កម្មវិធី​សន្និបាត​បូក​សរុប​វាយ​តម្លៃ​លទ្ធផល​ការងារ​អប់រំ យុវជន និង​កីឡា ​ឆ្នាំសិក្សា​២០១៨-២០១៩ និង​លើក​ទិសដៅ​ឆ្នាំ​សិក្សា​២០១៩-២០២០


ខេត្ត​ស្វាយ​រៀង ៖ កម្មវិធី​សន្និបាត​បូក​សរុប​វាយ​តម្លៃ​លទ្ធផល​ការងារ​អប់រំ យុវជន និង​កីឡា ​ឆ្នាំ​សិក្សា​២០១៨-២០១៩ និង​លើក​ទិសដៅ​ឆ្នាំ​សិក្សា​២០១៩-២០២០ ​ត្រូវ​បាន​ប្រារព្ធ​ឡើង​ដើម្បី​បូក​សរុប​វាយ​តម្លៃ​ការងារ​អប់រំ យុវជន និង​កីឡា​ ក្នុង​ឆ្នាំ​សិក្សា​ចាស់ និង​លើក​ទិសដៅ សម្រាប់​ឆ្នាំ​សិក្សា​ថ្មី ព្រម​ទាំង​ជា​ឱកាស​នៃ​ការ​ពិភាក្សា​យ៉ាង​ទូលាយ និង​ស៊ីជម្រៅ​ដើម្បី​ប្រមូល​ធាតុចូល​ថ្មីៗ​សម្រាប់​រៀបចំ​ផែនការ​សូចនាករ ។

ពិធី​​បិទ​​សន្និបាត​បូក​សរុប​វាយ​តម្លៃ​ការងារ​អប់រំ យុវជន និង​កីឡា​ខេត្ត​ស្វាយ​រៀង ឆ្នាំសិក្សា២០១៨-២០១៩ និង​ទិស​ដៅ​ឆ្នាំសិក្សា ២០១៩-២០២០ ត្រូវ​បាន​ប្រារព្ធ​ឡើង​ក្រោមអធិបតីភាព ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាល​នៃ​គណៈ​អភិបាល​រង​ខេត្ត​ស្វាយរៀង ព្រម​ទាំង​​មាន​​វត្តមាន លោក​ប្រធាន​- អនុ​ប្រធាន មន្ទីរ​ តំណាង​មន្ទីរ​ពាក់ព័ន្ធ លោក​ស្នងការ​នគរ​បាល​ខេត្ត លោក​មេ​បញ្ជាការ​ប្រតិបត្តិការ​សឹក​រង​ខេត្ត លោក​មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត លោកស្រី​អភិបាល​រង​ក្រុង​ស្វាយរៀង តំណាង​សហគមន៍ លោក លោក​ស្រី​ប្រធាន​ការិយាល័យ​អប់រំ យុវជន និង​កីឡា​ក្រុង ស្រុកទាំង៨ លោក លោកស្រី​ជា​បុគ្គលិក​អប់រំ និង​តំណាង​អង្គការ​ដៃគូ​អភិវឌ្ឍ។

ក្នុង​ឱកាស​នោះ​ឯកឧត្ដម​បាន​ថ្លែង​អំណរគុណ​ដល់​បុគ្គលិក​អប់រំ​គ្រប់​លំដាប់​ថ្នាក់ ដែល​ខិតខំ​បំពេញ​ភារកិច្ច​ដោយ​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់ និង​អង្គការ​ដៃគូ​អភិវឌ្ឍ​ដែល​ចូល​រួម​គាំទ្រ​វិស័យ​អប់រំ យុវជន និង​កីឡា​ខេត្ត​ស្វាយរៀង ឱ្យ​មាន​រីក​ច្រើន​។ ឯកឧត្ដម​ក៏​បាន​ផ្តល់​អនុសាសន៍​ដល់​គ្រប់​គ្រឹះស្ថានសិក្សា​ទាំង​អស់ ត្រូវ​ចូលរួម​ប្រកួតប្រជែង​អង្គភាព​ផ្តល់​សេវា​គំរូ​វិស័យ​អប់រំ​ឆ្នាំថ្មី​ទាំង​បឋម​សិក្សា និង​មធ្យម​សិក្សា។ សាលារៀន​ត្រូវ​មាន​បរិស្ថាន​ស្អាត មាន​អនាម័យ និង​ចំណី​អាហារ​គុណភាព-សុវត្ថិភាព ដើម្បី​សិស្ស​ទទួល​ទាន​មាន​សុខភាព​ល្អ ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ ពិសេស​បើកបរ​ពាក់​មួក​សុវត្ថិភាព និង​ជៀស​ឱ្យ​ឆ្ងាយ​ពី​គ្រឿង​ញៀន​៕

២៤ មករា ២០២០ | ខេត្ត​ស្វាយ​រៀង