ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រជុំគ្រប់បណ្តាកងឯកភាពត្រៀមចុះជួយផ្តល់ទឹកដល់ប្រជាពលរដ្ឋ


ខេត្តកំពង់ធំ៖ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបើកកិច្ចប្រជុំ គ្រប់បណ្តាកងឯកភាព ចំណុះឲ្យបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ត្រៀមចុះជួយផ្តល់ទឹកដល់ បងប្អូនប្រជាពលរដ្ឋ ដែលមានការខ្វះខាតទឹក នាពេលខាងមុខ ក្នុងអំឡុងខែកុម្ភៈ និងមីនា ឲ្យបានទាន់ពេលវេលា ចៀសវាង ប្រជាពលរដ្ឋជួបការលំបាក ក្នុងការប្រើប្រាស់ទឹក។

កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើង នៅថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២០ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងមានការចូលរួម ពីនាយទាហាន ថ្នាក់ដឹក​នាំ នៃបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងមេបញ្ជាការគ្រប់កងឯកភាព ចំណុះក្រុង ស្រុក និងវរសេនាតូចទាំង២ ក្នុងគោលបំណង ត្រួតពិនិត្យ កិច្ចការប្រុងប្រៀប ត្រៀមលក្ខណៈ មធ្យោបាយ និងសម្ភារៈ ផ្សេងៗ ដើម្បីបំរើប្រជាពលរដ្ឋក្នុងរដូវប្រាំងនេះ ដែលជួបការខ្វះខាតទឹក ក្នុងការប្រើប្រាស់ទឹក ក្នុងភូមិ សង្កាត់មួយចំនួន ក្នុងខេត្តកំពង់ធំ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន បានមានប្រសាសន៍ថា ដោយពិនិត្យឃើញ ស្ថានភាពរដូវប្រាំងហួត ហែង និងបានសណ្ឋានស្ថានភាពអាកាសធាតុខាងមុខ និងមានការខ្វះខាតទឹក ក្នុងនោះឯកឧត្តម បានណែនាំឲ្យកងកម្លាំងចំណុះឲ្យ តំបន់សឹករងកំពង់ធំ គ្រប់កងឯកភាព យកចិត្តទុកដាក់ បំរើប្រជាពលរដ្ឋ ឲ្យអស់ពីចិត្តពីថ្លើម ព្រោះកងទ័ពគឺជាកូនចៅរបស់ប្រជាជន និងបានរំលឹកដល់មេបញ្ជាការគ្រប់កងឯកភាព និងទីបញ្ជាការ ត្រូវត្រៀមទឹកជាស្រេច សម្រាប់ការពន្លត់អគ្គភ័យ ដែលអាចនិងកើតមានឡើងជាយថាហេតុ នៅតាមបណ្តាឃ្លាំង និងចំនុចផ្សេងៗក្នុងមូលដ្ឋានកងទ័ព និងសុំឲ្យមានការទទួលខុសត្រូវខ្ពស់ ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន បានឆ្លៀតឳកាស ណែនាំផ្តាំផ្ញើរ ប្រកបដោយក្តី ព្រួយបារម្ភណ៍ ដល់ ការរស់នៅរបស់បងប្អូន ប្រជាជលរដ្ឋ ក្នុងរដូវក្តៅ សូមឲ្យថែរក្សាសុខភាព កូនក្មេង និង មនុស្សចាស់ ពិសារអាហារឲ្យមានអនាម័យ និងការរស់នៅស្អាត ទើបអាចបញ្ជ្រាសបញ្ហាជំងឺរាករូស និងជំងឺផ្សេងៗ ជាពិសេស នោះសូមឲ្យមានការប្រុងប្រយ័ត្ន នូវភ្លើងធូបទាន ភ្លើងជើងក្រាន្ត មុនពេលចាកចេញពីផ្ទះ សូមពន្លត់ឲ្យអស់ ដើម្បីការពារទប់ស្កាត់ កុំឲ្យមានអគ្គីភ័យកើតឡើង នៅក្នុងមូលដ្ឋាន ។