រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច អរគុណរដ្ឋាភិបាលកូរ៉េខាងត្បូង ដែលបង្កើនកញ្ចប់ឥណទានសម្បទាន៧០០លានដុល្លារ ជួយដល់ការអភិវឌ្ឍន៍របស់កម្ពុជា


អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងអំណរគុណដល់រដ្ឋាភិបាលកូរ៉េខាងត្បូង តាមរយៈឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េថ្មី ប្រចាំកម្ពុជា ចំពោះការបង្កើនកញ្ចប់ឥណទានសម្បទាន៧០០លានដុល្លារ សម្រាប់ឆ្នាំ២០១៩-២០២៣ ជួយដល់ការអភិវឌ្ឍន៍របស់កម្ពុជា។

ការអរគុណនេះធ្វើឡើងក្នុងឱកាសដែលឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានអនុញ្ញាតឲ្យលោកបណ្ឌិត Park Heung-Kyeong ជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងខណៈដែលឯកឧត្តមត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋកូរ៉េថ្មី ប្រចាំកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ច ដែលបណ្តាញព័ត៌មាន នៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ។

សេចក្តីប្រកាសព័ត៌មានបញ្ជាក់ឲ្យដឹងថា «អគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ ដែលកន្លងមក បានសម្រេចបង្កើនកិច្ចសហប្រតិបត្តិការ ក្នុងក្របខ័ណ្ឌឥណទានសម្បទានបន្ថែមទៀត តាមរយៈមូលនិធិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច (Economic Development Cooperation Fund-EDCF) ដោយបានបង្កើនកញ្ចប់ឥណទានសម្បទានក្នុងកិច្ចសម្របសម្រួល (Framework Arrangement) សម្រាប់ឆ្នាំ ២០១៦-២០១៨ ពីទឹកប្រាក់ចំនួន ៣៥០ លានដុល្លារអាមេរិកទៅ៧០០លានដុល្លារអាមេរិក សម្រាប់ឆ្នាំ ២០១៩-២០២៣។ សកម្មភាពទាំងនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា សាធារណរដ្ឋកូរ៉េជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់ ក្នុង ការចូលរួមចំណែកជួយគាំទ្រដល់ប្រទេសកម្ពុជា»

ក្នុងជំនួបនោះ អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានសម្តែងនូវក្តីសោមនស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានបណ្ឌិត Park Heung-Kyeong ដែលទើបទទួលបានភារកិច្ចបំពេញបេសកកម្មការទូតនៅកម្ពុជា និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលផ្លែផ្កាជាច្រើននេះ ដោយកម្ពុជាមាន សុខសន្តិភាព ជាមួយនឹងស្ថិរភាពនយោបាយ និងស្ថិរភាពនៃម៉ាក្រូសេដ្ឋកិច្ច និងការអនុវត្តដ៏ម៉ឹងម៉ាត់នូវ គោលនយោបាយកំណែទម្រង់នានានៃកម្ពុជា។

អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ក៏បានសម្តែងនូវការកោតសសើរ និងថ្លែងអំណរគុណ ចំពោះលំហូរទុន និងទំហំនៃការវិនិយោគឯកជន ពីប្រទេសកូរ៉េខាងត្បូង ដែលមានចំនួនកើតឡើងជាបន្តបន្ទាប់ ដែលបានចូលរួមអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា ។ អគ្គបណ្ឌិតសភាចារ្យ ក៏ស្នើលោកឯកអគ្គរដ្ឋទូត បន្តជួយសម្របសម្រួល ដើម្បីទាក់ទាញអ្នកវិនិយោគទុនឲ្យបានច្រើនបន្ថែមទៀត។

ជាមួយគ្នានេះ, លោកបណ្ឌិតឯកអគ្គរដ្ឋទូត សូមថ្លែងអំណរគុណចំពោះអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី និងស្ថាប័នពាក់ព័ន្ធ ដែលតែងតែបានផ្តល់នូវកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ រវាងប្រទេសកម្ពុជា-សាធារណរដ្ឋកូរ៉េ នាពេលកន្លងមក។

បណ្ឌិត Park Heung-Kyeong បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដែលបានមកបំពេញបេសកកម្មការទូតនៅកម្ពុជា និងសូមសម្តែងនូវការកោតសរសើរ ដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចបាននូវសមិទ្ធផលផ្លែផ្កាជាច្រើន ជាមួយនឹងកំណើនសេដ្ឋកិច្ចខ្ពស់ និងការរីកចម្រើនស្ទើរគ្រប់វិស័យ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។

បណ្ឌិតឯកអគ្គរដ្ឋទូត ក៏បានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលតាមរយៈកិច្ចសហប្រតិបត្តិការនានាកន្លងមក, កិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ កម្ពុជា-កូរ៉េ បានសម្រេចនូវសមិទ្ធិផលផ្លែផ្កាជាច្រើន ដូចជាកិច្ចព្រម ព្រៀងស្ដីពីការមិនយកពន្ធត្រួតគ្នា រវាងប្រទេសទាំងពីរ ដែលទើបបានចុះហត្ថលេខាថ្មីៗ នៅអំឡុងពេលដែល សម្តេចតេជោនាយករដ្ឋមន្រ្តីអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំលឹក ខួបអនុស្សាវរីយ៍ ទំនាក់ទំនងអាស៊ាន-សាធារណរដ្ឋកូរ៉េ និងកិច្ចប្រជុំកំពូលមេគង្គ-សាធារណរដ្ឋកូរ៉េ នៅសាធារណរដ្ឋកូរ៉េកាលពីចុងខែ វិច្ឆិកា ឆ្នាំ២០១៩កន្លងមកជាដើម។

បណ្ឌិត Park Heung-Kyeong ក៏បានគូសបញ្ជាក់ជូនថា ក្នុងអាណិត្តបំពេញភារកិច្ចការទូតនេះ លោកនឹងបន្តខិតខំពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបន្តការគាំទ្រនូវការផ្តល់ហិរញ្ញប្បទាន សម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ផ្លូវការ (ODA) ទាំងក្នុងក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណង, ឥណទានសម្បទាន, ជំនួយបច្ចេកទេស, និងកម្មវិធីចែករំលែកចំណេះដឹង ជាពិសេសជំរុញការអភិវឌ្ឍវិស័យឯកជននានា ឲ្យកាន់តែរីកចំរើនបន្ថែមទៀត៕