រដ្ឋបាលខេត្តកោះកុង ចេញសេចក្តីប្រកាសព័ត៌មាន៖ ជនជាតិចិនទាំង ២នាក់ ពុំមានផ្ទុកមេរោគថ្មីកូរ៉ូណានោះទេ ហើយពួកគេត្រឡប់ទៅប្រទេសចិនវិញហើយ


(កោះកុង)៖ រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា ជនជាតិចិនចំនួន ២នាក់ ដែលកំពុងស្នាក់នៅក្នុងខេត្តកោះកុង ពុំមានផ្ទុកមេរោគថ្មីកូរ៉ូណានោះទេ ហើយពេលនេះពួកគេបានធ្វើដំណើរវិលត្រឡប់ទៅប្រទេសចិនវិញហើយ។

រដ្ឋបាលខេត្តកោះកុង បានជូនដំណឹងដល់សាធារណជនទាំងក្នុងប្រទេស និងក្រៅប្រទេសយ៉ាងដូច្នេះថា កន្លងមកមានអ្នកសារព័ត៌មានខ្លះបានចុះផ្សាយថា មានជនជាតិចិន ២នាក់ ឈ្មោះ YIN GONGPING ភេទប្រុស អាយុ ៤៥ឆ្នាំ និងកូន ឈ្មោះ YIN ZHENGYIN ភេទប្រុស អាយុ ១៤ឆ្នាំ មកពីក្រុងវូហាន ខេត្តហ្វីប៉ី (HUPI) នៃសាធារណៈរដ្ឋប្រជាមានិតចិន បានមកស្នាក់នៅកំសាន្ត នៅក្នុងតំបន់វិសមកាលតារាសាគរ ស្រុកគីរីសាគរ ខេត្តកោះកុង ហើយសង្ស័យមានផ្ទុកមេរោគថ្មីកូរ៉ូណា (Corona)។ ប៉ុន្តែតាមការពិនិត្យយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យជំនាញរួចមក អ្នកទាំងពីរនោះ ពុំមានផ្ទុកមេរោគថ្មីកូរ៉ូណានោះទេ ហើយបច្ចុប្បន្ននេះ ជនជាតិចិនទាំងពីររូបបានធ្វើដំណើរវិលត្រឡប់ទៅប្រទេសចិនវិញហើយ។

ការបញ្ជាក់ភ្លាមៗរបស់រដ្ឋបាលខេត្តកោះកុងខាងលើនេះ បានធ្វើឡើងក្រោយមានការផ្សាយតាមបណ្តាញព័ត៌មាន និងបណ្តាញសង្គមថា មានករណីឆ្លងមេរោគកូរ៉ូណា ២នាក់នៅខេត្តកោះកុង។

សូមបញ្ជាក់ថា គិតត្រឹមរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០នេះ កម្ពុជាមានអ្នកជំងឺរលាកសួត កូរ៉ូណា តែម្នាក់ប៉ុណ្ណោះ គឺជនជាតិចិននៅខេត្តព្រះសីហនុ៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តកោះកុង៖