ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ ជំរុញវិនិយោគិនកូរ៉េខាងត្បូង វិនិយោគលើវិស័យឧស្សាហកម្មហាឡាលនៅកម្ពុជា


(កូរ៉េខាងត្បូង)៖ ឯកឧត្តម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងកិច្ចការឥស្លាមកម្ពុជា បានជម្រុញដល់សហគ្រិនក៍ដូចជាអ្នកវិនិយោគរបស់កូរ៉េ ឲ្យចាប់អារម្មណ៍ចំពោះការវិនិយោគលើវិស័យហាឡាលកម្ពុជា ខណៈកម្ពុជាកំពុងមានសន្តិភាពពេញលេញ សេដ្ឋកិច្ចមានការរីកចំរើន ជីវភាពលរដ្ឋក៍ធូរធារច្រើនផងដែរ ។

ឯកឧត្តមជម្រុញយ៉ាងដូច្នេះនៅគ្រាដែលមានជំនួបជាមួយលោកហាជ្ជី Abdul Rahman Lee Ju-Hwa មេដឹកនាំសហគមន៍ឥស្លាមសាធារណរដ្ឋកូរ៉េ ទទួលបន្ទុកកិច្ចសាសនាឥស្លាម និងស្ថាប័នហាឡាលកូរ៉េនៅទីក្រុងសេអ៊ូល នៅថ្ងៃទី៤ ខែកុម្ភៈ នៅឯប្រទេសកូរ៉េខាងត្បូង ។

ក្នុងជំនួបពិភាក្សានេះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានជម្រាបសមភាគីថា ទន្ទឹមនឹងការរីកចំរើនរបស់ប្រទេសកម្ពុជាដែលស្ថិតក្នុងរង្វង់ជាង៧ភាគរយ ឧស្សាហកម្មហាឡាលក៏កំពុងតែមានសក្តានុពលដ៏មហិមាផងដែរ ដែលស្របទៅភូមិសាស្ត្រអំណោយផល កម្លាំងពលកម្មសមរម្យ វត្ថុធាតុដើមដ៏សំបូរបែប។

ឯកឧត្តមបន្តទៀតថា ដោយកត្តាសន្តិភាព ស្ថេរភាព និងទំនាក់ទំនងល្អរបស់កម្ពុជា ធ្វើឲ្យទីផ្សារនាំចេញបើកទ្វាយ៉ាងទូលំទូលាយ ពោលគឺកម្ពុជាអាចនាំចេញផលិតផលរបស់ខ្លួនទៅកាន់បណ្តាប្រទេសក្នុងតំបន់ ប៉ែកអ៊ឺរ៉ុប និងមជ្ឈឹមបូពា៌ជាដើម ដែលវិនិយោគិនកូរ៉េក៏មិនគួរមើលរំលងឱកាសនេះដូចគ្នា។

ជាការឆ្លើយតប លោកហាជ្ជី Abdul Rahman Lee Ju-Hwa មានការចាប់អារម្មណ៍ និងពេញចិត្តជាខ្លាំងចំពោះការលើកឡើងនេះ ខណៈលោកថានឹងបន្តទំនាក់ទំនងជាមួយគ្នា ដើម្បីសិក្សាស្វែងយល់បន្ថែមទៀត ដើម្បីធ្វើឲ្យសម្រេចបាននូវអ្វីដែលបានពិភាក្សាគ្នានៅពេលនេះ៕