រដ្ឋបាលរាជធានីភ្នំពេញ ចាប់ផ្តើមពិភាក្សាបង្កើតកញ្ចប់ទេសចរណ៍ថ្មើរជើងថ្មីនៅរាជធានីភ្នំពេញ តាមដងទន្លេសាប


រដ្ឋបាលរាជធានីភ្នំពេញ ចាប់ផ្តើមពិភាក្សាលើផែនការបង្កើតកញ្ចប់ទេសចរណ៍ថ្មើរជើងថ្មីមួយកន្លែង ក្នុងរាជធានីភ្នំពេញ ស្របតាមដងទន្លេសាប ចាប់ពីតំបន់រមណីយដ្ឋានវត្តភ្នំ ដល់មុខព្រះបរមរាជវំាង ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ។

ក្រុមការងារពិសេសរបស់រដ្ឋបាលរាជធានីភ្នំពេញ បានចុះសិក្សាពីបញ្ហាផ្សេងៗ និងកំណត់ទីតាំងមួយចំនួន ដើម្បីឆ្ពោះបង្កើតផ្លូវថ្មើរជើង ដែលចេញពីមុខប្រៃសណីយ៍កម្ពុជា រហូតដល់បន់មុខព្រះបរមរាជវាំងនៅពេលឆាប់ៗនេះ ដែលឆ្លើយតបទៅនឹងតម្រូវការភ្ញៀវទេសចរជាតិនិងអន្តរជាតិ។

ថ្លែងក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេសរបស់សាលារាជធានី នារសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០នេះ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា អាជ្ញាធរត្រៀមកែលម្អផ្លូវ ចិញ្ចើមផ្លូវ សួនច្បារ ដាំដើមឈើ និងភ្លើងលម្អពណ៌នាពេលរាត្រី រួមទាំងផ្សារាត្រី ផាប់ស្ទ្រីត ផ្សារណាត់ ផ្សារកសិផល ក្លឹបកម្សាន្ត ស្កាយបា កន្លែងលក់វត្ថុអនុស្សាវរីយ ផលិតផលកសិកម្ម ចំណតយានយន្ត និងចំណតផែទូកទេសចរណ៍ ដែលឆ្លើយតបទៅនឹងតម្រូវការនៃការបង្កើតផ្លូវថ្មើរជើងប្រកបដោយភាពទាក់ទាញ។

លោកប្រធានមន្ទីរបានបញ្ជាក់ថា គម្រោងកែលម្អទាំងនេះ គឺមានភាពបន្ស៊ីគ្នា ដែលធានាបានសុខដុមនីយកម្ម រវាងវិស័យទេសចរណ៍ និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទីក្រុង ពោលគឺធានាបានសណ្តាប់ចរាណ៍ និងមិនរំខានដល់ផ្លូវថ្មើរជើង។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា គម្រោងបង្កើតផ្លូវថ្មើរជើងនេះ នឹងក្លាយជាកញ្ចប់ទេសចរណ៍ថ្មីសម្រាប់រាជធានីភ្នំពេញ ដើម្បីទាក់ទាញភ្ញៀវទេសចរឲ្យ មកលេងរាជធានីភ្នំពេញបានកាន់តែច្រើន។ ឯកឧត្តមអភិបាលរាជធានី បានបញ្ជាក់ថា ផ្លូវថ្មើរជើងនេះភ្ញៀវទេសចរអាចមានជម្រើសដើរលេងកម្សាន្តច្រើន ដូចជានៅតំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ សួនកុមារ ប្រៃសណីយផ្សាររាត្រី តំបន់ទេសភាពមាត់ទន្លេដ៏ស្រស់ស្អាត វត្តឧណ្ណាលោម សារៈមន្ទីរជាតិ ព្រះបរមរាជវាំង ដែលធ្វើឲ្យភ្ញៀវដើរទស្សនាកម្សាន្តសប្បាយប្រកបដោយភាពរីករាយ។

ឯកឧត្តម ឃួង ស្រេង បានណែនាំដល់ក្រុមការងារឲ្យសិក្សាពីពេលវេលា ប្រព័ន្ធបញ្ជៀសចរាចរណ៍ និងកន្លែងចំណតយានយន្តឲ្យបានត្រឹមត្រូវ ដើម្បីអោយកញ្ចប់សេវាទេសចរណ៍ថ្មីនេះ បានធ្វើដំណើរការដោយរលូន គ្មានការរំខានដល់ប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា កញ្ចប់ទេសចរណ៍ផ្លូវថ្មើរជើងនេះ អាចបង្កើតឡើងក្នុងមួយសប្តាហ៍ចំនួន ៣ថ្ងៃ គឺចាប់ពីថ្ងៃសុក្រ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង១៦រសៀល ដល់ម៉ោង ១២យប់ហើយមិនអនុញ្ញាត ឲ្យមានយាន្តជំនិះផ្សេងៗ ឆ្លងកាត់ឡើយគឺសម្រាប់តែថ្មើរជើងតែប៉ុណ្ណេះ។ គម្រោងបង្កើតកញ្ចប់ទេសចរណ៍ថ្មើរជើងនេះបានធ្វើឡើង ក្រោមកិច្ចសហការរវាងរដ្ឋបាលសាលា រាជធានីភ្នំពេញ និងក្រសួងទេសចរណ៍ ក្រោមការចង្អុលបង្ហាញពីឯកឧត្តមឧបនាយករដ្ឋមន្រី្ត អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕