច្រើនកុះករ បានអញ្ជើញចូលរួមអបអរសាទរពិធីបុណ្យដារលាន ដែលត្រូវបានរៀបចំធ្វើឡើងនៅភូមិខ្លាកូន ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ។
ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានមានប្រសាសន៍ថា បុណ្យដារលាន គឺជាពិធីបុណ្យមួយដែលប្រជាពលរដ្ឋខ្មែរ តែងតែបានប្រារព្ធធ្វើជារៀងរាល់ឆ្នាំ បន្ទាប់ពីច្រូតកាត់ប្រមូលផលស្រូវរួចរាល់ ក្នុងគោលបំណងរំលឹកដឹងគុណដល់ទឹក ដី និងអាកាសធាតុ ដែលបានអនុគ្រោះដល់ការបង្កបង្កើនផលឱ្យទទួលទិន្នផលល្អ ដោយអភិរក្សបាននូវប្រពៃណី ទំនៀមទម្លាប់ ជំនឿតាំងពីបុព្វបុរស រហូតមកដល់ពេលនេះ ប្រជាពលរដ្ឋនៅតែរក្សា និងរៀបចំធ្វើបុណ្យដារលាន ឬឱ្យឈ្មោះម្យ៉ាងទៀតថា «បុណ្យពូនភ្នំស្រូវ» ជារៀងរាល់ឆ្នាំ បន្ទាប់ពីបញ្ចប់ការប្រមូលផល។
សូមជម្រាបជូនថា ពិធីបុណ្យដារលាន នេះមានអត្ថន័យ៖
ទី១-ជាពិធីបុណ្យមានទំនាក់ទំនងទៅនឹងទំនៀមទំលាប់ ជំនឿសាសនាដែលប្រជាកសិករតែងតែប្រកាន់ខ្ជាប់នូវប្រពៃណីនេះ ហើយនាំគ្នាប្រារព្ធពិធីតាមរដូវកាល ជំនឿ និងធនធាន។ គេអាចមូលមតិគ្នាជាឯកច្ឆន្ទធ្វើជាលក្ខណៈគ្រួសារ អន្តរភូមិ ឬអន្តរឃុំក្នុងគោលបំណងចំបងគឺរក្សានូវអត្ដសញ្ញាណរបស់ប្រជាកសិករនៅតាមតំបន់ និងដើម្បីជួយថែរក្សាកេរ្តិ៍មរតកវប្បធម៌ដ៏ប្រពៃតាំងពីយូរយង់ ជាពិសេសរក្សាបាននូវអត្ដសញ្ញាណព្រលឹងជាតិខ្មែរឱ្យបានគង់វង្ស។
ទី២-ពិធីបុណ្យ នេះបានបង្កប់នូវអត្ថន័យទាក់ទងនិងវិស័យកសិកម្មដូចជាការគោរពដឹងគុណចំពោះម្ចាស់ទឹក ម្ចាស់ដី និងវត្ថុស័ក្តិសិទ្ធិ ការអប់រំឱ្យប្រជាកសិករចេះស្រឡាញ់ស្រូវឱ្យដូចស្រឡាញ់ម្តាយ និងជីវិតខ្លួនឯងដូចបុរមបូរាណបានពោលថាស្រូវជាព្រះមេ ដែលកសិករបានយកចិត្តទុកដាក់ ទាំងកម្លាំងកាយនិងកម្លាំងចិត្តគ្រប់បែបយ៉ាងមើលថែរក្សាទោះស្ថិតក្រោមកម្ដៅព្រះអាទិត្យនិងភ្លៀងផ្គរយ៉ាងណាតាំងពីពេលដាំដុះរហូតដល់ពេលប្រមូលផលដាក់ក្នុងជង្រុកអស់រយៈពេលពេញមួយរដូវបង្កបង្កើនផល។ មួយវិញទៀតពិធី នេះបានបង្កើតឱកាសជូនប្រជាកសិករឲ្យមកជួបជុំញាតិមិត្ដជិតឆ្ងាយ ផ្លាស់ប្ដូរនិងប្រឹក្សាយោបល់គ្នាអំពីការងារបង្កបង្កើនផលនាឆ្នាំកន្លង ជាពិសេសដើម្បីពង្រីកនិងពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងភាតរភាពក្នុងរង្វង់គ្រួសារកសិករខ្មែរ រួចនាំគ្នាកម្សាន្ដសប្បាយតាមប្រពៃណី។ ក្រៅពីនេះ ពិធីបុណ្យក៏ជាឱកាសសម្រាប់កសិករ អ្នកជំនាញ និងថ្នាក់ដឹកនាំស្វែងយល់អំពីបទពិសោធន៍និងបច្ចេកទេសថ្មីៗពីគ្នាទៅវិញទៅមក ដើម្បីជំរុញអភិវឌ្ឍន៍វិស័យកសិកម្មឱ្យកាន់តែរីកចម្រើនថែមទៀត ហើយក៏ មានការតាំងពិពណ៌ផលិតផលនិងគ្រឿងចក្រកសិកម្មផងដែរ៕