រដ្ឋមន្ដ្រីកសិកម្ម ប្រាប់រដ្ឋបាលព្រៃឈើ ប្រឹងប្រែងទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ ទន្រ្ទានយកដីកាន់កាប់ខុសច្បាប់


ឯកឧត្តម វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានប្រាប់ដល់រដ្ឋបាលព្រៃឈើ ត្រូវខិតខំប្រឹងប្រែង រួបរួមគ្នាទប់ស្កាត់ ការកាប់បំផ្លាញព្រៃឈើទន្រ្ទាន យកដីកាន់កាប់ខុសច្បាប់ ការធ្វើអាជីវកម្មឈើ និងសត្វព្រៃខុសច្បាប់ ការប្រើប្រាស់សម្បទានដីសេដ្ឋកិច្ច ខុសពីគោលការណ៍។

ការលើកឡើងបែបនេះ បានធ្វើឡើងក្នុងឱកាសដែល ឯកឧត្តមរដ្ឋមន្ដ្រី វេង សាខុន អញ្ជើញជាអធិបតីភាព ក្នុងពិធីបិទកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ ឆ្នាំ២០១៩ និងទិសដៅអនុវត្តឆ្នាំ២០២០ របស់រដ្ឋបាលព្រៃឈើ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំក្រសួង អង្គភាពក្រោមឱវាទ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី ខេត្ត លោក លោកស្រី និងមន្រ្តីរដ្ឋបាលព្រៃឈើ ប្រមាណ៤០០នាក់ នាព្រឹកថ្ងៃទី២០ ខែកុម្ភៈនេះ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានរំលេចអំពីសារៈប្រយោជន៍ នៃធនធានព្រៃឈើ ដែលជាប្រភព ធនធានធម្មជាតិដ៏មានតម្លៃ ហើយបាននិងកំពុងចូលរួម លើកកម្ពស់សេដ្ឋកិច្ចជាតិ សេដ្ឋកិច្ចសហគមន៍ព្រៃឈើ រក្សានិរន្តរភាពបរិស្ថាន អេកូធម្មជាតិ និងទេសចរណ៍ ជាប្រព័ន្ធការពារទីជម្រាល ការពារជីវៈចម្រុះ ផ្តល់ជម្រកនិងអាហារសម្រាប់ ជីវិតរស់នៅរបស់មនុស្ស និងសត្វព្រៃគ្រប់ប្រភេទ -ល-។

ឯកឧត្តមថា «ការគ្រប់គ្រងធនធានធម្មជាតិទាំងអស់នេះ ឲ្យបានគង់វង្ស ចីរភាព និងនិរន្តរភាព និងជាពិសេស ការខិតខំប្រឹងប្រែង រួបរួមគ្នាទប់ស្កាត់ ការកាប់បំផ្លាញព្រៃឈើទន្រ្ទាន យកដីកាន់កាប់ខុសច្បាប់ ការធ្វើអាជីវកម្មឈើ និងសត្វព្រៃខុសច្បាប់ ការប្រើប្រាស់សម្បទានដីសេដ្ឋកិច្ច ខុសពីគោលការណ៍ ភាពឆកល្វែងនៃការអនុវត្តច្បាប់ ស្តីពីព្រៃឈើ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ -ល-»

ឯកឧត្តម វេង សាខុន បានគូសបញ្ជាក់ថា ទាំងអស់នេះ គឺជាកម្មវត្ថុដ៏សំខាន់ ដែលយើងត្រូវលើកកម្ពស់ស្មារតីទទួល ខុសត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន ស៊ីជម្រៅ ទាន់ពេលវេលា និងមានប្រសិទ្ធភាព។

ដោយឡែក ការយកចិត្តទុកដាក់ ការស្តារព្រៃឈើឡើងវិញ តាមគ្រប់រូបភាពគឺជាឆន្ទៈដ៏ចំបង របស់រដ្ឋបាលព្រៃឈើ ដើម្បីធ្វើការគ្រប់គ្រង និងអភិវឌ្ឍន៍គម្របព្រៃឈើបៃតងដោយនិរន្តរភាព ឆ្លើយតបទៅនឹងតម្រូវការ ប្រើប្រាស់ឈើ ក្នុងស្រុកដែលចេះតែកើនឡើងជាលំដាប់ និងចូលរួមលើកកម្ពស់កម្រិតជីវភាព របស់ប្រជាសហគមន៍ព្រៃឈើ និងកំណើនសេដ្ឋកិច្ចជាតិ។ នេះជាការបញ្ជាក់របស់លោក វេង សាខុន។

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានគូសបញ្ជាក់យ៉ាងច្បាស់ ជូនអង្គពិធីជ្រាបថា ពិតណាស់នៅពីក្រោយ សមិទ្ធផលសំខាន់ៗ មិនអាចកាត់ផ្តាច់បាន ពីការខិតខំប្រឹងប្រែង យកចិត្តទុកដាក់ ទទួលខុសត្រូវ និងផ្តល់កិច្ចសហការ បានយ៉ាងល្អប្រសើរពីលោកមន្រ្តីក្រោមឱវាទ អន្តរស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងកងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ ដែលបានជួយគាំទ្រ សម្របសម្រួល និងផ្តល់កិច្ចសហការបានយ៉ាងពេញ លេញនាពេលកន្លងមក។

ឯកឧត្តម វេង សាខុន បានវាយតម្លៃខ្ពស់ចំពោះឆន្ទៈ និងឧត្តមគតិនេះ ហើយសង្ឃឹម និងជឿជាក់ថា កិច្ចសហប្រតិបត្តិការនេះ នឹងបន្តពង្រឹង និងពង្រីកឲ្យកាន់តែល្អប្រសើរថែមទៀត ក្នុងឆ្នាំ២០២០នេះ។

ឆ្នាំ២០២០នេះ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន ជាថ្មីម្តងទៀត បានយកឱកាស នៃការជួបជុំថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់ជាន់ថ្នាក់ នៃរដ្ឋបាលព្រៃឈើ បានគាំទ្រ និងលើកទឹក ចិត្តដល់រដ្ឋបាលមួយនេះ ឲ្យបង្កើនការយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ លើការបំពេញតួនាទី និងភារកិច្ចឲ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានជោគជ័យថ្មីៗបន្ថែមទៀត។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានក្រើនរំលឹកឲ្យថ្នាកដឹកនាំ និងមន្រ្តីក្រោមឱវាទរដ្ឋបាលព្រៃឈើ ត្រូវពិនិត្យឡើងវិញលើចំណុចសំខាន់ៗ ដែលបានផ្តល់ជូនកាលពីឆ្នាំ២០១៩ រួមទាំងអនុសាសន៍មួយចំនួនទៀត សម្រាប់ឆ្នាំនេះ ដើម្បីយកទៅទុកជាមូលដ្ឋានគ្រឹះ ត្រីវិស័យបង្ហាញផ្លូវ និងជាយន្តការ ឬយុទ្ធសាស្រ្តក្នុងការអនុវត្តការងារ និងដោះស្រាយបញ្ហា ឲ្យទទួលបានជោគជ័យបន្ថែមទៀត សម្រាប់ឆ្នាំ២០២០៕