ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកថ្មីបញ្ជាក់ជូនសម្តេចប្រធានរដ្ឋសភាបេសកកម្មកាទូតនៅកម្ពុជាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ


ឯកឧត្តម ប៉ាទ្រីក មើហ្វី ( Patrick Murphy) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហរដ្ឋអាមេរិក បានបញ្ជាក់ជម្រាបសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ថាបេសកកម្មការទូតរបស់ឯកឧត្តមនៅកម្ពុជា នាពេលនេះ គឺដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិប្រទេសទាំងពីរឱ្យកាន់តែរឹងមាំឡើង។

ក្នុងការចូលជួបសម្តែងការ ជាមួយសម្តេចប្រធានរដ្ឋសភា នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ ឯកឧត្តម ប៉ាទ្រីក មើហ្វី បានឱ្យតម្លៃខ្ពស់ដល់ស្ថាប័នរដ្ឋសភា ដោយជាសារស្ថាប័នកំពូលនេះ ជាតំណាងឱ្យប្រជាពលរដ្ឋ។ ឯកអគ្គរដ្ឋទូត បានជម្រាបសម្តេចថាកម្ពុជានិងសហរដ្ឋអាមេរិកមានចំនុចជាច្រើនក្នុងប្រព័ន្ធដឹកនាំរដ្ឋដូចគ្នា ក្នុងនោះដូចជាការចែងអំពីលទ្ធិប្រជាធិបតេយ្យនៅក្នុងរដ្ឋធម្មនុញ្ញ ហើយអំណាចដឹកនាំរដ្ឋទាំងបី ចែកដាច់ពីគ្នា។

ឯកឧត្តម ប៉ាទ្រីក មើហ្វី បានលើកឡើងបន្តថាកម្ពុជានិងសហរដ្ឋអាមេរិក បានកសាងសមិទ្ធផលជាច្រើជាមួយគ្នារួចមកហើយ។ នៅឆ្នា២០២០នេះ គឺជាឱកាសកាន់តែសំខាន់ទៀត ដែលប្រទេសទាំងពីរមានលទ្ធភាពនៅក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នា។ ឆ្នាំ២០២០នេះ ជាខួប៧០ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទំាងពីរ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានស្វាគមន៍ និងអបអរសាទរ ចំពោះឯកឧត្តម ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា ។ សម្តេចបានលើកឡើងថា បេសកកម្មការទូតរបស់ ឯកឧត្តមប៉ាទ្រីក មើហ្វី ពិតជា មានសារៈសំខាន់ខ្លាំងណាស់ ដល់ការបន្តថែរក្សា និង លើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសកម្ពុជា-សហរដ្ឋអាមេរិក ឱ្យកាន់តែរឹងមាំ និងរីកចម្រើនខ្លាំងក្លាថែមទៀត។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអបអរសាទរចំពោះ វឌ្ឍនភាពទាំងឡាយ ដែលប្រសូត្រចេញពីកិច្ចខិតខំប្រឹងប្រែង ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរ ជាបន្តបន្ទាប់មកនេះ បាននាំមកនូវផលប្រយោជន៍យ៉ាងធំធេង ដល់ប្រជាជាតិទាំងសងខាង។

រដ្ឋសភាកម្ពុជា សូមអបអរសាទរ ចំពោះការផ្លាស់ប្តូរសារលិខិតដ៏មានតម្លៃនិងមានអត្ថន័យដ៏ជ្រាលជ្រៅ រវាងលោកប្រធានាធិបតីអាមេរិក និងសម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នាពេលថ្មីៗនេះ៕