ព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានដឹកនាំកិច្ចប្រជុំប្រចាំខែកញ្ញា និងលើកទិសដៅ ភារកិច្ច ខែតុលា របស់គណបក្សខេត្តកំពង់ស្ពឺ ដែលបានប្រព្រឹត្តទៅនៅសាលប្រជុំ ស្នាក់ការគណបក្សខេត្ត។ មានវត្តមានក្នុងកិច្ចប្រជុំរួមមាន ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ប្រធានកិត្តិយសក្រុមការងារគណបក្សចុះជួយខេត្ត ឯកឧត្តម អនុប្រធានទី១ អនុប្រធាន សមាជិក សមាជិកា ក្រុមការងារចុះជួយខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ ប្រធានគណៈកម្មាធិការបក្សខេត្ត និងថ្នាក់ដឹកនាំគណបក្សមូលដ្ឋានគ្រប់ជាន់ថ្នាក់ សរុបប្រមាណ ៣០០ នាក់។
កិច្ចប្រជុំបានស្តាប់របាយការណ៍សភាពការណ៍ទូទៅរបស់ខេត្ត ព្រមទាំងបានពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាពនៃការអនុវត្តកម្មវិធីនយោបាយ លិខិតបទដ្ឋាន និងសេចក្តីណែនាំនានារបស់ថ្នាក់កណ្តាលរបស់គណបក្សខេត្តក្នុងខែកញ្ញាកន្លងទៅ។
ថ្លែងទៅកាន់មន្រ្តីគណបក្សដែលមានវត្តមានក្នុងកិច្ចប្រជុំ ឯកឧត្តម ហ៊ុន ម៉ានី បានផ្តល់អនុសាសន៍ណែនាំជូនដល់ក្រុមការងារគណបក្ស និងគណៈកម្មាធិការបក្សមូលដ្ឋានគ្រប់ជាន់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់ក្នុងការពង្រឹងសមាជិកគណបក្សប្រកបដោយប្រសិទ្ធភាពខ្ពស់។ ក្នុងនោះ សូមក្រុមការងារខិតខំអំពាវនាវដល់សមាជិក សមាជិកាគណបក្សឱ្យបន្តគាំទ្រ និងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ក្នុងការដោះស្រាយបញ្ហាព្រំដែន កម្ពុជា-ថៃ។ ដោយឡែក ចំពោះបងប្អូនពលករដែលទើបត្រលប់មកពីប្រទេសថៃ ក្រុមការងារត្រូវបន្តយកចិត្តទុកដាក់ដល់សុខទុក្ខរបស់ពួកគាត់ ជាពិសេស ជួយស្វែងរកឱកាសការងារដល់ពួកគាត់។ អនុវត្តតាមការណែនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណចក្រកម្ពុជា ក្រុមការងារត្រូវចូលរួមអនុវត្តការងារសម្រួលធ្វើអត្តសញ្ញាណបណ្ណ ជូនបងប្អូនដែលអត្តសញ្ញាណបណ្ណអស់សុពលភាព និងអ្នកដែលមិនទាន់មាន ឱ្យបានឆាប់រហ័ស។
បន្ថែមពីលើនេះ ឯកឧត្តមក៏បានចង្អុលណែនាំឱ្យក្រុមការងារទាំងអស់បន្តយកចិត្តទុកដាក់ដល់តម្រូវការប្រចាំរបស់បងប្អូនប្រជាពលរដ្ឋក្នុងខេត្ត ជាពិសេសការត្រៀមជួយសង្រ្គោះបងប្អូន ទ្រព្យសម្បត្តិ និងសត្វពាហនៈពីហានិភ័យ គ្រោះទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗ ក៏ដូចជាបន្តពង្រឹងការអនុវត្តនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព ដែលសុខទុក្ខរបស់ពួកគាត់គឺជាស្នូលនៃបេសកកម្មរបស់គណបក្សយើង។
នៅចុងបញ្ចប់ ថ្លែងអំណរគុណជូនចំពោះក្រុមការងារទាំងអស់ ដែលបានបន្តចុះសួរសុខទុក្ខ និងឧបត្ថម្ភដល់ក្រុមគ្រួសារកងទ័ពនៅតាមមូលដ្ឋានរៀងៗខ្លួន ដែលបានបង្ហាញពីការយកចិត្តទុកដាក់របស់គណបក្សដល់វីរកងទ័ពជួរមុខ ទាំងសុខទុក្ខផ្ទាល់ខ្លួនផង ក៏ដូចជាក្រុមគ្រួសាររបស់ពួកគាត់ផងដែរ។















