សម្តេចតេជោ ហ៊ុន សែន អញ្ជើញដល់ទីក្រុងប៉េកាំង, សម្តេចជាមេដឹកនាំទី១លើពិភពលោកជាន់ទឹកដីចិន ខណៈប្រទេសមួយនេះកំពុងផ្ទុះមេរោគកូរ៉ូណាយ៉ាងខ្លាំង


ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូ ទៅដល់ទីក្រុងប៉េកាំងហើយ នៅវេលាម៉ោង២៖៣០នាទីរសៀលនៅរាជធានីភ្នំពេញ ត្រូវនឹងម៉ោង៣៖៣០នាទីនៅទីក្រុងប៉េកាំង ថ្ងៃពុធនេះ ហើយសម្តេចតេជោ ក៏ជាមេដឹកនាំទីមួយលើពិភពលោក ដែលជាន់ទឹកដីប្រទេសចិន ខណៈប្រទេសមហាអំណាចមួយនេះកំពុងផ្ទុះមេរោគកូរ៉ូណាយ៉ាងខ្លាំងក្លា។

រដ្ឋមន្រ្តីក្រសួងការបរទេសចិន លោក វ៉ាង យី ទទួលបដិសណ្ឋាកិច្ចសម្តេចតេជោ ហ៊ុន សែន នៅអាកាសយានដ្ឋានអន្តរជាតិទីក្រុងប៉េកាំង។

ក្នុងដំណើរទស្សនកិច្ចការងារនេះ សម្តេចតេជោ ហ៊ុន សែន គ្រោងជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្រ្តីចិន លី ខឺឈាង នៅម៉ោង៥៖១៥នាទីល្ងាច បន្ទាប់មកជួបប្រធានាធិបតី ស៊ី ជីនពីង នៅម៉ោង៦៖០០នាទីល្ងាច ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០។

ទស្សនកិច្ចការងាររយៈពេល១ថ្ងៃ នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ ២០២០នេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងតបតាមការអញ្ជើញរបស់ របស់ លី ខឺឈាង នាយករដ្ឋមន្រ្តីចិន។ អញ្ជើញអមដំណើរសម្តេចតេជោនាយករដ្ឋមន្រ្តី រួមមាន ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មន្ត្រីជាន់ខ្ពស់មួយចំនួននៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំធុរកិច្ចនៃសភាពាណិជ្ជកម្មកម្ពុជា។