លោកជំទាវ ម៉ែន សំអន ជួបសំណេះសំណាល និងពិសារអាហារសាមគ្គី ជាមួយបងប្អូនប្រជាពលរដ្ឋខ្មែររស់នៅប្រទេសកាណាដា


លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានជួបសំណេះសណាល និងពិសារអាហារសាមគ្គី ជាមួយក្រុមការងារទទួលបន្ទុកយុវជនក្រៅប្រទេស ក្នុងឱកាសដែលបងប្អូនប្រជាពលរដ្ឋខ្មែររស់នៅប្រទេសកាណាដា មកសួរសុខទុក្ខបងប្អូននៅកម្ពុជាក្នុងអំឡុងពេលចូលឆ្នាំប្រពៃណីជាតិចិន។

ការជួបជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ហ៊ុន ម៉ាណែត ប្រធានក្រុមយុវជនក្រៅប្រទេស, លោកស្រីឧកញ៉ា អ៊ឹង ស៊ីស្រ៊ន និងលោក លោកស្រីប្រមាណជាង ១០០នាក់ នៅភោជនីយដ្ឋានឡឺប្រេស៊ីដង់ រាជធានីភ្នំពេញ ថ្ងៃពុធ ៤កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ ។

ថ្លែងក្នុងឱកាសនោះលោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានពាំនាំការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនទាំងអស់ដែលមានវត្តមាននៅថ្ងៃនេះ ដោយក្តីស្រឡាញ់ និងនឹករលឹក។

លោកជំទាវក៏បានបន្តទៀតថា កម្ពុជាបច្ចុប្បន្នក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានអនុវត្តនូវគោលនយោបាយឈ្នះ-ឈ្នះ ដែលបានប្រែក្លាយប្រទេសពីមានសង្គ្រាមរ៉ាំរ៉ៃ មកជាប្រទេសដែលមានការរីកចម្រើន និងការអភិវឌ្ឍន៍លើគ្រប់វិស័យ និងបានធ្វើឱ្យប្រជាជាតិយើងទទួលបានសុខសន្តិភាពពេញលេញនៅទូទាំងប្រទេសនិងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ដែលអនុញ្ញាតឲ្យយើងទាំងអស់គ្នាបានជួបជុំដោយក្តីរីករាយ។

លោកជំទាវ ម៉ែន សំអន ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋខ្មែរ នៅពេលដែលត្រលប់ទៅប្រទេសកាណាដាវិញ សូមផ្សព្វផ្សាយដល់បងប្អូនដែលរស់នៅក្រៅប្រទេស ក៏ដូចជាអន្តរជាតិ អំពីការអភិវឌ្ឍន៍ និងការរីកចម្រើនរបស់ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ប្រទេស ក្នុងទាក់ទាញទេសចរណ៍ ក៏ដូចជាទាក់ទាញនូវបណ្តាអ្នកវិនិយោគទុន ដែលមានបំណងចង់មកបណ្តាក់ទុកវិនិយោគនៅកម្ពុជាផងដែរ៕