លោកជំទាវបណ្ឌិតតំណាងរាស្ត្រមណ្ឌលខេត្តប៉ៃលិន អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខសមាគមន៍ម៉ូតូឌុបខេត្តប៉ៃលិន


នៅសៀល ថ្ងៃពុធ ១២កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ លោកជំទាវបណ្ឌិត បាន ស្រីមុំ តំណាងរាស្រ្តមណ្ឌលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន រួមនឹងក្រុមការងារគណៈកម្មាធិការសាខា បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខសមាគមន៍ម៉ូតូឌុបខេត្តប៉ៃលិន ដែលមានសមាជិកសរុបចំនួន ១៣២រូប។

ក្នុងឱកាសនោះលោកជំទាវបណ្ឌិតតំណាងរាស្រ្ត បាននាំបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនចំពោះសមាជិក នៃសមាគមន៍ម៉ូតូឌុបខេត្តប៉ៃលិនទាំងអស់ ដោយជានិច្ចកាលសម្តេចតែងតែគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប នៅគ្រប់កាល:ទេស: គ្រប់ស្ថានភាព ទោះបីរស់នៅទីណាក៏ដោយ ទាំងក្នុងស្រុក និងក្រៅស្រុក គឺសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប ក៏ជាសុខទុក្ខរបស់សម្តេចផងដែរ។

សូមបញ្ជាក់ថា សមាគមន៍ម៉ូតូឌុបខេត្តប៉ៃលិន ត្រូវបានផ្តួចផ្តើមបង្កើតឡើងដោយលោកជំទាវបណ្ឌិតតំណាងរាស្រ្ត ក្នុងនីតិកាលទី៦ ឆ្នាំ២០១៨-២០២៣ ក្នុងគោលបំណងឱ្យសមាជិកសមាគមន៍ទាំងអស់រឹតចំណងសាមគ្គីភាព មិត្តភាព និងចេះជួយយកឧស្សាគ្នាទៅវិញទៅមកក្នុងនាមជាក្រុមគ្រួសារខ្មែរតែមួយ ហើយចំពោះសមាជិកទាំងអស់លោកជំទាវតំណាងរាស្រ្តបានធ្វើកាតសំគាល់ខ្លួនជូន ដែលកាតនេះអាចប្រើប្រាស់ក្នុងការពិនិត្យ ព្យាបាលជម្ងឺដោយឥតគិតថ្លៃពីគ្រប់មណ្ឌលសុខភាពទូទាំងខេត្តប៉ៃលិន និងមន្ទីរពេទ្យបង្អែកខេត្ត ដោយលោកជំទាវជាអ្នកបង់ថ្លៃសេវាជូន។

ក្នុងឱកាសនោះលោកជំទាវបណ្ឌិតបានផ្តល់ជូនសមាជិកសមាគមន៍ទាំង១៣២រូប ក្នុងម្នាក់ៗនូវមួកសុវត្ថិភាពចំនួន១ អាវសមាជិកចំនួន ១ និងថវិកាមួយចំនួនផងដែរ។