ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អញ្ជើញសម្ពោធអគារទីស្នាក់ការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តពោធិ៍សាត់


ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា នាព្រឹកថ្ងៃសៅរ៏ ៥កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធអគារទីស្នាក់ការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តពោធិ៍សាត់ ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ស្ថិតក្នុងបរិវេណសាលាខេត្តពោធិ៍សាត់។

ពិធីនេះមានការចូលរួមពី ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់, ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត, ប្រតិភូសមាគមអតីតយុទ្ធជនកម្ពុជា, ឯកឧត្តមអភិបាលរងខេត្ត, អភិបាលស្រុក ក្រុងទាំង៧, ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត, កងកម្លាំងប្រដាប់អាវុធទាំង៣ ព្រមទាំងអតីតយុទ្ធជន និងនិវត្តជនជាច្រើននាក់ទៀត។

នាឱកាសនោះ​ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បាននាំយកការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវ ពេជ ចន្ទមុន្នី ជូនចំពោះអតីតយុទ្ធជន និងនិវត្តជនទាំងអស់ សូមរក្សាសុខភាពឱ្យបានល្អ ដើម្បីបន្តទទួលបានការយកចិត្តទុកដាក់ និងអត្ថប្រយោជន៍បន្ថែមទៀត ពីរាជរដ្ឋាភិបាល។

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានសម្តែងការដឹងគុណចំពោះគុណបំណាច់ របស់អតីតយុទ្ធជន ដែលបានតស៊ូគ្រប់ដំណាក់កាលដែលប្រទេសកម្ពុជាធ្លាប់ឆ្លងកាត់នូវសង្គ្រាម បូករួមទាំងសង្គ្រាមផ្ទៃក្នុង រហូតមកបញ្ចប់សង្គ្រាមដោយជោគជ័យ ក្រោមនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន បិតាស្ថាបនិកសន្តិភាព ទើបអាចដឹកនាំយុទ្ធជន យុទ្ធនារី ជួយឱ្យប្រទេសកម្ពុជាមានសុខសន្តិភាពពេញលេញ។

ជាមួយគ្នានេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម​ បានបន្តថា​ រាជរដ្ឋាភិបាល​ នីតិកាលទី៧​ នៃរដ្ឋសភា​ ដឹកនាំដោយសម្តេចបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្រ្តី​ និងជាអនុប្រធានទី១​ សមាគមអតីតយុទ្ធជនកម្ពុជា​ បានបន្តយកចិត្តទុកដាក់ជាប់ជានិច្ច​ទាំងការផ្តល់អត្ថប្រយោជន៍ផ្សេងៗ​ ក៏ដូចដោះស្រាយជីវភាពរស់នៅដល់អតីតយុទ្ធជនណា ដែលជួបការលំបាក​ ដើម្បីផ្តល់ផ្ទះ​ និងដីសម្បទានសង្គមកិច្ច សម្រាប់ជួយដល់ជីវភាពរស់នៅប្រចាំថ្ងៃឱ្យកាន់តែប្រសើរ។ ចំពោះខេត្តពោធិ៍សាត់បានបង្កើតភូមិមួយ មានឈ្មោះថា ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ស្ថិតក្នុងឃុំព្រងិល ស្រុកភ្នំក្រវាញ ដែលមានបងប្អូនអតីតយុទ្ធជន ចំនួន៦២៨គ្រួសារ បានទៅរស់នៅ និងបន្តកសាងផ្ទះបន្ថែម ចំនួន២០០ខ្នងទៀត សម្រាប់ផ្តល់ជូនអតីតយុទ្ធជាកងកម្លាំង និងប្រជាពលរដ្ឋខ្វះខាត ដែលអាចឈានទៅកសាងឱ្យបាន១,០០០គ្រួសារ បង្កើតបានជាឃុំ និងស្រុកមួយនៅក្បែរនោះ។ ទោះជាយ៉ាងនោះ លោកសូមឱ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បន្តយកចិត្តទុកដាក់ជំរុញ និងបណ្តុះបណ្តាលជំនាញដាំដុះ ចិញ្ចឹមសត្វជូនដល់អតីតយុទ្ធជន ដើម្បីប្រែក្លាយទៅជាភូមិមួយ ផលិតផលមួយ ពីព្រោះនៅតំបន់នោះមានដីគ្រប់គ្រាន់ ដែលយើងអាចរកទីផ្សារលក់ផលិតផល បង្កើនជីវភាពកាន់ប្រសើរឡើង។

យោងតាមរបាយការណ៍ របស់លោក អៀង ហុង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវតិសប្បទាខេត្ត និងជាអនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានឱ្យដឹងថា អគារទីស្នាក់ការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តពោធិ៍សាត់នេះ បានដំណើរការបញ្ចុះបឋមសិលា កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥ មានទំហំជាង៣១៨ម៉ែត្រការេ ធ្វើអំពីបេតុង ប្រក់ក្បឿងមាន៧បន្ទប់ ត្រូវចំណាយថវិកាអស់ជាង១០ម៉ឺនដុល្លារអាមេរិក។ អគារនេះផ្តួចផ្តើមកសាងឡើងដោយ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា តាមរយៈឯកឧត្តម នូ ស៊ីថា និងដឹកនាំកសាងដោយ ឯកឧត្តមគតិសង្គហបណ្ឌិត គន់ គីម ដោយមានការសម្របសម្រួលផ្តល់ទីតាំងដី សម្រាប់សាងសង់ដោយ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់៕