(ភ្នំពេញ)៖ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា មានប្រសាសន៍ថា មានតែវាយោបក់បោកខ្លាំងទើបអាចដឹងពីភាពស៊ូទ្រាំនៃស្មៅ មានតែក្នុងកាលៈទេសៈនៃការលំបាកទើបស្គាល់ពីមិត្តភក្តិពិតប្រាកដ។ សម្តេចតេជោ ហ៊ុន សែន ក្នុងពេលថ្មីៗនេះបានថ្លែងមតិតាមរយៈទូរទស្សន៍ទូទាំងប្រទេសថា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជានឹងឈរយ៉ាងមុតមាំជាមួយរដ្ឋាភិបាល និងប្រជាជនចិន ដើម្បីចាប់ដៃគ្នាប្រយុទ្ធប្រឆាំងនឹងជម្ងឺវីរុសប្រភេទថ្មីនេះ និងឆ្លងទុក្ខលំបាកនេះជាមួយគ្នា។ នេះបានបង្ហាញពីប្រទេសកម្ពុជាជា“មិត្តដែកថែប”នៃប្រទេសចិនយ៉ាងពិតប្រាកដមែន និងពិតជាសហគមន៍ជោគវាសនារួមដែល “ដកដង្ហើមរួមរួមគ្នា និងរួមសុខរួមទុក្ខជាមួយគ្នា”យ៉ាងពិតប្រាកដ។
ការលើកឡើងរបស់លោក Wang Wentian ត្រូវបានស្រង់ដោយទំព័រហ្វេសប៊ុកស្ថានទូតចិនប្រចាំកម្ពុជា ផ្សព្វផ្សាយនៅថ្ងៃទី៣ ខែមករានេះ បន្ទាប់ពីលោកបានផ្តល់បទសម្ភាសន៍ជាមួយសារព័ត៌មានសំខាន់ៗក្នុងប្រទេសកម្ពុជា ស្តីពីស្ថានភាពបច្ចុប្បន្ននៃជម្ងឺរលាកផ្លូវដង្ហើមដោយវីរុសកូរ៉ូណាប្រភេទថ្មី និងវិធានការទប់ស្កាត់គ្រប់គ្រងជម្ងឺប្រភេទនេះនៃភាគីចិន និងព្រមទាំងសំនួរចម្លើយផ្សេងទៀតនាថ្ងៃទី២ ខែកុម្ភៈ។
លោកឯកអគ្គរដ្ឋទូតចិនមានប្រសាសន៍ថា ចាប់តាំងពីជម្ងឺរលាកផ្លូវដង្ហើមដោយវីរុសកូរ៉ូណាប្រភេទថ្មីបានកើតឡើង បក្សកុម្មុយនីស្ត និងរដ្ឋាភិបាលចិនបានចាត់វិធានការទប់ស្កាត់ និងគ្រប់គ្រងយ៉ាងឆាប់រហ័សប្រកបដោយភាពគ្រប់ជ្រុងជ្រោយ និងតឹងរឹងបំផុត ហើយក៏ទទួលបានសមិទ្ធផលប្រកបដោយប្រសិទ្ធភាព និងការទទួលស្គាល់ ព្រមទាំងការកោតសរសើរយ៉ាងច្រើនពីអង្គការសុខភាពពិភពលោក និងបណ្តាសង្គមលើឆាកអន្តរជាតិផងដែរ។
ភាគីចិននៅតែបន្តរក្សាកិច្ចសម្របសម្រួលទំនាក់ទំនងយ៉ាងស្អិតរមួតជាមួយក្រសួងសុខាភិបាលកម្ពុជា ដើម្បីស្វែងរកយ៉ាងទាន់ពេលវេលា និងបំបែកព្យាបាលក្រោយពីពិនិត្យឃើញមានការផ្ទុកនូវប្រភេទជម្ងឺនេះនៅក្នុងប្រទេសកម្ពុជា នឹងបន្តការប្រកាន់ភ្ជាប់នូវឥរិយាបថបើកចំហ តម្លាភាព និង ទំនួលខុសត្រូវដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការប្រឆាំងនឹងជម្ងឺវីរុសនេះជាមួយប្រទេសដែលពាក់ព័ន្ធ រួមបញ្ចូលទាំងប្រទេសកម្ពុជាផងដែរ។
លោក ឯកអគ្គរដ្ឋទូតចិនបានសង្កត់ធ្ងន់ថា ជម្ងឺរលាកផ្លូវដង្ហើមកូរ៉ូណា អាចទប់ស្កាត់បាន អាចគ្រប់គ្រងបាន អាចព្យាបាលបាន។ យើងជឿជាក់ថា ស្ថិតនៅក្រោមការដឹកនាំដ៏មុះមុតនៃមជ្ឈិមបក្សកុម្មុយនីស្តចិន ដែលមានឯកឧត្តម ប្រធានាធិបតីចិន Xi Jinpingជាស្នូល ការសាមគ្គីរួមគ្នារបស់ប្រជាជនចិនទាំងកម្លាំងកាយ និងចិត្ត ប្រាកដជាអាចប្រយុទ្ធប្រឆាំងជាមួយនឹងស្ថានភាពជម្ងឺមួយនេះប្រកបដោយភាពជោគជ័យក្នុងពេលឆាប់ៗនេះ ដែលធ្វើឲ្យប្រជាពលរដ្ឋ និងពិភពលោកមានទំនុកចិត្ត៕