អភិបាលខេត្តកំពង់ធំ អញ្ជើញចូលរួមពិធីឡើងអ្នកតា និងលើកកម្ពស់ការថែរក្សាទំនាមទំលាប់ប្រពៃណីដូនតា


ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ រួមទាំងមន្រ្តីរាជការ បានអញ្ជើញចូលរួមក្នុងពិធីឡើងអ្នកតា ដែលជាជំនឿរបស់អ្នកភូមិជាយូរលង់ណាស់មកហើយ និងជាទំនាមទំលាប់ប្រពៃណី តាំងពីបុរាណមក ដែលអ្នកស្រុកសម័យមុនមានជំនឿយ៉ាងមុតមាំថា ការបន់ស្រន់ដល់អ្នកតា ម្ចាស់ទឹកម្ចាស់ដី ម្ចាស់ព្រៃព្រឹក្សា អាចធ្វើឲ្យអ្នកភូមិមានសេចក្តីសុខ សេចក្តីចម្រើន បញ្ជ្រាស់ផុតពីឧបទ្រុបចង្រៃកុំឲ្យកើតជំងឺឈឺស្កាត់ដល់អ្នកភូមិ។

ក្នុងពិធីនេះដែលបានធ្វើឡើងកាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០ ដោយឯកឧត្តម សុខ លូ មិនត្រឹមតែមានឧបនិស្ស័យ និងការជំនឿរបស់ប្រជាពលរដ្ឋ ថែមទាំងបានចូលរួមគាំទ្រឲ្យបងប្អូនខ្មែរ និងបងប្អូនជនជាតិភាគតិច បន្តថែរក្សាទំនាមទំលាប់ប្រពៃណីតាំងពីដូនតានេះបន្តទៀត ដែលជាការចូលរួមចំណែក ក្នុងការថែរក្សាអភិរក្សមរតក វប្បធម៌របស់ជាតិ សម្រាប់កូនចៅជំនាន់ក្រោយទៀត ជាពិសេសនោះការថែរក្សាទំនាមទំលាប់វប្បធម៌សម័យដើម គឺជាវិស័យមួយអាចទាក់ទាញនូវវិស័យទេសចរណ៍ សម្រាប់ជួយអភិវឌ្ឍន៍សង្គមជាតិ និងបង្កើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានផងដែរ។

ឯកឧត្តម សុខ លូ និងសហការី បានចូលរួមក្នុងពិធីឡើងលោកតាជ័យ ដែលជាប្រជាពលរដ្ឋ ឲ្យឈ្មោះថាជាលោកតាចាស់ស្រុក ស្ថិតនៅភូមិជ័យ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ដែលមានលោកតា លោកយាយ ប្រជាពលរដ្ឋ សិស្សានុសិស្ស ចូលរួម យ៉ាងអធឹកអធ័ម ក្នុងឳកាសនេះផងដែរ ឯកឧត្តមអភិបាលខេត្តកំពង់ធំ បានឧបត្ថម្ភពិធីឡើងអ្នកតា ចំនួន២លានរៀល រួមទាំងអង្ករ និងភេសជ្ជៈជាច្រើនផងដែរ។

ឯកឧត្តមអភិបាលក៏បានផ្តាំផ្ញើរដល់លោកតា លោកយាយ និងប្រជាពលរដ្ឋថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា មានផ្តល់ពាក្យស្លោកមួយដល់បងប្អូនប្រជាជាតិខ្មែរថា «អគុណសន្តិភាព ដូច្នេះបើមិនមានសន្តិភាព យើងមិនអាចមកទីនេះបានទេ ខ្ញុំក៏មិនអាចឈរនៅទីនេះ ជួបមុខពុកម៉ែបងប្អូន លោកតា លោកយាយ ស្នងរូបបានទេ នេះគឺដោយសារតែប្រទេសយើងមានសន្តិភាព អញ្ចឹងទេធ្វើយ៉ាងម៉េចពុកម៉ែបងប្អូន ខិតខំថែរក្សាសន្តិភាព សុខសន្តិភាព ដែលយើងមានសព្វថ្ងៃនេះ ឲ្យបានយូរ អង្វែងបន្តទៅទៀត នេះគឺជាសេចក្តីប៉ងប្រាថ្នារបស់រាជរដ្ឋាភិបាល របស់យើងទាំងអស់គ្នា»

ឯកឧត្តមបានបញ្ជាក់ទៀតថា ថ្ងៃក្រោយបើរក្សាសន្តិភាពបាន គឺកូនចៅរបស់ពុកម៉ែបងប្អូន ថ្ងៃក្រោយគឺមិនជួបសេចក្តីលំបាកទេវនានោះទេ ប្រាកដជាស្គាល់នូវសុខសន្តិភាព មិនជួបការលំបាកទៀតទេ ដូចនេះត្រូវរួមគ្នារក្សាសុខសន្តិភាព ក្រោមការដឹកនាំ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខដឹកនាំនាវាសន្តិភាពឆ្ពោះទៅរកការអភិវឌ្ឍរីកចម្រើន៕