កិច្ចប្រជុំអន្តរក្រសួងស្តីពីការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុ ប៉ះពាល់បរិស្ថាន និងសង្គមដំបូង លើគម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំនឹង​សម្លៀកបំពាក់ របស់ក្រុមហ៊ុន ភី ភី អេស អ៊ី ស៊ី ឯ.ក នៅរាជធានី​ភ្នំពេញ


នៅទីស្តីការក្រសួងបរិស្ថាន នៅព្រឹកថ្ងៃសុក្រ ៧កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនៃក្រសួងបរិស្ថាន​ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងស្តីពីការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង លើគម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំនឹង​សម្លៀកបំពាក់របស់ក្រុមហ៊ុន ភី ភី អេស អ៊ី ស៊ី ឯ.ក លើផ្ទៃដីទំហំ ១០.០០០ម៉ែត្រការ៉េ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ក្នុងភូមិសាស្រ្តភូមិបឹងធំទី៣ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ ដែលបានសិក្សា និងវាយតម្លៃដោយក្រុម​ហ៊ុន​ទីប្រឹក្សា អ៊ី & អេ ខនសាន់ធេន ឯ.ក ។

កិច្ចប្រជុំនេះ មានសមាសភាពចូលរួមពី តំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងបរិស្ថាន​ អគ្គលេខាធិការដ្ឋាន​នៃ​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយចីរភាព​ តំណាងអន្តរក្រសួងពាក់ព័ន្ធ​ តំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រដ្ឋបាលរាជធានីភ្នំពេញ មន្ទីរបរិស្ថានរាជធានី​ភ្នំពេញ នាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាននៃក្រសួងបរិស្ថាន និងតំណាងក្រុមហ៊ុនវិនិយោគ និងក្រុមហ៊ុនទីប្រឹក្សា ចំនួន​ ៣០នាក់។

ជារួម កិច្ចប្រជុំ​ បានទទួលលទ្ធផល​ ដូចខាងក្រោម៖
១-​ អង្គប្រជុំ​ បានគាំទ្រគម្រោងវិនិយោគនេះ
២-​ ក្រុមហ៊ុន​ ត្រូវកែសម្រួលនូវចំណុចខ្វះខាត​នៅក្នុងរបាយការណ៍នេះ​ ស្របតាមស្មារតីអង្គប្រជុំ​
៣-​ ក្រុមហ៊ុន​ ត្រូវរៀបចំផែនការគ្រប់គ្រងគុណភាពខ្យល់ និងបញ្ហាក្លិន ដោយបំពាក់ឧបករណ៍ចម្រោះខ្យល់ និងផ្តល់ម៉ាសការពារសម្រាប់បុគ្គលិក-កម្មការ
៤-​ ក្រុមហ៊ុន​ ត្រូវរៀបចំផែនការគ្រប់គ្រងសំណល់រឹង-រាវឱ្យបានត្រឹមត្រូវ ជាពិសេស ធុងស្តុកសារធាតុគីមី និងសំណល់ភក់ និងត្រូវពិនិត្យបច្ចេកទេសអាងប្រព្រឹត្តកម្មសំណល់រាវ ដើម្បីធានាសំណល់រាវចេញពីអាងប្រព្រឹត្តកម្មគោរពតាមស្តង់ដារ​ ដែលបានកំណត់
៥-​ ក្រុមហ៊ុន​ ត្រូវរៀបចំផែនការការពារសុវត្ថិភាព ដោយត្រូវពន្យល់ណែនាំបុគ្គលិក-កម្មករឱ្យយល់ដឹងអំពីវិធានការការពារគ្រោះថ្នាក់ការងារ និងផ្តល់ឧបករណ៍សម្ភារៈការពាររៀងរាល់ពេលបំពេញការងារ
៦-​ ក្រុមហ៊ុន​ ត្រូវរៀបចំផែនការការពារសុខុមាលភាពបុគ្គលិកកម្មករ​ ដោយត្រូវធ្វើការត្រួតពិនិត្យសុខភាពកម្មកររៀងរាល់ ០៦ខែម្តង និងត្រូវចុះបញ្ជីប័ណ្ណ ប.ស.ស ឱ្យបានគ្រប់គ្នា
៧-​ ក្រុមហ៊ុន​ ត្រូវយកចិត្តទុកដាក់​ អប់រំផ្សព្វផ្សាយទៅកម្មករ​ ឱ្យចូលរួមក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក
៨-​ ក្រុមហ៊ុន​ ត្រូវសហការល្អជាមួយអាជ្ញាធរមូលដ្ឋាន ដេីម្បីចូលរួមអភិវឌ្ឍន៍សហគមន៍៕