ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុបការងារ របស់ក្រសួងការបរទេស


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០នេះ អញ្ជើញជាអធិបតីបិទសន្និបាតបូក សរុបការងារ ឆ្នាំ២០១៩ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២០ របស់ក្រសួងការបរទេស។ ពិធីបិទសន្និបាតនេះធ្វើឡើងវិមានសន្តិភាព។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០នេះ បានបើកសន្និបាតបូកសរុបការងារសម្រេចបានក្នុងឆ្នាំ២០១៩ និងលើកទិសដៅការងារ ដែលត្រូវអនុវត្តន៍បន្តក្នុងឆ្នាំ២០២០។

ពិធីបើកសន្និបាតត្រូវបានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការរបស់ក្រសួង ឯកអគ្គរាជទូត តំណាងអចិន្ត្រៃយ៍ អគ្គកុងស៊ុល កុងស៊ុលកិត្តិយស និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជាមួយចំនួនទៀត។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី  ប្រាក់ សុខុន ក្នុងពិធីបើកសន្និបាត បានបង្ហាញការងារជាច្រើនដែលក្រសួងសម្រេចបាននៅឆ្នាំ២០១៩។ ជាពិសេសការងារពង្រឹងការទូតជាមួយបណ្តាប្រទេសជាមិត្ត។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី  ប្រាក់ សុខុន បានឱ្យគិតមកដល់ពេលនេះ កម្ពុជានាពេលបច្ចុប្បន្ននេះ មានទំនាក់ទំនងការទូត ជាមួយប្រទេសចំនួន១៧៤ នៅលើពិភពលោក ហើយមានស្ថានតំណាងប្រចាំបរទេសចំនួន៦៣។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក្រសួងការបរទេស បានលើកឡើងថា ទិសស្លោក «កែទម្រង់ផ្ទៃក្នុង និងបង្កើនមិត្តខាងក្រៅ ឈរលើស្មារតីឯករាជ្យជាតិ» ដែលសម្តេចតេជោនាយករដ្ឋមន្ត្រី បានដាក់ចេញ ពិតជាសមស្របបំផុតទៅនឹងការងាររបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បន្តថា ឆ្នាំ២០១៩កន្លងទៅ កម្ពុជាបានចាប់ផ្តើមស្តារទំនាក់ទំនងការទូត និងមិត្តភាពជាមួយប្រទេសនានា ដែលជាមិត្តចាស់របស់ខ្លួន រួមមានសាធារណរដ្ឋឆែក ប៊ុលហ្គារី ហុងគ្រី រូម៉ានី ស៊ែប៊ី។ កម្ពុជា ថែមទាំងបានទិញអគាររៀបចំស្ថានទូតនៅទីក្រុងអង់ការ៉ា ចាប់ផ្តើមជួសជុលស្ថានទូត នៅទីក្រុងសូហ្វីយ៉ា និង បែលក្រាដ បើកស្ថានអគ្គកុងស៊ុលថ្មី នៅទីក្រុងហៃគូ និងកំពុងគិតគូរបើកស្ថានទូតថ្មី នៅប៊ូដាប៉េស្ត៍ផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់ថា សមិទ្ធផលជាច្រើនដែលកម្ពុជាសម្រេចបានជាបន្តបន្ទាប់មកនេះ ក៏ដោយសារមានការគាំទ្រយ៉ាងពេញទំហឹង ពីសំណាក់សម្តេចតេជោ ដែលជាប្រមុខការទូតដ៏ឆ្នើមរបស់កម្ពុជា និងការគាំទ្រ និងកិច្ចសហប្រត្តិបត្តិការល្អពីបណ្តាក្រសួង ស្ថាប័នដែលពាក់ព័ន្ធ ក៏ដូចជាការខិតខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្ត និងដោយមិនខ្លាចនឿយហត់ពីសំណាក់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់របស់ក្រសួងការបរទេស និងសហប្រត្តិបត្តិការអន្តរជាតិ ដើម្បីសម្រេចឲ្យបានជោគជ័យនូវការដ្ឋានកំណែទម្រង់ដ៏ធំ។

សូមបញ្ជាក់ថា សន្និបាតប្រចាំឆ្នាំ២០២០ បានផ្តល់កាលានុវត្តភាពជាច្រើនសម្រាប់អ្នកការទូតកម្ពុជា អាចពង្រីកចំណេះដឹងប្រតិបត្តិ និងកម្រិតវិភាគកាន់តែទូលំទូលាយ លើបញ្ហាសំខាន់ៗដែលពាក់ព័ន្ធនឹង ទី១៖ បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា, ទី២៖ ស្ថានភាពវិនិយោគបរទេសនៅកម្ពុជា និងទី៣៖ យុទ្ធសាស្រ្តសមាហរណកម្មពាណិជ្ជកម្មរបស់កម្ពុជា ដើម្បីពង្រឹងការទូតសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព នៅលើឆាកអន្តរជាតិ៕