មន្ទីរអប់រំយុវជន និងកីឡាខេត្តមណ្ឌលគិរី រៀបចំបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២០


មណ្ឌលគិរី៖ លោក សាយ ម៉េងគីម អភិបាលរងនៃគណៈអភិបាលខេត្តមណ្ឌលគិរី អញ្ជើញជាអធិបតី ក្នុងពិធីបើកសន្និបាតបូកសរុបវាយតម្លៃលទ្ធផលការងារអប់រំយុវជន និងកីឡាឆ្នាំសិក្សា២០១៨-២០១៩ និងលើកទិសដៅការងារឆ្នាំ២០១៩-២០២០ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការជុំវិញខេត្ត តំណាងអង្គការដៃគូនានា និងលោកគ្រូ អ្នកគ្រូជាច្រើនរូប ដែលប្រព្រឹត្តទៅនៅមន្ទីរអប់រំយុវជន និងកីឡាខេត្ត នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០។
លោក ទឹម សង្វាត ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត បានឱ្យដឹងថា ក្នុងឆ្នាំសិក្សា២០១៩-២០២០នេះ ខេត្តបុគ្គលិកអប់រំសរុបចំនួន ៩៧៤នាក់ ស្រី ៤៤២នាក់ មានសាលារៀនសរុបចំនួន ១៦៩សាលា (គិតទាំងមត្តេយ្យសហគមន៍ និងសាលារៀនឯកជន) ដែលមានសិស្សសរុបចំនួន ២១.៨៤២នាក់ ស្រី១១.០១៣នាក់ ក្នុងសិស្សជនជាតិដើមភាគតិចចំនួន ៨.៥៩៩នាក់ ស្រី ៥.២៦៥នាក់។ ជារួមលទ្ធផលទាំងនេះបើប្រៀបធៀបនឹងឆ្នាំសិក្សា ២០១៨-២០១៩ទាំងថ្នាក់រៀន និងចំនួនសិស្សគឺមានការកើនឡើង ដោយសារការបើកថ្នាក់រៀននៅតាមភូមិគោលដៅមួយចំនួនដែលមានកុមារដល់វ័យសិក្សាចូលរៀន។ លោក បញ្ជាក់ថា ក្នុងឆ្នាំសិក្សា២០១៨-២០១៩ ចំពោះលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិមានបេក្ខជនសរុប ៧១៤នាក់ ស្រី ៤១៩នាក់ និងបានប្រឡងជាប់ចំនួន ៦៤០នាក់ ស្រី ៣៥៦នាក់ រីឯការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមានបេក្ខជនសរុប ៤០១នាក់ ស្រី២២១នាក់ និងបានប្រឡងជាប់ចំនួន ៣៥៧នាក់ ស្រី ២០០នាក់ ស្មើនឹង៨៩,០៣% ក្នុងនោះ និទ្ទេសA ១នាក់ និទ្ទេសB ០៣នាក់ និទ្ទេសC ៣៦នាក់ និទ្ទេសD ១១២នាក់ និងនិទ្ទេសE ចំនួន២០៥នាក់ ដោយរាប់បញ្ចូលនូវសិស្សស្វ័យរិន និងសិស្សបំពេញវិជ្ជា។
លោក សាយ ម៉េងគីម អភិបាលរង នៃគណៈអភិបាលខេត្ត បានថ្លែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្រ្តីនៃមន្ទីរអប់រំ លោកគ្រូ អ្នកគ្រូ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក៏ដូចជាអង្គការដៃគូទាំងអស់ ដែលបានខិតខំប្រឹងប្រែងធ្វើឱ្យវិស័យអប់រំ យុវជន និងកីឡាខេត្ត មានការរីកចម្រើន។ លោក បន្ថែមថា សមិទ្ធផលទាំងនេះ ជាការរួមចំណែកធ្វើឱ្យការវិវឌ្ឍន៍ឈានឡើងក្នុងវិស័យអប់រំក្នុងខេត្ត ឱ្យស្របទៅនឹងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលក្នុងអាណត្តិទី៦នេះ។ លោក អភិបាលរងខេត្ត បានណែនាំដល់លោកគ្រូ អ្នកគ្រូ មន្រ្តីអប់រំ និងអង្គការដៃគូ ត្រូវបន្តលើកកម្ពស់ស្មារតីទទួលខុសត្រូវលើភារកិច្ច និងតួនាទីរបស់ខ្លួន ដោយសហការសាមគ្គីគ្នា ក្នុងការអនុវត្តតាមផែនការរបស់ក្រសួងអប់រំ ក្នុងការពង្រឹង និងពង្រីកបរិមាណ និងគុណភាពអប់រំឆ្លើយតបទៅនិងតម្រូវការចាំបាច់ ក្នុងការកសាងធនធានមនុស្សប្រកបដោយចំណេះដឹង ចំណេះធ្វើ និងមានសីលធម៌ ដើម្បីឆ្លើយតបនិងទីផ្សារនាបេលបច្ចុប្បន្ន និងអនាគត៕