ឯកឧត្តម ហ៊ុន ណេង ប្រជុំត្រៀមការងារសន្តិសុខ សម្រាប់កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ (ASEP-11)


ឯកឧត្តម ហ៊ុន ណេង ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភា និងជាប្រធានអនុគណៈកម្មការទី៥÷ សន្តិសុខ សណ្តាប់ធ្នាប់ និងសង្គ្រោះបឋម នៃកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ (ASEP-11) បានដឹកនាំឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកានៃអនុគណៈកម្មការទី៥ ជួបប្រជុំជាមួយឯកឧត្តមនាយឧត្តមសេនីយ៍​ ទូច ណារ៉ុថ អគ្គស្នងការរងនគរបាលជាតិ​ និងជាប្រធាននាយកដ្ឋានអង្គរក្សនៃអគ្គស្នងការនគរបាលជាតិ ឯកឧត្តម ម៉ន សាម៉ុន មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងសាលារាជធានីភ្នំពេញ តំណាងក្រសួងសុខាភិបាល ព្រមទាំងភាគីពាក់ព័ន្ធមួយចំនួន ដើម្បីផ្សព្វផ្សាយសេចក្តីសម្រេច និងរៀបចំគម្រោងចំណាយផ្សេងៗ ព្រមទាំងពិនិត្យលើការងារត្រៀមរៀបចំផែនការការពារ ជូនដល់គណៈប្រតិភូដែលអញ្ជើញមកចូលរួមកិច្ចប្រជុំនាពេលខាងមុខនេះ។

កិច្ចប្រជុំពេលនេះធ្វើឡើង នៅព្រឹកថ្ងៃសុក្រ ៧រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ នៅវិមានរដ្ឋសភា។

សូមជម្រាបថា សភាកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ (ASEP-11) នាចុងឆ្នាំ២០២០ ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ។